ភ្នំពេញ៖ ភាពយន្តឯកសារចំនួន ៧ ជាវណ្ណកម្មរបស់ក្រុមយុវជនមកពីតំបន់ខេត្តឆ្ងាយៗ នៃប្រទេស កម្ពុជា រួមមានខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងបន្ទាយមានជ័យក្រោមគម្រោងមួយថា «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង» នឹងចាក់បញ្ចាំងជូនសាធារណជនទស្សនាជាលើកដំបូង នាល្ងាចនេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា។
គម្រោងដែលមានឈ្មោះថា «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង» ទទួលបានការឧបត្ថម្ភពី VOICE តាមរយៈអង្គការអុកស្វាមកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមូលនិធិ Heinrich Boll និងចូលរួមសហការពី Cambodia Film Commission (CFC) ខណៈគម្រោងដំបូងនេះ គឺចង់បណ្តុះបណ្តាលដល់យុវជនខ្មែរប្រើចំណេះដឹង និងជំនាញផ្នែកផលិតកុនឯកសារ ដើម្បីជួយដល់សហគមន៍ផ្ទាល់ពួកគេ ដែលផ្តោតសំខាន់ទៅលើបញ្ហាសង្គមនានា ជាពិសេសនោះបញ្ហាសុខុមាលភាពមាតា និងកូនរបស់ស្ត្រីនៅសហគមន៍ទាំង ៣ ខេត្ត។
លោក ជា សុភាព ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ភាពយន្តឯកសារចំនួន ៧ ដែលនឹងចាក់បញ្ចាំងជូនទស្សនាជាលើកដំបូងនៅថ្ងៃទី ១០ ខែមករា នេះ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ ភាពយន្តទាំងនេះ នឹងលើកឡើងអំពីបញ្ហារបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលរងការរើសអើង ដូចជាអំពើហិង្សាផ្អែកយេនឌ័រ ការអប់រំ សុខភាព និងបញ្ហាសង្គមជាច្រើនទៀត ដែលកំពុងតែកើតឡើងនៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៅតាមខេត្តមណ្ឌលគិរី រតនគិរី និងបន្ទាយមានជ័យ»។
មជ្ឈមណ្ឌលបុប្ផាណា បើកវគ្គបណ្ដុះបណ្ដាលមួយផ្នែកផលិតភាពយន្តឯកសារ ដែលចូលរួមពីសិក្ខាកាមចំនួន ១២ រូប មកពីសហគមន៍ជនជាតិ ដើមភាគតិចក្នុងប្រទេស កម្ពុជា ចំនួន ៣ ខេត្ត គឺរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោងភាពយន្តដំបូងឈ្មោះថា «ការបន្លឺសំឡេងរបស់ស្ត្រី ជនជាតិដើមភាគតិច និងក្រុមមនុស្ស ដែលត្រូវបានគេរើសអើង» មានរយៈពេល ១ ឆ្នាំ គឺឆ្នាំ ២០១៩។
នាយកប្រតិបត្តិរូបនេះបន្តថា៖ «សម្រាប់ភាពយន្តឯកសារទាំង ៧ រឿងនោះ មានចំនួន ៥ រឿង គឺជាភាពយន្តផលិតដោយក្រុមនិស្សិតជាជនជាតិភាគតិច ហើយជនជាតិភាគតិច ដែលពួកគាត់បានថតផលិតជាភាពយន្តឯកសារនោះមានជនជាតិព្នង នៅខេត្តមណ្ឌលគិរី ខណៈនៅខេត្តរតនគិរី មានជនជាតិគ្រឹង ចារ៉ាយ និងទំពួន ហើយនៅខេត្តបន្ទាយមានជ័យមានជនជាតិកួយ»។
ចំពោះភាពយន្តឯកសារទាំង ៧ រឿងនោះ រួមមានដូចជារឿង «កុំបោះបង់ Don’t give up» ដឹកនាំដោយ ភោគ រ៉ានី នៅខេត្តរតនគិរី ចំពោះរឿង «ស៊ូទ្រាំ-Endure» ដឹកនាំដោយ ម៉ាំង លៀន និង ឡេង វុនណេង នៅខេត្តរតនគិរី។
ចំណែករឿង «កាណាប (Kanab-My path)» ដឹកនាំដោយ សេវ ប៉ៅ ខណៈរឿង «សង្ឃឹមចុងក្រោយ-Last Hope)» ដឹកនាំដោយ រ៉េត ស៊ីថត និងរឿង «បារម្ភ-Worry» ដឹកនាំដោយ លឿន ឈូក និង ព្រឹល ព្រីង ហើយរឿង «ទំពាំង ខ្វះទឹក-The Bamboo without water» ដឹកនាំដោយ ឌិន រ៉ូដា៕