ភ្នំពេញៈ ទីបំផុតភរិយាតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត បានសម្រាលបុត្រីទី ៣ ហើយកាលពីសៀលថ្ងៃចន្ទ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយការវះកាត់ នៅឯមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ នាវេលាម៉ោង ៣ និង ២៣ នាទី។
លោក ខេមរៈ សិរីនមន្ត ថ្លែងទាំងអារម្មណ៍ត្រេកអរប្រាប់ថា៖ «នេះជាកូនស្រីទី ៣ របស់ខ្ញំ និងភរិយា មានឈ្មោះថា ថុន ខេមរៈមន្តរាជិនី ក្រោយពីយើងមានកូន ២ រួចមកហើយ គឺកូនប្រុសច្បងឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ ៥ ឆ្នាំ និងកូនស្រីទី ២ ឈ្មោះ ខេមរៈ ស្រ្តី មានវ័យ ២ ឆ្នាំ ហើយ។ ពិតជាសប្បាយចិត្តខ្លាំងណាស់ សម្រាប់ក្រុមគ្រួសារមួយនេះ ជាពិសេសកូនទាំង ៣ ជាទីស្រឡាញ់»។
តារាចម្រៀងប្រុស ដែលជាចំណូលថ្មីនៃទ្រនំហង្សមាស និងអតីតជាតារាចម្រៀងកំពូលនៅទ្រនំសាន់ដេ លោក ខេមរៈ សិរីមន្ត ទើបតែបានដឹងព័ត៌មានផ្ទាល់ខ្លួននៃក្រុមគ្រួសារលោក នាពេលថ្មីៗនេះទេ ខណៈកន្លងមកលោកមិនហ៊ានបង្ហើបឲ្យដឹងពីប្រវត្តិខ្លួន និងបានលាក់ជិត ១០ ឆ្នាំ មកនោះ។
គួរបញ្ជាក់ថា តារាចម្រៀងប្រុស ដែលល្បីដោយសារមានទឹកដមសំឡេងធ្ងន់ មានឈ្មោះពិតថា ខេម ប៊ុនថៃ ឬបានហៅក្នុងសិល្បៈ ខេមរៈ សិរីមន្ត បានរៀបការនៅឆ្នាំ ២០០៩ ជាមួយនឹងភរិយាឈ្មោះថា ផល្លី៕