ក្រុងសេអ៊ូល: កីឡដ្ឋាន Stade de France ក្រុង​ប៉ារីស​ទទួល​មហាជន​ពេញ​។ ពួកគេ​សុទ្ធតែ​យុវវ័យ​ដែល​ពាក់អាវ​គ្រប​មួក មួក​ត្រចៀក​ទន្សាយ​ចម្រុះ​ពណ៌ និង​អាវ​ភ្លៀង ខណៈ​មេឃ​ចាប់ផ្ដើម​បង្អុរ​ភ្លៀង​។

ក្នុង​វេលា​បាញ់​ផ្សែង​អ័ព្ទ ក្រុម​ចម្រៀង BTS បាន​បង្ហាញ​ខ្លួន​លើ​វេទិកា​តន្ដ្រី​ពីក្រោយ​ប៉ឺតប៉ោង​ខ្លាលីអូយក្ស ២ ​ក្បាល​។ គ្រង​ឈុត​ពណ៌​ស ពួកគេ​លោត​តាម​ចង្វាក់​តន្ដ្រី​ពេញនិយម «Dionysus» ដើម្បី​ផ្ដល់​ការកម្សាន្ដ​ដល់​អ្នក​គាំទ្រ​កំពុង​មមាញឹក​លើក​កាមេរ៉ា​ទូរស័ព្ទ​ថត និង​បាញ់​ពន្លឺភ្លើង​ច្រូងច្រាង​។

វា​ជា​សញ្ញា​ចាប់ផ្ដើម​សម្រាប់​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​សមាជិក ៧ ​នាក់​កំពុង​បំពេញ​បេសកកម្ម​ទេសចរណ៍​តន្ដ្រី «Love Yourself: Speak Yourself» បាន​មក​ដល់​ទីក្រុង​ប៉ារីស​រយៈពេល ២ រាត្រី​កាលពី​ចុង​សប្ដាហ៍​មុន ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​ទីក្រុង​ឡូសអេនជឺលេស ស៊ីកាហ្គោ និង​កីឡដ្ឋាន Wembley ជា​និមិត្តរូប​ទីក្រុង​ឡុងដ៍​។

លោក Ben Beaumont-Thomas ជា​ការីនិពន្ធ​ផ្នែក​តន្ដ្រី​នៃ​កាសែត The Guardian របស់​អង់គ្លេស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ក្រុម BTS បាន​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​នៅ​បស្ចិមប្រទេស​ដោយ​គ្មាន​ក្រុម​ចម្រៀង​អាស៊ីណា​ធ្លាប់​បង្កើត​ប្រវត្ដិសាស្ដ្រ​នេះ​ឡើយ​»​។

ក្រុម​អ្នកគាំទ្រ​ហ៊ោកញ្ជ្រៀវ​ពេល​ទស្សនា​ការប្រគំ​តន្ត្រី​ក្រុម BTS​។ រូបថត AFP

លោក​លើក​ហេតុផល​ថា​៖ «​ការស្ដាប់​តន្ដ្រី​អន្ដរជាតិ​កាន់តែ​ងាយស្រួល​ធ្វើឲ្យ​អ្នកគាំទ្រ​ស្ដាប់​ចូល​នឹង​បទចម្រៀង​មិនមែន​ភាសា​អង់គ្លេស​។ ការធុញទ្រាន់​នឹង​ចម្រៀង​បរទេស​លែង​ជា​ឧបសគ្គ​សម្រាប់​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​»​។

ភាពជោគជ័យ​របស់​ក្រុម​ចម្រៀង​បុរស​ទាំង​នេះ​អាច​ឈរ​លើ​មូលហេតុ​មួយ​ផ្នែក​ដោយសារ​នៃ​ការបញ្ជ្រាប​វប្បធម៌​តាមរយៈ​ឧស្សាហកម្ម​នាំចេញ​របស់​កូរ៉េ​ខាង​ត្បូង​កើនឡើង​ដូចជា សម្លៀកបំពាក់ គ្រឿងសម្អាង និង​ម្ហូបអាហារ និង​ភ្ញៀវទេសចរ​ផង​ដែរ​។

ទំនាក់ទំនង​យ៉ាង​ស្អិតរមួត​រវាង​ក្រុម​ចម្រៀង និង​អ្នកគាំទ្រ​ដែល​ជោរជន់​ពេញ​បណ្ដាញ​សង្គម​ជាមួយ​រូបភាព​សែលហ្វី វីដេអូ និង​សំណេរ​ភាសា​កូរ៉េ និង​អង់គ្លេស​បាន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ហៅ​ពួកគេ​ថា «​ទាហាន​»​។

ក្រុមចម្រៀង​ច្រៀង​ភាសា​កូរ៉េ តែ​មិន​បាន​បង្អាក់​ចិត្ដ​អ្នកគាំទ្រ​ខិត​ស្រែកច្រៀង​តាម​នោះ​ទេ ដោយ​បទចម្រៀង​ត្រូវ​បាន​បញ្ចូល​ពាក្យពេចន៍​អង់គ្លេស ហើយ​វីដេអូ​យូធូប​របស់​ពួកគេ​ក៏​បាន​បកប្រែ​ផង​ដែរ​។

ភីឡែរ បុគ្គលិក​រោងចក្រ​ផលិត​រថយន្ដ​វ័យ ២២ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​វីដេអូ​តន្ដ្រី​របស់​ពួកគេ​បាន​ផ្ដល់​នូវ​ភាពរីករាយ​ប្រចាំ​ថ្ងៃ​ដល់​ពួកយើង​។ ខ្ញុំ​ចូលចិត្ដ​សារ​ក្នុង​បទចម្រៀង​របស់​ពួកគេ​។ ពួកគេ​ច្រៀង​អំពី​អ្វីៗ​គ្រប់​យ៉ាង​ចាប់ពី​បញ្ហា​ធ្លាក់​ទឹកចិត្ដ​រហូត​ដល់​វិបត្ដិ​ក្នុង​គ្រួសារ និង​ការ​មាក់ងាយ​ជាដើម​»៕ HR