ភ្នំពេញៈ ក្រោយពី​ផ្ទុះ​ការរិះគន់​ជាច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​ទៅ​លើ​ការលួចចម្លង​នូវ​ចម្រៀង​មរតក​ដើម​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» របស់​កវី​ម្ចាស់​ដងស្ទឹង​សង្កែ​លោក គង្គ ប៊ុនឈឿន ពី​សំណាក់​ផលិតកម្ម​សាន់ដេ​នៅ​ថ្ងៃទី​ ១៥ ខែ​មីនា លោកស្រី តាត គឹមលន ភរិយា​កវី​ជើងចាស់ គង្គ ប៊ុនឈឿន បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ក្នុង​គោលបំណង​ប្រារព្ធ​ខួប​ ៣ ​ឆ្នាំ​របស់​ស្វាមី និង​ស្វែងរក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ពី​ការលួច​ចម្លង​ស្នាដៃ​ដោយ​គ្មាន​ការអនុញ្ញាត​។

លោកស្រី តាត គឹមលន អាយុ ៧៦ ឆ្នាំ​បាន​ប្រាប់​ឲ្យ ភ្នំពេញ​ប៉ុស្តិ៍ ដឹង​ថា​៖ «​បញ្ហា​ចម្រៀង​ខ្ញុំ​ពឹង​ទៅ​លើ​ក្រសួង​វប្បធម៌​ទុក​ឲ្យ​គាត់​សម្រេចចិត្ត​ចាត់​ការ​ការងារ​នេះ​។ ចំពោះ​ខ្ញុំ​រឿង​លុយ​កាក់​ជា​សំណង​មិន​សំខាន់​ជាង​សំណង​ផ្លូវចិត្ត​ស្នាដៃ​របស់​អ្នកនិពន្ធ​ដែល​មាន​ទេ​។ ខ្ញុំ​មាន​ការឈឺចាប់​ណាស់​។ ខ្ញុំ​ហួស​ចិត្ត​ព្រោះ​ក្មេង​សម័យ​នេះ​គេ​ធ្វើ​ដូច​លេងសើច​ធ្វើឲ្យ​បាត់បង់​អស់​កេរដំណែល​ស្នាដៃ​ជំនាន់​មុន​ដ៏កម្រ​ដែល​យើង​មិន​អាច​ធ្វើ​បាន​»​។

កន្លង​ទៅ​អ្នកនិពន្ធ​ទំនុកច្រៀង និង​អ្នក​សម្រួល​បទភ្លេង​របស់​ផលិតកម្ម​សាន់ដេ បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​សុំទោស​ជា​សាធារណៈ និង​ព្រម​ទទួល​យក​កំហុស​ដោយ​បាន​លុប​បទចម្រៀង​ចម្លង​មាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» ដែល​ច្រៀង​ដោយ នាយចឺម ចេញ​ពី​យូធូប និង​ផលិតកម្ម​ខ្លួន​។

បទចម្រៀង​ដែល​ត្រូវ​បាន​សាន់ដេ​ដក​ចេញ​ពី​យូធូប និង​ផលិតកម្ម​។ រូបថត Youtube

ប៉ុន្តែ​ទាក់ទង​នឹង​ការ​សុំទោស​ពី​ផលិតកម្ម​សាន់ដេ ភរិយា​លោក គង្គ ប៊ុនឈឿន បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​អាច​ទទួល​យក​ការ​សុំទោស​បាន​ទេ​ព្រោះ​សុំទោស​នេះ​លក្ខណៈ​ខ្លាច​អន់​»​។

មក​ដល់​ពេល​នេះ​ស្នាដៃ​របស់​លោក គង្គ ប៊ុនឈឿន ដែល​បាន​ចុះបញ្ជី​គ្រប់គ្រង​មាន​ចំនួន ៤១ ​បទ និង​ត្រៀម​ដាក់​រៀបចំ​ឯកសារ​ដាក់​បញ្ចូល​បន្ថែម​ទៀត​។

ចំណែក​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» គឺ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គ្រួសារ​របស់​លោក គង្គ ប៊ុនឈឿន ឡើយ ខណៈ​ដែល​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​។ ដូចនេះ​បទ «​នឹក​ភូមិ​ភ្នំ​ធំ​» ស្ថិត​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា​៖ «​ផលិតកម្ម​សាន់ដេ​បាន​រំលោភបំពាន​លើ​សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នកនិពន្ធ​យក​បទ​ហ្នឹង​ផលិត​ឡើង​វិញ​ឲ្យ​អ្នកចម្រៀង​ថ្មី​ច្រៀង​ឡើង​វិញ​មិន​មាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​រំលោភ​លើ​សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ​គឺ​មិន​គោរព​ឋានៈ​ឈ្មោះ​របស់​អ្នកនិពន្ធ​។ ដូចនេះ​ក្រសួង​វប្បធម៌​កំពុង​តែ​ដំណើរ​នីតិវិធី​ប្រមូល​ភ័ស្តុតាង​ទាំងអស់​ដែល​អាច​នឹង​កោះហៅ ឬ​រៀបចំ​នីតិវិធី​ប្តឹង​តែ​ម្តង​ព្រោះ​ក្រសួង​ជា​ម្ចាស់​កម្មសិទ្ធិ​»​។

ចំណែក​លោកស្រី តាត គឹមលន អះអាង​ថា​បើ​លោកស្រី​មិន​ធ្វើ​បែប​នេះ​ទេ​គឺ​អ្នកសិល្បៈ​ជំនាន់​ថ្មី​នឹង​មិន​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយ​នឹង​នៅ​តែ​ចាំ​ចម្លង​ស្នាដៃ​ពី​អ្នក​ដទៃ​ជានិច្ច​ដោយ​មិន​គិត​វប្បធម៌​ជាតិ និង​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​ឡើយ​។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការស្រាយ​បំភ្លឺ​ពី​ម្ចាស់​ផលិតកម្ម​សាន់ដេ លោក ឡាយ សុខចំរើន កាលពី​ចុង​សប្តាហ៍​ដោយ​លោក​បាន​ឆ្លើយ​ថា​ជាប់រវល់​ប្រជុំ​៕

វីដេអូ៖