The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភូមិ​ធូប​វៀតណាម រំលេច​បុប្ផា​ក្រហម​ក្រាល​ដង​វិថី​មុន​ថ្ងៃ​ចូលឆ្នាំ

ភូមិ​ធូប​វៀតណាម រំលេច​បុប្ផា​ក្រហម​ក្រាល​ដង​វិថី​មុន​ថ្ងៃ​ចូលឆ្នាំ

Content image - Phnom Penh Post
រដូវបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ជា​វេលា​ដែល​មុខរបរ​លក់​ធូប​មាន​ការ​មមាញឹក​ខ្លាំង​បំផុត​។ រូបថត AFP

ភូមិ​ធូប​វៀតណាម រំលេច​បុប្ផា​ក្រហម​ក្រាល​ដង​វិថី​មុន​ថ្ងៃ​ចូលឆ្នាំ

ក្រុងហាណូយ: នៅក្នុង «​ភូមិ​ធូប​» ប្រទេស​ វៀតណាម អ្នកភូមិ​ខ្លះ​នាំ​គ្នា​ជ្រលក់​ពណ៌​ខ្លះ​ហាល​សម្ងួត ខ្លះ​សក​បន្ទះ​ឫស្សី ដើម្បី​ផលិត​ជា​ធូប​ត្រៀម​រដូវ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​។

នេះ​ជា​វេលា​ដ៏មមាញឹក​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​អ្នកភូមិ​ចំពោះ​មុខរបរ​កំប៉ិកកំប៉ុក​មួយ​ក្នុង​ភូមិ​ក្វាងភូកូវ ជាយក្រុង​ហាណូយ​ដែល​ក្រុម​គ្រួសារ​នានា​នាំ​គ្នា​ផលិត​ធូប​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មក​ហើយ​។

កំពុង​អង្គុយ​កណ្ដាល​បាច់​ធូប​ពណ៌​ក្រហម​ផ្កាឈូក​ហាល​ក្រោម​កម្ដៅ​ថ្ងៃ អ្នកស្រី ដាង ធីហាវ បាន​និយាយ​ថា​៖ «​វា​ជា​កិច្ចការ​ប្រពៃណី​ជា​ជំនឿ​ដូនតា​ចំពោះ​ការធ្វើ​ធូប​ទាំង​នេះ​»​។

ភូមិឋាន​របស់​អ្នកស្រី​ស្ថិត​ក្នុង​តំបន់​ផលិត​ធូប​ជាច្រើន​ទៀត​នៅ​ទូទាំង​វៀតណាម​។ រដូវកាល​លក់​ធូប​បាន​ហក់​ឡើង​ខ្លាំង​អំឡុង​ពេល​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ក្នុង​ខែ​កុម្ភៈ​ពេល​មនុស្សម្នា​កកកុញ​នាំ​គ្នា​សម្រុកចូល​អារាម ដើម្បី​ដុត​ធូប​ទៀន​ថ្វាយ​ព្រះ ឬ​ដុត​ធូប​ទៀន​ឧទ្ទិស​ដល់​បុព្វការី​ជន​នៅឯ​ផ្ទះ​។

Content image - Phnom Penh Post
បាច់​ធូប​តម្រៀប​ហាលថ្ងៃ​បី​ដូច​បុប្ផា​ក្រហម​រីក​ពេញ​ភូមិ​។ រូបថត AFP

ក្រុមគ្រួសារ​អ្នកស្រី ហាវ ចាប់​ផ្ដើម​ផលិត​ធូប​កាលពី​ជាង​មួយ​ឆ្នាំ​មុន ហើយ​ម្ដាយ​របស់​អ្នកស្រី​នៅ​តែ​បន្ដ​វេន​​នេះ​ដល់​កូនស្រី​ជំទង់​ដែល​បាន​ជួយ​កិច្ចការ​ខ្លួន​ បន្ទាប់ពី​ការសិក្សា​។

ការលក់ដូរ​ធូប​របស់​អ្នកស្រី​ទៅ​កាន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម អ្នកស្រី ហាវ អាច​រកចំណូល​បាន ៤៣០ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​មុន​រដូវ​បុណ្យ ធេត ខណៈ​ចំណូល​មធ្យម​ប្រចាំ​ខែ​របស់​ពលរដ្ឋ​ទូទៅ​ត្រឹម​តែ​ប្រមាណ ១៩៥ ដុល្លារ​។

ផ្ទះសម្បែង​ភាគច្រើន​តាម​ដងវិថី​ភូមិ​ក្វាងភូកូវ​សុទ្ធ​តែ​មាន​មុខរបរ​ប្រពៃណី​មួយ​នេះ​។ អ្នកខ្លះ​ពុះ​ច្រៀក​ឫស្សី​ដោយ​ការប្រើ​ម៉ាស៊ីន អ្នកខ្លះ​ជ្រលក់​ឫស្សី​ក្នុង​ទឹក​ពណ៌​ផ្កាឈូក​ដែល​រំលេច​បាន​ជា​បុប្ផា​យ៉ាង​ស្រស់ស្អាត​ហាល​តាម​ដង​វិថី​។

Content image - Phnom Penh Post
គ្រួសារ​អ្នក​ផលិត​ធូប​ដែល​ថា​គួរ​មាន​កូន​ម្នាក់​ស្នង​មុខរបរ​នេះ​។ រូបថត AFP

ក្រោយពី​ស្រោប​សាច់​ធូប និង​ក្លិនក្រអូប​ឈ្ងុយ​មុន​ពេល​ហាល​ម្ដង​ទៀត ផលិតផល​សម្រេច​ត្រូវ​បាន​ច្រក​ដាក់​កញ្ចប់​ត្រឹមត្រូវ​។ កិច្ចការ​នេះ​បាន​ផ្ដល់​មុខមាត់​អ្នកភូមិ​ដូច​អ្នកស្រី ហាវ អាច​រកចំណូល​បាន​ក្រាស់ក្រែល​ពី​ការផលិត​ធូប​លក់​មុន​រដូវ​ចូល​ឆ្នាំ​មក​ដល់​។

អ្នកស្រី ឡេ ធីលឿវ បាន​ប្រាប់​ពេល​កំពុង​តម្រៀប​ធូប​ហាលថ្ងៃ​ថា​៖ «​កិច្ចការ​នេះ​លំបាក តែ​ខ្ញុំ​រក​ចំណូល​គ្រប់​ចិញ្ចឹម​កូន​ ២ ​នាក់​ឲ្យ​សម្រេច​បំណង​ធ្វើ​ជា​វេជ្ជបណ្ឌិត​»​។

អ្នកស្រី​មាន​ក្ដី​រីករាយ​ដែល​កូន​ ២ ​នាក់​ទៀត​នៅ​ស្ម័គ្រចិត្ដ​ជួយ​កិច្ចការ​របស់​គាត់​។

អ្នកស្រី​ពោល​ថា​៖ «​យើង​ត្រូវការ​យ៉ាង​តិច​ក្មេង​ជំនាន់​ក្រោយ​ម្នាក់ ដើម្បី​បន្ដ​មុខរបរ​ប្រចាំ​ត្រកូល​នេះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍