ក្រុង​បាងកក៖ កង​ជ្រមុជទឹក​សង្គ្រោះ​បាន​រំដោះ​ព្រះ​សង្ឃ​ព្រះពុទ្ធ​សាសនា​កំពុង​ធ្វើ​សមាធិ​ពី​ល្អាង​ធំ​លេច​ទឹក​ក្នុង​ប្រទេស​ថៃ​ ក្រោយ​ហេតុ​ការណ៍​ធ្លាប់​កើតឡើង​ចំពោះ​ក្រុម​​បាល់​ទាត់​វ័យ​ក្មេង​ក្នុង​ឆ្នាំ ​២០១៨។

ព្រះ​តេជគុណ ម៉ាណាស ខេកហ្គូ អាយុ ៤៦ ​ឆ្នាំ​ ពេល​កំពុង​ធ្វើ​ធម្មយាត្រា​ ដែលព្រះ​សង្ឃ​និមន្ដ​ចូល​ល្អាង​ភ្នំ​ប្រាសៃង៉ាម ក្នុង​ខេត្ដ​ភិតសាណូលុក ភាគ​ខាង​ជើង​ប្រទេស​ កាល​ពីថ្ងៃ​សៅរ៍​ បំណង​ធ្វើ​សមាធិ។

ព្រះសង្ឃ​ដែល​គ្រង​ស្បង់​ពណ៌​ត្នោត​ធម្មតា បាន​ជាប់​នៅ​ក្នុង​ល្អាង​ភ្នំ​ដោយសារ​ទឹក​ជំនន់​ហក់​ឡើង​ភ្លាម​ៗ រហូត​ដល់​ក្រុម​សង្គ្រោះ​ចូល​ទៅ​សង្គ្រោះ​ព្រះ​អង្គ។

បុគ្គលិក​សង្គ្រោះ វីរ៉ាផុង ចៃហាម បាន​ប្រាប់ AFP កាល​ពីថ្ងៃសៅរ៍​ថា​៖ «​មូលដ្ឋាន​សង្គ្រោះ​បាន​ទទួល​ការ​ជូន​ដំណឹង​កាលពីថ្ងៃ​អង្គារ ដោយ​លោក​អាចារ្យ​ម្នាក់​ដែល​ថា ព្រះ​សង្ឃ​មួយ​អង្គ​បាន​បាត់​ព្រះ​កាយ ហើយ​លោក​សង្ឃឹម​ថា ព្រះ​អង្គ​ប្រាកដ​ជា​និមន្ដ​ចូល​​ល្អាង​តាំង​សមាធិ​»។

​កង​ជ្រមុជ​ទឹក​ត្រូវ​បាន​បញ្ជូន​កាលពីថ្ងៃ​អង្គារ​ តែ​បាន​ជួប​នូវ​បញ្ហា​លំបាក។

លោក​បាន​និយាយ​ថា​៖ «​មាន​ចម្រឹង​ថ្ម​ជា​ច្រើន​នៅ​ក្នុង​ល្អាង​ភ្នំ​នោះ​ ដែល​ពិបាក​ដល់​ប្រតិបត្ដិការ​ជ្រមុជ​ទឹក​ចូល។ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ខំ​ពួកគេ​ឱ្យ​បោះ​បង់​ការ​ប៉ុន​ប៉ង​»។

នៅថ្ងៃពុធ ពួកគេ​បើក​ប្រតិបត្ដិការ​ជា​លើក​ទី២ ដែល​មាន​ក្រុម​ការងារ ១០០ ​នាក់។ ក្រុមតូច​មួយ​បាន​ចូល​ទៅ​ដល់​ព្រះ​សង្ឃ​គង់​នៅ​ និង​បាន​ផ្ដល់​ភួយ​កៅស៊ូ​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ ខណៈ​ពួកគេ​ត្រួតពិនិត្យ​ព្រះ​សុខភាព។

លោក វីរ៉ាផុង បាន​បន្ដ​ថា​៖ «​កម្ពស់​ទឹក​បាន​ស្រក​នៅ​ថ្ងៃ​បន្ទាប់ ដែល​យើង​មិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​ល្អាង​ឡើយ​»។

លោក​បាន​បន្ថែម​ថា ព្រះ​សង្ឃ​មាន​ជំនាញ​ខាង​ហែល​ទឹក ធ្លាប់​ជ្រមុជទឹក​ដ៏​ប៉ិន​ប្រសប់ និង​អាច​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​កង​សង្គ្រោះ។ ព្រះ​សង្ឃ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​អាការ​ផ្ដាសាយ​តិច​តួច ហើយ​បុគ្គលិក​ពេទ្យ​នឹង​បន្ដ​ត្រួតពិនិត្យ​សុខភាព​ព្រះ​សង្ឃ។

ករណី​នេះ​បាន​ទាក់ទាញ​ឱ្យ​មាន​ការ​ប្រៀប​ធៀប​ជាមួយ​ក្រុម​បាល់​ទាត់​ដ៏​ល្បី​ល្បាញ «ជ្រូក​ព្រៃ​» ដែល​បាន​ឡើង​ទំព័រ​មុខ​កាសែត​ទូទាំងពិភពលោក​ក្នុង​ឆ្នាំ​២០១៨។

ក្រោយ​ជួប​ទពិសោធ​អាក្រក់ ១៨​ ថ្ងៃ ក្រុម​បាល់​ទាត់​សមាជិក ១២​ នាក់​ និង​គ្រូ​បង្វឹក​ត្រូវបាន​សង្គ្រោះ​ដោយ​មាន​សុវត្ថិភាព​ពី​ល្អាង​ថាមលួង ភាគ​ខាង​ជើង​ប្រទេស​ថៃ​ ក្រោយ​ពី​បេសកកម្ម​សង្គ្រោះ​ពី​បរទេស​ និង​កងនាវា​ថៃ។

ក្រុម​បាល់​ទាត់​បាន​ក្លា​យជា​ក្រុម​ល្បី​ឈ្មោះ​ និង​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​តាំងពី​ហេតុ​ការណ៍​នោះ​កើត​ឡើង។

សកម្មភាព​សង្គ្រោះ​ក៏​បាន​ទាញ​ទាញ​ផលិតករ​ភាព​យន្ដ​ជា​ច្រើន​មាន​បំណង​ផលិត​ជា​ភាពយន្ដ​អំពី​ប្រតិបត្ដិការ​សង្គ្រោះ តាម​រយៈ​ Netflix ដែលបាន​រៀបរាប់​សាច់​រឿង​លម្អិត។

ភាពយន្ដ​មួយ​ផ្សេង​ទៀត «​The Cave» បាន​ដាក់​បញ្ចាក់​តាម​រោង​ភាពយន្ដ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​លើ​កិច្ច​ការ​សង្គ្រោះ​ និង​ថែមទាំង​ផ្ដោត​លើ​អ្នក​ជ្រមុជទឹក​បរទេស​ម្នាក់​ផង​ដែរ៕ AFP/HR