The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន​ចំណត​រថយន្ដ​នៅ​ម៉ាឡេស៊ី ​រំសាយ​កង្វល់​ភ្ញៀវ​ពី​ហានិភ័យ​កូវីដ




ភោជនីយដ្ឋាន​ចំណត​រថយន្ដ​នៅ​ម៉ាឡេស៊ី ​រំសាយ​កង្វល់​ភ្ញៀវ​ពី​ហានិភ័យ​កូវីដ

Content image - Phnom Penh Post
បុគ្គលិក​ហាង​លើកអាហារ​ជូនភ្ញៀវ​ដល់​រថយន្ត​ផ្ទាល់តែម្ដង​​​។ រូបថត AFP

ភោជនីយដ្ឋាន​ចំណត​រថយន្ដ​នៅ​ម៉ាឡេស៊ី ​រំសាយ​កង្វល់​ភ្ញៀវ​ពី​ហានិភ័យ​កូវីដ

ក្រុង​គូឡាឡាំពួ៖ អ្នក​ដំណើរ​ចត​រថយន្ដ​នៅ​ក្បែរ​សម្ព័ន្ធ​ភោជនីយដ្ឋាន Padi House រួច​បោយ​ដៃ​តាម​បង្អួច​រថយន្ដ​ជា​សញ្ញា​ហៅ​អ្នក​រត់​តុ ដែល​មក​ទទួល​ការ​កុម្ម៉ង់​ម្ហូប​សម្រាប់​ទទួល​ទាន​ក្នុង​រថយន្ដ​តែ​ម្ដង។

ពលរដ្ឋ​ម៉ាឡេស៊ី​ក្នុង​អំឡុង​ពេល​ជាប់​បម្រាម​ដ៏​គួរ​ឱ្យ​ធុញ​ថប់​បាន​ឆ្លៀត​ឱកាស​ចេញ​ក្រៅ ដែល​អាច​រីករាយ​នឹង​ការ​ទទួល​ទាន​ស្នាដៃ​ចុងភៅ​ហាង ដោយ​យក​មក​ម្រើ​ដល់​ក្នុង​រថយន្ដ។

ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រយៈពេល ១ ខែ​មុន ដោយ​ក្រុម​អាជ្ញាធរ​បាន​ដាក់​ច្បាប់​រឹត​បន្តឹង​ឡើងវិញ រួម​ទាំង​បម្រាម​ទទួលទាន​នៅ​ភោជនីយដ្ឋាន​ផង​ដែរ។

ដើម្បី​ដំណើរការ​ដូច​ប្រក្រតី​សម្ព័ន្ធ​ភោជនីយដ្ឋាន ដែល​បម្រើ​ម្ហូប​ក្នុង​ស្រុក និង​បស្ចិម​ប្រទេស ៦ មុខ ក្នុង​ទីក្រុង​ស៊ីបេចាយ៉ា ខាង​ក្រៅ​ក្រុង​គូឡាឡាំពួ បាន​នឹក​ឃើញ​ផែនការ​នាំយក​តារាង​មុខ​ម្ហូប និង​អាហារ​ដល់​អតិថិជន​ក្នុង​រថយន្ដ​តែម្ដង។

Content image - Phnom Penh Post
អាហារ​ត្រូវបាន​បម្រើ​ដល់អតិថិជន ដែល​អង្គុយ​ទទួលទាន​ក្នុង​រថយន្ត​​។ រូបថត AFP

ឆុង កាយ៉ាន់ នាយក​គ្រប់គ្រង​ទីផ្សារ​លើ​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន​បាន​ប្រាប់ AFP ថា៖ «យើង​បម្រើ​ម្ហូប​លើ​ចាន​ត្រឹមត្រូវ​សម្រាប់​ភ្ញៀវ​ញ៉ាំ​ក្នុង​រថយន្ដ មិន​ខុស​ពី​ការ​ផ្ដល់​សេវាកម្ម​នៅ​តុ​ផ្ទាល់​នោះ​ទេ»។

ភោជនីយដ្ឋាន​ចំណត​រថយន្ដ​ដំបូង ស្ថិត​នៅ​ក្បែរ​ភោជនីយដ្ឋាន​ទទួល​ជោគជ័យ នាំ​ឱ្យ​មាន​ការ​បង្កើត​នូវ​ទីតាំង​ទី២ ក្នុង​ទីក្រុង​នេះ​ផង​ដែរ។

អតិថិជន​ឈ្មោះ ដារីនដេជិត ស៊ីញ បាន​និយាយ​ពេល AFP ចុះ​ទៅ​ដល់​ភោជនីយដ្ឋាន​ចំណត​នោះ​ថា៖ «ខ្ញុំ​ទទួល​ទាន​ដោយ​មាន​អារម្មណ៍​សុវត្ថិភាព បើ​ធៀប​នឹង​ការ​អង្គុយ​ក្នុង​ភោជនីយដ្ឋាន ដោយសារ​យើង​បាន​សម្លាប់​មេរោគ​ក្នុង​រថយន្ដ។ ខ្ញុំ​អង្គុយ​នៅ​ផ្ទះ​ពេញ ១ ថ្ងៃ ដោយ​ធ្វើ​ការ​ពី​ផ្ទះ ហើយ​សេវាកម្ម​បែប​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ឱកាស​ចេញ​ក្រៅ​ផ្ទះ»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍