ក្រុងតៃប៉ិ: ភោជនីយដ្ឋានរចនាប័ទ្មតុក្កតាបាប៊ីដំបូងបានបើកសម្ពោធនៅកោះតៃវ៉ាន់ ជាប្រភពដែលផលិតតុក្កតាបាប៊ី។ កាហ្វេបាប៊ី ជាភោជនីយដ្ឋានបែបផែនតុក្កតាបាប៊ី បានបើកទ្វារនៅកោះតៃវ៉ាន់ ឌីហ្សាញពណ៌ផ្កាឈូក និងស្ទិកឃ័រសម្រាប់បិទឲ្យអតិថិជន។
ភោជនីយដ្ឋាននេះត្រូវបានផ្ដល់អាជ្ញាប័ណ្ណដោយក្រុមហ៊ុនយក្សផលិតតុក្កតាបាប៊ី និងឧបករណ៍ក្មេងលេងនៅអាមេរិក Mattel ដោយបើកសម្ពោធនៅទីក្រុងតៃប៉ិកោះតៃវ៉ាន់។ ក្រុមហ៊ុន Mattel សង្ឃឹមថា ភោជនីយដ្ឋានដែលមានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងផ្សព្វផ្សាយយីហោបាប៊ី។
បុគ្គលិកដែលបម្រើការងារនៅភោជនីយដ្ឋានមិនស្លៀកឯកសណ្ឋានអាវយឺតផ្កាឈូករូបបាប៊ីទាំងអស់នោះទេ ពួកគេគ្រាន់តែពាក់កងវ័ណ្ឌដៃរូបបាប៊ី និងពាក់មកុដប៉ុណ្ណោះ។ ផលិតផលហ្វេសសិនទាំងនេះអាចរកទិញបាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Mattel រួមទាំង សំពត់កំប៉ោងពណ៌ផ្កាឈូកសម្រាប់កុមារីតូចៗ។
អ៊ីកជី យីប (Iggy Yip) ជាប្រធានគ្រប់គ្រងជាន់ខ្ពស់នៅសាខា Greater China របស់ក្រុមហ៊ុន Mattel បាននិយាយថា៖ «យើងជ្រើសរើសកោះតៃវ៉ាន់ពីព្រោះភោជនីយដ្ឋានបាប៊ីនេះពិតជាល្បី និងទទួលបានជោគជ័យណាស់»។
ប្រធានរូបនោះសង្ឃឹមថា ភោជនីយដ្ឋានបាប៊ឺនឹងទាក់ទាញអ្នកគាំទ្រពីចិន ក្រុងហុងកុង និងប្រទេសជប៉ុនផងដែរ។ កោះតៃវ៉ាន់ធ្លាប់ផលិតតុក្កតាបាប៊ីរហូតដល់ទសវត្សរ៍ទី៨០ នៅពេលក្រុមហ៊ុន Mattel រើទៅកាន់ប្រទេសចិនវិញ។
ភោជនីយដ្ឋានរចនាប័ទ្មបាប៊ីនេះមានទំហំ៦៦០ម៉ែត្រការ៉េ រចនាពណ៌ផ្កាឈូក បំពាក់សម្ភាររបស់តុក្កតាបាប៊ីនៅលើជញ្ជាំង និងកៅអី និងសំពត់ប៉ោងស្រោបកៅអី។
ទីក្រុងតៃប៉ិមានភោជនីយដ្ឋានមួយនៅក្នុងយន្ដហោះធុនធំដែលបុគ្គលិកស្លៀកឈុតអ្នកបម្រើលើយន្ដហោះ រទេះ និងបារចនាប័ទ្មជាមន្ទីរពេទ្យដែលភ្ញៀវពិសាភេសជ្ជៈ «ឱសថ» ដែលស្រក់តក់ៗ ឬអ្នកបម្រើស្រីប្រើម្ជុលចាក់ថ្នាំ។ អ្នកទេសចរអាចរីករាយជាមួយអាហារនៅភោជនីយដ្ឋានបង្គន់ទំនើប ដែលចេញម្ហូបពីបន្ទប់បង្គន់ និងអង្គុយលើចានបង្គន់៕ HR