ក្រុងតេអេរ៉ង់: នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ដ​ខូរ៉សាន ប្រទេស​អ៊ីរ៉ង់ ក្បែរ​ព្រំដែន អាហ្វហ្គានីស្ថាន ជា​ភូមិ​ឋាន​មួយ ដែល​រហូត​ដល់​ប្រមាណ ១ សតវត្សរ៍​មុន ត្រូវ​បាន​មនុស្ស​តឿ​មក​តាំង​លំនៅ។

វត្ដ​មាន​របស់​ក្រុមមនុស្ស​តឿ​ត្រូវបាន​រកឃើញ​លើ​ស្ថាបត្យកម្ម​ក្នុង​ស្រុក។ ចំណោម​ផ្ទះថ្ម និង​ដីឥដ្ឋ​ប្រមាណ ២០០ ខ្នង ដែល​បង្កើត​បាន​ជា​ភូមិ​ឋាន​បុរាណ​មួយ ពលរដ្ឋ​ពី ៧០ ទៅ ៨០ នាក់​សុទ្ធ​តែ​មាន​កម្ពស់​ទាបៗ​បំផុត។ ផ្ទះ​ទាបៗ​របស់​ពួកគេ​មាន​កម្ពស់​តិច​ជាង ២ ម៉ែត្រ និង​មាន​ច្រក​ទ្វារ​តូច​ចង្អៀត​ដែល​មនុស្ស​ធម្មតា​មិន​អាច​ចូល​រួច បើ​មិន​ដើរ​ឱន​ចុះ​នោះ​ទេ។ ផ្ទះ​ខ្លះ​មាន​ពិតាន​ត្រឹម​តែ ១៤០ សង់​ទីម៉ែត្រ។

អាពាហ៍ពិពាហ៍​រវាង​សាច់ញាតិ​ជិត​បំផុត របប​អាហារ​ខ្សត់ខ្សោយ និង​ទឹក​ផឹក​សម្បូរ​ជាតិ​បារត​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភូមិ​ម៉ាឃូនីក មាន​កម្ពស់​ទាប​ជាង​មនុស្ស​ធម្មតា​កន្លះ​ម៉ែត្រ។

អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ ដូនតា​ក្នុង​ភូមិឋាន​នេះ​រស់នៅ​ស្ទើរតែ​ឯកោ​ពី​ពិភព​ស៊ីវិល័យ។ តំបន់​នេះ​មាន​សភាព​រាំង​ស្ងួត​ខ្លាំង ក្រៀម​ក្រោះ និង​ដាច់​ស្រយាល ដែល​មាន​ការ​លំបាក​ដល់​ការ​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ។

ពលរដ្ឋ​តឿ​ទាំងនេះរស់​បាន ដោយសារ​របប​អាហារ​បួស​សាមញ្ញ​ផលិត​ឡើង​ពី​កាក​ទឹកដោះ និង​ធញ្ញជាតិ​មួយ​ប្រភេទ​ដាំ​ដុះ​តាម​តំបន់​ភ្នំ។

កត្ដា​កង្វះ​ជីវជាតិ​អាហារ​បាន​រួច​ចំណែក​យ៉ាងសំខាន់​ចំពោះ​បញ្ហា​កម្ពស់​មនុស្ស។ ភាព​ឯកា​ក៏​បង្ខំ​ឲ្យ​ពលរដ្ឋ​រៀបការ​ជាមួយ​សាច់​ញាតិ​គ្រួសារ​ឯង ដែល​បង្ក​ជា​បញ្ហា​ដល់​ហ្សែន​រវាង​ម្ដាយ និង​ឪពុក​ដោយ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន​ចៅ។ ហ្ស៊ែន​ខ្លះ​ក៏​បង្កើត​ជា​ពូជ​តឿ​បន្ដ​ទៀត។

ការសង់​ផ្ទះ​តូច​ទាប​បែបនេះ​មានន័យថា ពួកគេ​ចំណាយ​សម្ភារ​តិច ដែល​ងាយស្រួល​ដល់​សត្វ​ពាហនៈ​អូស​ទាញ។

ផ្ទះ​ត្រូវ​បាន​សង់​ទាបៗ​ដើម្បីបន្ថយ​ការ​ចំណាយ​លើ​គ្រឿង​សំណង់។

នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី ២០ តំបន់​នេះ​មានការ​អភិវឌ្ឍ​ជាមួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រើប្រាស់​យានយន្ដ ដែល​អ្នក​ភូមិ​ម៉ាឃូនិក អាច​នាំយក​ស្បៀង​អាហារ​ដូចជា ស្រូវ អង្ករ និង​មាន់​មក​បំប៉ន​សរីរាង្គ។

កុមារ​មាន​សុខភាព​ល្អ និង​លូតលាស់​ខ្ពស់ជាង​ឪពុកម្ដាយ ហើយ​សេវាកម្ម​ថែទាំ​សុខភាព​កាន់​តែ​ប្រសើរ​ឡើង។ ពលរដ្ឋ​ភាគ​ច្រើន​ចំណោម ៧០០ នាក់ ពេល​នេះ​មាន​កម្ពស់​ធម្មតា​ដូច​អ្នក​ភូមិ​ដទៃ។

ស្ថាបត្យកម្ម​ដ៏​ថ្ម​ឯក​របស់​ភូមិ ម៉ា​ឃូ​និក និង​ដំណើរ​រឿងរ៉ាវ​របស់​អ្នកភូមិ​បាន​ទាក់​ចិត្ដ​ភ្ញៀវទេសចរ ដែល​ពលរដ្ឋ​រំពឹង​ថា ថ្ងៃ​ណាមួយ​នឹង​បង្កើត​ឱកាស​ការងារ និង​ជំនួញ​ក្នុង​ភូមិ​កាន់​តែ​ប្រសើរ៕HR

សព្វ​ថ្ងៃ​ប្រជាជន​​​ភាគ​ច្រើន​មាន​កម្ពស់​ប្រក្រតី និង​ប្ដូរ​ទៅ​នៅ​ផ្ទះ​ថ្ម​។