ភ្នំពេញ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​បាន​​កត់​សម្គាល់​ឃើញ​​ថា តារា​ចម្រៀង​ស្រី​កំពុង​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ​បច្ចុប្បន្ន​កំពុង​តែ​ជ្រក​​ក្រោម​ទ្រនំ We Production ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ផលិតកម្ម​ហង្សមាស កញ្ញា ចំរើន សុភ័ក្រ និង​តារា​ចម្រៀង​ប្រុស​មាឌ​ឌាំង​​​លោក នួន សុធារ័ក្ស ​ហាក់​មាន​ភាព​ឈាន​មួយ​កម្រិត​ថែម​​ទៀត ​​លើស​ពី​សម្ព័ន្ធភាព​ជា​​មិត្ត​រួម​អាជីព​ក្នុង​​វិស័យ​សិល្បៈ​។

ជារឿយៗ​ គេ​តែង​ឃើញ​កញ្ញា ចំរើន សុភ័ក្រ តារា​ចម្រៀង​ស្រី ដែល​ជា​បេក្ខជន​ប្រឡង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី The Voice Cambodia នា​រដូវកាល​ទី១ ​និង​លោក នួន សុធារ័ក្ស ជា​បេក្ខជន​ប្រឡង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី ​២ បាន​បង្ហាញ​​ពី​ភាព​ស្និទ្ធស្នាល​ខ្លាំង​លើស​ពី​ធម្មតា​ ​រហូត​​​មហាជន​​លួច​បញ្ចេញ​មតិ​ និង​លើក​ឡើង​ស្រប​​គ្នា​ថា តារា ២ ​ដូង​នេះ ទំនង​ជា​កំពុង​​តែ​​បាន​បន្ថែម​នូវ​​កម្រិត​​នៃ​សម្ព័ន្ធភាព​ជា​មិត្ត​លើ​វិថី​សិល្បៈ​ហើយ ​តាមរយៈ​សកម្មភាព​សិ្នទ្ធស្នាល​រវាង​​អុ្នក​​ទាំង ​២ ​តែ​​ម្តង​​។​

តារា​​ចម្រៀង​​ស្រី​ បច្ចុប្បន្ន​កំពុង​តែ​ជ្រក​នៅ​ក្រោម​ទ្រនំ We Production ដែល​ជា​​​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​​ហង្ស​​​មាស កញ្ញា ចំរើន សុភ័ក្រ ក៏​មិន​ទាន់​បាន​បក​ស្រាយ​លម្អិត​​ចំពោះ​​ចម្ងល់​របស់​មហាជន​បាន​​ឡើយ​​​ពាក់ព័ន្ធ​​នឹង​រឿង​​សម្ព័ន្ធភាព​​ខ្លួន ​​យ៉ាង​​ណា​នោះ​ទេ​​ដោយសារ​តែ​កញ្ញា កំពុង​តែ​ជាប់​រវល់​ថត​ចម្រៀង គឺ​ថា ​កញ្ញា​គ្រាន់​តែ​បាន​លើក​​ទូរស័ព្ទ​ភ្លាម​ ហើយ​​​ក៏​ឆ្លើយ​តប​យ៉ាង​​ខ្លី​ថា​៖ «​សុំ​ទោស​ផង​បង! ​នា​ពេល​នេះ​នាង​​ខ្ញុំ​កំពុង​​តែ​ជាប់​រវល់​ថត​​​ចម្រៀង ចាំ​មួយ​ម៉ោង ឬ ​២ ​​ម៉ោង​​​ទៀត​​ ទើប​បាន​នាង​​ខ្ញុំ​​ទំនេរ»​។

តែ​បើ​តាម​ការ​អះអាង​របស់​​តារា​ចម្រៀង​ប្រុស​​មាឌ​ធំ​​ឌាំង សំឡេង​ធ្ងន់​លោក នួន សុធារ័ក្ស​ ដែលជា​តារា​ចម្រៀង​ប្រុស​ជ្រក​ទ្រនំ​​​ភ្លេង​រីខត​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ឲ្យ​ដឹង​ថា សម្ព័ន្ធភាព​រវាង​លោក និង​​កញ្ញា ចំរើន សុភ័ក្រ គឺ​មិន​មាន​អ្វី​លើស​ ឬ​ហួស​ពី​មិត្ត​ភក្តិ​ឡើយ​ ហើយ​ជា​មិត្ត​ជិតសិ្នទ្ធ​ទៀត​ផង​។

តារា​ចម្រៀង​ប្រុស​មាន​ស្រុក​កំណើត​​មក​ពី​ខេត្ត​ពោធិ៍សាត់​ ជា​បេក្ខជន​បាន​ចូលរួម​​ប្រកួត​ប្រជែង​ដល់​វគ្គ​​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian Idol រដូវ​កាល​ទី ​២ ខណៈ​ម្ចាស់​ពាន​ធ្លាក់​ទៅ​​លើ​​កញ្ញា ឈិន ម៉ានិច្ច នោះ​បាន​បក​ស្រាយ​​ចម្ងល់​នៃ​សម្ព័ន្ធភាព​ខ្លួន និង​​កញ្ញា ចំរើន សុភ័ក្រ ដែរ​​​ថា៖ «​ប្រសិន​និយាយ​ពី​ការ​​​ស្គាល់​​គ្នា​វិញ​​នោះ យើង​ទាំង ​២ នាក់ ​ជា​មិត្ត​នឹង​​​គ្នា​តាំង​មុន​ពេល​ខ្ញុំ​ទៅ​ចូល​ប្រឡង​កម្មវិធី​​ Cambodian ​Idol ម្ល៉េះ​ ហើយ​​មួយ​រយៈ​ចុង​ក្រោយ ​​ពួក​យើង​ថត​រូប​​សិ្នទ្ធស្នាល​​​នេះ ក៏​ព្រោះ​តែ​ពួក​យើង​មាន​ការងារ​​សិល្បៈ​ត្រូវ​ធ្វើ​ជាមួយ​គ្នា​ច្រើន ដូច្នេះ​យើង​សម្បូរ​ពេល​ថត​រូប​លេង​​ជាមួយ​គ្នា​ក៏​ច្រើន​ ហើយ​បើ​​តាម​ពិត​​នោះ នា​ពេល​កន្លង​មក​ ក៏​យើង​បាន​​ថត​រូប​បែប​សិ្នទ្ធស្នាល​ជា​ច្រើន​​ផង​ដែរ ​គ្រាន់​តែ​យើង​មិន​សូវ​​បាន​បង្ហោះ​​ដូច​ជា​នៅ​ក្នុង​មួយ​រយៈ​​​ពេល​ចុង​ក្រោយ​​​នេះ​តែ​ប៉ុណ្ណោះ​»៕​