ក្រុងសេអ៊ូល៖ ភាពយន្ដ​ដំបូង​ស្ដីពី​រឿង​រ៉ាវ​ការ​ជួយ​សង្គ្រោះ​ក្រុម​បាល់​ទាត់​វ័យ​ក្មេង និង​គ្រូ​បង្វឹក​ចំនួន​ ១២ នាក់ ​ពី​​ក្នុង​ល្អាង​ភ្នំ​ថៃ​ បាន​ដាក់​បញ្ចាំង​​លើក​ដំបូង​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បុរស​ម្នាក់​ក្នុង​ចំណោម​ទស្សនិកជន​ជា​អ្នក​បាន​ជួប​បទពិសោធ​ដ៏​រន្ធត់​នោះ។

ជា​អ្នក​សង្គ្រោះ​ក្នុង​ហេតុការណ៍​នោះ លោក​ ជីម វ៉ានី បាន​ប្រាប់ AFP ថា​៖ «​ពិបាក​ក្នុង​អារម្មណ៍​ណាស់ បើ​រំឭក​ព្រឹត្ដិការណ៍​ឡើង​វិញ​​ តែ​វា​ក៏​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រញ្ជួយ​អារម្មណ៍​ និង​ធូរ​ទ្រូង ពេល​គ្រោះ​អាក្រក់​នោះ​បាន​កន្លង​ហួស​»។

ជនជាតិ​បែលហ្ស៊ិក​រស់នៅ​ប្រទេស ​អៀរឡង់ ​រូប​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ការងារ​អ្នក​មុជ​ទឹក​អន្ដរជាតិ​ដោយ​ចូល​សង្គ្រោះ​ ដែល​បាន​យក​ក្រុម​បាល់​ទាត់​ជ្រូក​ព្រៃ និង​គ្រូ​បង្វឹក​ចេញ​ពី​ល្អាង​ថាមលួង​ណាងណុន កាល​ពី​ឆ្នាំ​មុន ហើយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មហោ​ស្រព​ភាពយន្ដ​​អន្ដរជាតិ​ក្រុង​ប៊ូសាន​ សម្រាប់​ការ​ដាក់​បញ្ចាំង​ភាពយន្ដ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​រឿង​​ «The Cave»។

លោក វ៉ានី បាន​សម្ដែង​ផ្ទាល់​ក្នុង​ភាពយន្ដ​នេះ​ និង​បាន​និយាយ​ថា បទពិសោធ​សម្ដែង​ក្នុង​ភាពយន្ដ​ជា​លើក​ដំបូង​របស់​លោក ពិត​ជា​មិន​ឆ្ងាយ​ពី​តថភាព​ពិត​​ទេ។

រូបភាព​ពីខ្សែភាពយន្ត​រឿង The Cave។ រូបថត AFP

ដឹកនាំ​ដោយ​ផលិតករ​កូន​កាត់​ថៃ-អៀរឡង់​ ថម វ៉ុលល័រ ភាពយន្ដ​ «ល្អាង​» រៀប​រាប់​ពី​ហេតុការណ៍​កើត​ឡើង​ចំពោះ​កុមារា​ថៃ​ជាប់​ក្នុង​ល្អាង​រយៈពេល ១៨ ថ្ងៃ​។ លោក វ៉ានី ទើប​បាន​វិល​ត្រឡប់​ទៅ​ជួប​ក្រុម​គ្រួសារ​ និង​ធ្វើ​ការងារ​ជា​ជាង​អេឡិចត្រូនិក​នៅ​ប្រទេស ​អៀរឡង់​ ដោយ​លោក​មមាញឹក​នឹង​ការ​លើក​ទូរស័ព្ទ​ពី​​​ផលិតករ​ភាពយន្ដ អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍ និង​អ្នក​កាសែត​។

ខ្សែ​ភាពយន្ដ​របស់​ វ៉ុលល័រ ផ្ដោត​សំខាន់​លើ​កិច្ចការ​សង្គ្រោះ​ដ៏​ប្ដូរ​ផ្ដាច់​ជា​ជាង​ផ្ដោត​លើ​​ក្មេងៗ​ និង​គ្រូ​បង្វឹក​ ដែល​ជាប់​ក្នុង​ល្អាង​នោះ។

របាយការណ៍​ជា​ច្រើន​បាន​រាយការណ៍​ថា ពួក​គេ​ត្រូវ​បាន​ផ្ដល់​ប្រាក់​ជាង ១០ ម៉ឺន​ដុល្លារ​ម្នាក់​ ហើយ​ក៏​មាន​ការ​ថត​ជា​ឯកសារ​ក្នុង​កម្មវិធី​ទូរទស្សន៍ National Geographic ដោយ​សហការ​ជាមួយ​ក្រុម​ការងារ​ដែល​បាន​ស្ទួយ​ឲ្យ​ភាពយន្ដ «Free Solo» ជាប់​​ពាន​អូស្ការ។

ភាពយន្ត​​រឿង «ល្អាង» គ្រោង​ដាក់​បញ្ចាំង​នៅ​ប្រទេស ថៃ ​ថ្ងៃទី ២៨ ខែ ​វិច្ឆិកា ​និង​បន្ដ​ទៅ​កាន់​ទីផ្សារ​ភាពយន្ដ​ដទៃ​ទៀត​៕ AFP/HR

រូបភាពដកស្រង់ពីឈុត​ឆាក​នៃ​ភាពយន្ត​រឿង The Cave ដែល​ទើបបញ្ចាំង​នៅមហោស្រពភាពយន្ត​ប៊ូសាន​។ រូបថត AFP