ភ្នំពេញៈ ទំនងរឿងរ៉ាវចំហាយព័ត៌មានក្នុងមួយរយៈពេលចុងក្រោយ ដោយឧស្សាហ៍ឃើញតារាសម្តែងប្រុស និងពិធីករទូរទស្សន៍លោក ប៉ែន ចំរ៉ុង ដែលតែងតែដើរពកូនគេ ដើម្បីបន្លប់ចិត្តនឹកកូនស្រីខ្លួន លេចឮទៅអ្នកនាង ភិន សុដាលីស តាមសង្គមអ្នកសិល្បៈនោះហើយ បានជាថ្មីៗក៏ល្បីនាងបានព្រលយចេញពាក្យថា អតីតជាស្វាមីមិនបានរៀបការនោះ គឺគ្រាន់តែសម្តែងឫកពាប្រាប់គេប៉ុណ្ណោះ។
ខណៈដំណឹងនេះបានលេចឮ នាថ្ងៃបើកសម្ពោធខ្សែភាពយន្តភាគថ្មីគឺរឿង «ម្ចាស់បំណុល» ដែលជាកុនភាគទី ៤ របស់តារាស្រីជាកូនស្រីច្បងបង្កើតថៅកែផលិតកម្មមហាហង្សក្រោយពីសម្រាលកូនស្រីមក និងនាពេលបច្ចុប្បន្នកូនស្រីនាងមានវ័យជិត ២ ខួបទៅហើយដែរ។ ពេលបើកសម្ពោធដាក់បញ្ជាំងកុនភាគរបស់ផលិតកម្មមហាហង្សជាផ្លូវការ ដែលនឹងត្រូវចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ PNN ថ្ងៃទី ២០ មេសា ឆ្នាំ ២០១៨ ខាងមុខនោះ ក៏មានការជជែកគ្នាពីរឿងលោក ប៉ែន ចំរ៉ុង ថា «គាត់ពិតជាមានការនឹករឭកកូនស្រីខ្លាំងណាស់ ដោយសារឧស្សាហ៍ឃើញគាត់ទៅបីកូនគេ មើលទៅគឺមានភាពនឹករឭកទៅកូនស្រីខ្លួនខ្លាំងណាស់ គួរឲ្យអាណិតគាត់មែនទែន»។
ទោះយ៉ាងណាមានសារលេចឮចេញមកតៗគ្នាពីប្រភពអ្នកសិល្បៈនេះដដែល បែបបញ្ចើចទៅព័ត៌មានថា លោក ប៉ែន ចំរ៉ុង នឹកកូនស្រីខ្លួនរហូតទៅពកូនគេបន្លប់ចិត្តនឹកនោះវិញពីអ្នកនាង ភិន សុដាលីស ដែរថា៖ «នេះគ្រាន់តែជាការសម្តែងនូវឫកពារបស់គាត់តែប៉ុណ្ណោះ គ្មានការពិតអ្វីនោះទេ»។
តារាសម្តែងស្រី មេម៉ាយកូនមួយទាំងក្មេងខ្ចី តែសាច់សខ្ចី សម្រស់នៅតែស្អាតផូរផង់ អ្នកនាង ភិន សុដាលីស ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ព័ត៌មានយ៉ាងណានោះខ្ញុំមិនដឹងច្បាស់ទេ! តែប្រសិនបើនិយាយពីរឿងកូនវិញ នោះ គឺគាត់ដូចជាមិនមានសិទ្ធិអ្វីត្រូវនិយាយទេ ព្រោះថាគាត់អត់មានសិទ្ធិដឹងឮរឿងកូនយូរណាស់ហើយ គឺចាប់តាំងពីគាត់បានសម្រេចដាក់ពាក្យលែងលះខ្ញុំមក»។
ដោយឡែកតារាស្រីក្រោយពីមានកូនស្រីសំណព្វចិត្តឈ្មោះថា ភិន សុខេធើរីណា ហៅក្រៅ Katherine បច្ចុប្បន្នមានវ័យជិត ២ ខួបហើយ និងរូបខ្លួនក៏បានវិលត្រឡប់ទៅប្រឡូកថតកុនជាហូរហែវិញផងនោះ មហាជនក៏ចាប់អារម្មណ៍ខ្លាំងនឹងសារបង្ហើរតាមអ៊ីនស្តាក្រាមនាងបង្ហាញពីជម្រើសនៃក្តីស្នេហ៍ថ្មីរបស់អ្នកម្តាយវ័យក្មេងរូបនេះ។
ខណៈពេលមានដំណើរកម្សាន្តក្រៅស្រុកដូចជាប្រទេសថៃ ចិន និងសិង្ហបុរី ដើម្បីលំហែកាយ និងឡើងចុះក្នុងកិច្ចការងាររកស៊ីនោះកូនស្រីច្បងចាងហ្វាងផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស បង្ហោះសារជាភាសាអង់គ្លេស ដែលមានន័យប្រែសម្រួលថា៖ «ហេតុផលមួយ ដែលចង់នៅម្នាក់ឯងគឺអាចមានជម្រើសលួចស្រឡាញ់គេបានច្រើន» ដែលបង្កការភ្ញាក់ផ្អើលដល់មហាជនខ្លាំង និងចោទសួរដេញដោលគ្នាថា៖ «តើអ្នកនាង ភិន សុដាលីស កំពុងតែតាមស្រឡាញ់អ្នកណាខ្លះទៅទើបនាងបានលើកឡើងបែបនេះ?»។
តារាសម្តែងស្រីមេម៉ាយកូនមួយនៅក្តៅស្រួយ ភិន សុដាលីស ដែលមហាជន ចាប់អារម្មណ៍ខ្លាំងនឹងសម្ព័ន្ធ- ភាពឯកជនរបស់នាងក្រោយពីបានបែកបាក់គូស្នេហ៍ និងតែងបង្កើតនូវភាពស្និទ្ធស្នាលជាមួយបុរសប្លែកៗមុខ ខណៈនាងធ្លាប់បានបកស្រាយថា គ្រាន់តែជាតួប្រុសសម្តែងកុនជាមួយគ្នានោះ។
ដាលីស ក៏បកស្រាយសារខាងលើដែរថា៖ «នោះគឺគ្រាន់ជាសារ ដែលនាងខ្ញុំសរសេរលេងជាមួយនឹងមិត្តភក្តិតែប៉ុណ្ណោះ មិនមានអ្វីនោះទេ»៕