ភ្នំពេញ៖ នាឱកាសប្រារព្ធកម្មវិធីមហោស្រពភាពយន្តឡាវហ្លួងព្រះបាង លើកទី១០ នៅឆ្នាំ ២០២០ (LPFF) មានខ្សែភាពយន្តបែប Feature Film ចំនួន ២៤ រឿង និងភាពយន្តខ្លី Short Film ចំនួន ១០ រឿង នៃបណ្ដាយប្រទេសក្នុងតំបន់អាស៊ានត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងនៅដើមខែធ្នូ សប្តាហ៍ក្រោយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នករៀបចំមហោស្រពភាពយន្តហ្លួងព្រះបាងនៅក្នុងចំណោមខ្សែភាពយន្ត ៣៤ រឿងនៃ ២ ប្រភេទ រឿងគេឃើញមានខ្សែភាពយន្តខ្មែរចំនួន ៥ រឿងជាប់ក្នុងជម្រើសភាពយន្តយកទៅចាក់បញ្ចាំងនៅសប្តាហ៍ក្រោយនោះដែរ គឺមានភាពយន្តបែប Feature Film ចំនួន ២ រឿង និងភាពយន្តខ្លី Short Film ចំនួន ២ រឿង រីឯ ១ រឿងទៀត គឺជាខ្សែភាពយន្តជា Feature Film ដែលសហការផលិតពីបណ្តាប្រទេសជាសមាជិកនៃតំបន់ទន្លេមេគង្គ (កម្ពុជាឡាវមីយ៉ាន់ម៉ា ថៃ និង វៀតណាម) ដែលមានចំណងជើងថា «MEKONG 2030»។
ជាទូទៅកម្មវិធីមហោស្រពភាពយន្តឡាវហ្លួងព្រះបាងតែងប្រារព្ធធ្វើប្រចាំឆ្នាំហើយបានចេញសេចក្តីសម្រេចជ្រើសរើសយកខ្សែភាពយន្តទាំងឡាយនៃបណ្តាប្រទេសចូលរួមមានចំនួន ៩ ប្រទេស ដោយរាប់បញ្ចូលទាំងប្រទេសសមាជិកអាស៊ានមួយចំនួន។
ជាមួយនេះដែរមហោស្រពភាពយន្តឡាវហ្លួងព្រះបាង ឆ្នាំ ២០២០ នេះ ក៏មានយកខ្សែភាពយន្តដែលបានជាប់ពានរង្វាន់មកបញ្ចាំងដែរ មានដូចជារឿង Buoyancy ជាវណ្ណកម្មរបស់អ្នកនិពន្ធជាតិអូស្រ្តាលីអ្នកស្រី Fiona Williams និង តួសម្តែងជាជនជាតិខ្មែរដោយសាច់រឿងនិយាយពីបញ្ហាជីវិតនៃទាសភាពរបស់ពលករធ្វើការនៅក្នុងវិស័យនេសាទអន្តរជាតិ។
ក្រៅពីនេះ ក៏មានខ្សែភាពយន្តថៃ រឿង Manta Ray និងខ្សែភាពយន្តឥណ្ឌូនេស៊ីរឿង kOsOng ជាប្រភេទភាពយន្តឯកសារស្ដីពីជីវិតស្រ្តីជនជាតិឥណ្ឌូនេស៊ីចំនួន ៥ រូប រស់នៅតំបន់កោះជ្វា ដែលប្រឈមនឹងបញ្ហាសង្គម ព្រោះតែគ្មានកូន។ បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ កម្មវិធីមហោស្រពភាពយន្តឡាវហ្លួងព្រះបាង ឆ្នាំនេះ នឹងធ្វើនៅថ្ងៃទី ៤-១០ ខែ ធ្នូ ឆ្នាំ ២០២០។
មហោស្រពភាពយន្តឡាវហ្លួងព្រះបាងនេះ គាំទ្រដោយនាយកដ្ឋានព័ត៌មានវប្បធម៌ និងទេសចរណ៍ហ្លួងព្រះបាងមូលនិធិ Asia Foundation ស្ថានទូតប្រទេសលុចសំបួប្រចាំប្រទេសឡាវ។ ការចូលរួមសម្រាប់ឆ្នាំនេះ គួរឱ្យកត់សម្គាល់ចំណោមវណ្ណកម្មភាពយន្តចំនួន ១២ រឿងរបស់ឡាវមានផលិតករស្រ្តីទាំងអស់ដោយមានចំនួន ៨ រូប ជាផលិតករមានស្នាដៃដំបូង និង ៣ រូប មានបទពិសោធ និងទទួលមូលនិធិពី Lao Filmmakers Fund មានរឿង Expiration Date រឿង The Long Walk និង រឿង In the Shadows។
ដោយឡែកខ្សែភាពយន្តខ្មែរវិញ មាន ៥ រឿង ដែលនឹងបង្ហាញខ្លួននៅរោងភាពយន្តក្នុងប្រទេសឡា វ នាឱកាសប្រារព្ធកម្មវិធីមហោស្រពភាពយន្តឡាវហ្លួងព្រះបាង ក្នុងឆ្នាំ ២០២០ នេះដែរ នៅក្នុងនោះមានភាពយន្តរឿងបែប Feature Film ចំនួន ២ រឿង គឺរឿងនាឡិកា ឬ The Clock: Spirits Awakening ដែលជាវណ្ណកម្មផលិតកម្ម LD របស់លោក លៀក លីដា និង រឿង Last Night I Saw You Smiling ខណៈភាពយន្ត Short Film ចំនួន ២ រឿង គឺរឿង California Dreaming និងរឿង A Fallen Fruit ហើយភាពយន្ត ១ ទៀត គឺជាខ្សែភាពយន្តដែលមានការសហការផលិតពីបណ្តាប្រទេសជាសមាជិកតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម) ដែលមានចំណងជើងថា «MEKONG 2030» ៕