ក្រុង​ញូវដែលី: សំឡេង​ហួច ឮ​ចេចចាច​ដ៏​ចម្លែក​រំពង​ពេញ​ព្រៃ​ជុំវិញ​ភូមិ​ដាច់​ស្រយាល គុង​ថុង របស់​ឥណ្ឌា តែ​មិន​មែន​ជា​សំឡេង​បក្សី​នោះ​ទេ។ វា​ជា​សំឡេង​តន្ដ្រី​ចេញ​ពី​មាត់​មនុស្ស​ដើម្បី​ហៅ​ឈ្មោះ​គ្នា ហើយ​វា​ជា​ប្រពៃ​ណី​ដ៏​វិសេស ដែល​ទំនង​ជា​មាន​តែ ១ គត់​ក្នុង​លោក។

ស្ថិតនៅ​ជួរ​ភ្នំ​ព្រៃ​ក្រាស់​ភាគ​ឦសាន​រដ្ឋ​ម៉េ​ហ្គា​ឡា​យ៉ា ស្ដ្រី​ជា​ម្ដាយ​មកពី​ភូមិ គុង​ថុង និង​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ទៀត​បាន​តាក់​តែង​ម៉េឡូឌី​ចម្រៀង​យ៉ាង​ពិសេស​សម្រាប់​កូនៗ​ពួកគេ។

មនុស្ស​គ្រប់រូប​ក្នុងភូមិ ដែលជា​ពលរដ្ឋ​អម្បូរ​កាស៊ី តែងតែ​ប្រើ​សូរសៀង​តន្ដ្រី​នេះ​ហៅ​គ្នា។ ពួកគេ​ក៏មាន​ឈ្មោះ​ផ្លូវការ​ទូទៅ​ដែរ តែ​កម្រ​ប្រើ​ណាស់។

ដើរ​តាម​ផ្លូវធំ​ក្នុងភូមិ​ដែលមាន​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី គម្លាត​គ្នា​រាប់គីឡូម៉ែត្រ គឺ​ការ​ដើរកាត់​សំឡេង​តន្ដ្រី។ នៅ​ទី​ម្ខាង អ្នក​ម្ដាយ​ហៅ​កូន​ប្រុស​មក​ញ៉ាំ​អាហារ​ពេល​យប់ តាមរយៈ​សំឡេង​ហួច​យ៉ាង​វិសេស។

អ្នកស្រី ពី​ន​ដាព​លីន សា​បុ​ង មានកូន ៣ នាក់ បាន​ប្រាប់ ទីភ្នាក់ងារ AFP ថា៖ «ការ​និពន្ធ​ម៉េឡូឌី​ចម្រៀង​នេះ វា​ផុស​ចេញ​ពី​បេះដូង​របស់​ខ្ញុំ»។

ស្ដ្រី​អាយុ ៣១ ឆ្នាំ ដែលមាន​កូនស្រី​ពៅ​អាយុ ២ ឆ្នាំកន្លះ បាន​បន្ដថា៖ «វា​បង្ហាញ​ពី​ភាព​រីករាយ និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​កូន»។

ក្មេងៗ និង​មនុស្សធំ​បញ្ចេញ​សំឡេ​ង​ច្រៀង​ហៅ​គ្នា។ AFP

ប្រធាន​សហគមន៍ រ៉ូ​ថែ​ល ខុង​ស៊ីត ក៏បាន​បញ្ជាក់ថា៖ «ប៉ុន្ដែ​បើ​កូន​ខ្ញុំ​បានធ្វើ​អ្វី​ខុស បើ​ខ្ញុំ​ខឹង​ខ្លាំង គាត់​ធ្វើ​ឲ្យ​ខូច​ចិត្ដ ហើយ​ពេល​នោះ ខ្ញុំ​នឹង​ហៅ​ឈ្មោះ​ផ្លូវការ​របស់​គាត់ ដោយ​មិន​មែន​ជា​សំឡេង​ចម្រៀង»។

ភូមិ​គុង​ថុង បាន​ផ្ដាច់​ផ្លូវ​ពី​ពិភពលោក​តាំងពី​យូរយារ ដោយ​ត្រូវ​ដើរ​រាប់​ម៉ោង​ពី​ទីប្រជុំជន​ជិត។ អគ្គិសនី​បាន​មក​ដល់​ក្នុង​ឆ្នាំ ២០០០ ហើយ​ផ្លូវលំ​ផ្ដើម​មាន​ក្នុង​ឆ្នាំ ២០១៣។

ពួកគេ​ចំណាយពេល​ជាច្រើន​ថ្ងៃ​សំងំ​កាត់​ស្មៅ​អំបោស ជា​ប្រភពធនធាន​សំខាន់ ដោយ​ទុក​ផ្ទះ​សំបែង​ស្ងាត់​ជ្រងំ មាន​តែ​ក្មេងៗ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

ដើមកំណើត​ប្រពៃណី​ច្រៀង​ហៅ​គ្នា ដែល​ត្រូវបាន​គេ​ស្គាល់​ថា «ជី​ង​វ៉ៃ ឡ​របៃ» មិនត្រូវ​បាន​ដឹង​នោះ​ទេ តែ​អ្នក​ភូមិ​គិត​ថា វា​មាន​អាយុកាល​ស្មើ​ការ​កកើត​ភូមិឋាន​នេះ​ដែរ ដែល​មាន​តាំង​ពី ៥ សតវត្សរ៍​មុន​ឯ​នោះ។

ពេល​ពិភព​ស៊ី​វិ​ល័យ​ជ្រៀតចូល​ភូមិ​គុង​ថុង ដោយមាន​ទាំង​ទូរទស្សន៍ និង​ទូរស័ព្ទ​ធ្វើ​ឲ្យ​សំនៀង​ចម្រៀង​ថ្មីៗ​បាន​យក​លំនាំ​តាម​បទ​បូលីវូដ។

សូម្បីតែ​ក្មេងជំនាន់ក្រោយ​ក៏​លែង​សូវ​ចង់​ហៅ​មិ​ត្ដ​ភក្ដិ​តាមរយៈ​សម្រែក​ច្រៀង​ទៀត​ហើយ ដោយសារ​ពួកគេ​មាន​ទូរស័ព្ទ​អាច​ហៅ​រក​គ្នា​បាន​យ៉ាង​ងាយ​ស្រួល៕

អ្នកម្ដាយច្រៀង​ហៅ​កូនៗ​ ជំនួស​ការ​ហៅ​ឈ្មោះ។ AFP