ភូមិ​បាន​ដា អាសេ: ភូមិ​មួយ​នៅ​តំបន់​ដ៏​អភិរក្ស​បំផុត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ខ្សែ ក្រោយ​ពី​រក​ឃើញ​ក្មេងៗ​ចូល​ទៅ​កាន់​គេហទំព័រ​វីដេអូ​អាស​អាភាស និង​គេច​មិន​ទៅ​សាលា​រៀន​គម្ពីរ​កូអាន។

ខេត្ត​អា​សេ (Aceh) ដែលជា​តំបន់​សម្បូរ​ពលរដ្ឋ​សាសនា​អ៊ិ​ស្លាម​ច្រើន​បំផុត នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​រឹត​បន្តឹង​ច្បាប់​អ៊ិស្លាម​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​កន្លង​មក​អ្នក​ដែល​ប្រព្រឹត្ត​ប្រាស​ចាស​ពី​កន្លង​សាសនា ដូចជា ការ​រួម​ភេទ​មុន​រៀបការ ការ​ស្រឡាញ់​ភេទ​ដូចគ្នា លេង​ល្បែង​ស៊ីសង និង​ប៉ះពាល់​គ្រឿង​ស្រវឹង​ជាដើម ត្រូវ​បាន​នាំ​យក​ទៅ​វាយ​នឹង​រំពាត់​ពិន័យ​នៅ​ចំពោះ​សាធារណ​ជន។

ស្ថិតនៅក្នុង​តំបន់​ដ៏​អភិរក្ស​យ៉ាង​តឹង​រ៊ឹ​ង ភូមិ ឃ្យូ​រី បា​រ៉ូ​ស (Curee Baroh) បាន​បញ្ជា​ឲ្យ​ហាង​កាហ្វេ​រាប់​សិប​កន្លែង ដក​ចេញ​នូវ​ការ​ផ្ដល់​សេវា​អ៊ីនធឺណិត WiFi ជា​បន្ទាន់។

ភូមិ​ដែលមាន​ពលរដ្ឋ​ជាង ៩០០ នាក់​នេះ ស្ថិតនៅ​ក្នុងស្រុក ប៊ី​រើ​ន (Bireun) ដែល​ក្នុង​ឆ្នាំ​នេះ​ដែរ បាន​ចេញ​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​បុរស និង​ស្ត្រី មិន​ទាន់​រៀបការ អង្គុយ​ញ៉ាំ​អាហារ​ជាមួយ​គ្នា។

ការអនុវត្ត​ច្បាប់​នេះ​ត្រូវបាន​គាំទ្រ​ដោយ​អាជ្ញាធរ ដោយ​សំអាងថា WiFi តម្លៃ​ដ៏​ថោក ដោយ​ប្រើ ៥ ម៉ោង តម្លៃ​តែ ២១ សេន​ដុល្លារ​អាមេរិក​នោះ បាន​ធ្វើ​ឲ្យ​ប្រឡាក់​ប្រឡូក​ដល់​សីលធម៌​រស់​នៅ​ក្នុង​សង្គម​របស់​ក្មេង។

មេភូមិ Helmiadi Mukh-taruddin បាន​ប្រាប់​ទីភ្នាក់ងារ AFP កាលពី​ខែ​មុន​ថា៖ «កាល​ពី​សម័យ​មុន ក្មេងៗ​នាំគ្នា​សូត្រ​គម្ពីរ​កូអាន ក្រោយ​ពី​ធ្វើការ​បួង​សួង​រៀង​រាល់​ល្ងាច។ ប៉ុន្តែ​បច្ចុប្បន្ន តាំង​ពី​សង្គម​យើង​មាន WiFi ប្រើ​មក ពួកគេ​គិត​តែ​នាំគ្នា​ចូល​ហាង​កាហ្វេ​ទាំង​នេះ​ទៅ​វិញ»៕