ភ្នំពេញ: បេន (សម្ដែង​ដោយ ដា​វីដ ក្រូ​ស) ជា​និស្សិត​អាល្លឺម៉ង់ ដែល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ក្រោយ​បញ្ចប់​ការ​សិក្សា ហើយ ស្រី​កែវ (សម្ដែង​ដោយ​តារា​ស្រី​ថៃ អាពីន​យ៉ា សាគុល​ចារឿន​ស៊ុក) ជា​តួ​នារី​ខ្មែរ អាយុ ២១ ឆ្នាំ ជា​បុគ្គលិក​បម្រើការ​ក្នុង​បារ៍​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ អ្នក​ទាំង ២ បាន​ជួប​គ្នា​ក្នុង​ក្លិប​រាត្រី​មួយ និង​ផ្ដើម​ស្រឡាញ់​គ្នា​ជា​គូ​សង្សារ។

ក្រោយពី បេន ត្រឡប់ទៅផ្ទះ​វិញ ស្រី​កែវ បាន​ឆ្លើយឆ្លង​វីដេអូ​តាម Skype និង​បាន​ប្រាប់​ថា នាង​ផ្ទុក​មេរោគ​ហ៊ីវ អេដស៍។ ឮ​បែប​នេះ បេន ប្រញាប់​ធ្វើ​ដំណើរ​មក​ជួយ​នាង។ ពេល​នោះ យុវជន បេន បាន​មើល​ពី​ពិភព​ដែល​មនុស្ស​គ្រប់​រូប​មិន​សុទ្ធ​តែ​មាន​តម្លៃ​ស្មើគ្នា និង​ទី​ដែល​ត្រូវការ​កម្លាំង​ចិត្ដ​ដ៏​ពិត​ប្រាកដ។ នេះ​ជា​ដំណើរ​រឿង​រ៉ាវ​សេ្នហា​ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​ភាពយន្ដ​របស់​កវី បេន​ចាមីន ព្រូហ្វ័រ។

ភាពយន្ដ​អាល្លឺម៉ង់​ដែល​ដកស្រង់​ពី​ជីវិត​ស្នេហា​ពិត​រឿង «Same Same But Different» ផលិត​ក្នុង​ឆ្នាំ ២០០៩ រយៈពេល ១០៧ នាទី នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​ជាថ្មី​នៅ​ផ្ទះ​មេត្តា ឬ Meta House ជា​ផ្នែក​មួយ​នៃ​ភាពយន្ដ​ដ៏​ល្អ​បំផុត​ដែល​បង្ហាញ​ពី​កម្ពុជា។

លោក Nicolaus Mesterharm នាយក​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​ថា៖ «Meta House ដាក់​បញ្ចាំង​ភាពយន្ដ​ល្បីៗ​បំផុត ដែល​បង្ហាញ​ពី​តថ​ភាព​នៅ​កម្ពុជា​នា​សម័យ​ទំនើប។ «Same Same But Different» ជា​ភាពយន្ដ​មួយ​ក្នុង​ចំណោម​ការ​បញ្ចាំង​ភាពយន្ដ​ស្ដី​ពី​កម្ពុជា​ជាច្រើន​ទៀត»។

ដាវីដ ក្រូស និង អាពីនយ៉ា ជា​តួអង្គ​សំខាន់​ក្នុង​រឿង​។ សហការី

៩ ឆ្នាំ​ក្រោយពី​សម្ពោធ​ការចាក់​បញ្ចាំង ចុង​សប្ដាហ៍​នេះ ផ្ទះ​មេត្តា បាន​ជ្រើស​រើស​ភាពយន្ដ​អាល្លឺម៉ង់-ខ្មែរ «Same Same But Different» មក​ដាក់​បញ្ចាំង​ជាថ្មី ដោយសារ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិក​ជន និង​ជា​គម្រោង​ដ៏​ធំ​ដំបូង​របស់​អាល្លឺម៉ង់។

លោក Nicolaus បាន​បន្ដថា៖ «វា​គឺជា​ភាពយន្ដ​ដ៏​ល្អ ហើយ​វា​ក៏​ជា​គម្រោង​ភាពយន្ដ​ដ៏​ធំ​បំផុត​ដែល​បាន​ផលិត​នៅ​កម្ពុជា​នេះ។ ផ្ទះ​មេត្តា គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ផលិត។ យើង​យល់​ថា សារ​ក្នុង​ភាពយន្ដ​បែប​មនោ​សញ្ចេតនា​នៅ​តែ​មាន​ឥទ្ធិពល និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នេះ​ជា​មូលហេតុ ដែល​ផ្ទះ​មេត្តា បន្ដ​បញ្ចាំង​វា​ច្រើន​លើក​ច្រើន​សា​ទៀត»។

លោក ដា​វីដ ក្រូ​ស ជា​តួអង្គ​ឈ្មោះ បេន ធ្លាប់បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​បាន​និយាយ​ថា៖ «ពិត​ជា​ខុស​ប្លែក​ឆ្ងាយ​ខ្លាំង​ណាស់។ យើង​ត្រូវ​ចេះ​បត់​បែន ហើយ​ត្រូវការ​ភាព​រហ័ស​រហួន។ ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​បទពិសោធ​ថ្មី​ទាំង​នេះ។ ខ្ញុំ​បាន​ឃើញ​ទីតាំង​មួយ​ចំនួន ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ​ក្នុង​នាម​ជា​ភ្ញៀវទេសចរ»។

បើទោះបីជា​រឿង «Same Same But Different» នេះ​ត្រូវ​បានដាក់​បញ្ចាំង​ជាច្រើនលើក​ច្រើន​សា​នៅ​ផ្ទះ​មេត្តា ក៏​វា​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយ​មហាជន​ចូល​ទស្សនា​ឥត​ឈប់​ឈរ។

តួសម្ដែងភាពយន្ត​ ​និង​ក្រុមគ្រួសារ​​​ខ្មែរអាល្លឺម៉ង់។ សហការី

នាយក​ផ្ទះ​មេត្តា Nicolaus បាន​បញ្ជាក់ថា៖ «រឿងនេះ​ត្រូវ​បានដាក់​បញ្ចាំង​ជាង ៥០ ដង​ទៅ​ហើយ​ហើយ​វា​នៅ​តែ​ទទួល​បាន​អ្នក​ទស្សនា​ច្រើន។ រាល់​ការ​បញ្ចាំង​នីមួយៗ មិន​គិត​ប្រាក់​ពី​មហាជន​ឡើយ»។

ចំពោះ​មតិ​រិះគន់​លើ​ការ​រើស​តួ​សម្ដែង​ស្រី​ថៃ​ជំនួស​ខ្មែរ​នោះ ផលិតករ​អាល្លឺម៉ង់ Detlev Buck ធ្លាប់​ប្រាប់​ថា៖ «Tom Cruise ក៏​ធ្លាប់​សម្ដែង​ជា​តួ​វីរបុរស​អាល្លឺម៉ង់​ដែរ ក្នុង​រឿង Valkyrie។ អនាគត​ទៅ អាស៊ី​ត្រូវ​តែ​ជា​សកល​លោក មិន​មែន​ត្រឹម​ថ្នាក់​ជាតិ​នោះ​ទេ»។

«Same Same But Different» នឹងដាក់​បញ្ចាំង​នៅ​ថ្ងៃទី១៥ ខែធ្នូ ម៉ោង ៧ យប់​ដោយ​ឥត​គិត​ថ្លៃ​នៅ Meta House ផ្ទះ​លេខ ៣៧ ផ្លូវ​សុធារស រាជធានី​ភ្នំពេញ៕