The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន​អាក្រាតកាយ​ នៅ​ក្រុង​ប៉ារីស​ត្រូវ​បង្ខំ​ចិត្ដ​បិទ​ទ្វារ​ឆាប់ៗ​នេះ

ភោជនីយដ្ឋាន​អាក្រាតកាយ​ នៅ​ក្រុង​ប៉ារីស​ត្រូវ​បង្ខំ​ចិត្ដ​បិទ​ទ្វារ​ឆាប់ៗ​នេះ

Content image - Phnom Penh Post
ភោជនីយដ្ឋាន​អាក្រាតកាយ​ប្រកាស​បិទទ្វារ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ រូបថត AFP

ភោជនីយដ្ឋាន​អាក្រាតកាយ​ នៅ​ក្រុង​ប៉ារីស​ត្រូវ​បង្ខំ​ចិត្ដ​បិទ​ទ្វារ​ឆាប់ៗ​នេះ

ក្រុងប៉ារីស : ភោជនីយដ្ឋាន​ភ្ញៀវ​អាក្រាត​ដំបូង​ក្នុង​ទីក្រុង​ប្រទេស​បារាំង ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​ដោយសារ​អត់​សូវ​មាន​អតិថិជន​គាំទ្រ ទោះជា​ពលរដ្ឋ ៤ ​លាន​នាក់​នៅ​ប្រទេស​បារាំង​ជា​អ្នក​សម្រាក​វិស្សមកាល​អាក្រាត​ជា​រៀងរាល់​ឆ្នាំ​ក្ដី​។

O'Naturel នឹង​បិទ​ទ្វារ​ភោជនីយដ្ឋាន​អាក្រាត​ប្រណីត​របស់​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ខែ​កុម្ភៈ​ខាង​មុខ ក្រោយពី​បើក​សម្ពោធ​ជាង​ ១ ​ឆ្នាំ ទោះ​មាន​មតិ​ល្អៗ​ពី​អតិថិជន​ដែល​អង្គុយ​អាក្រាត​ទទួល​ទាន​អយស្ទ័រ និង ខ្យង ក្លែម​បន្លែ​ត្រពាំង​បារាំង​ក្តី​។

ប៉ុន្ដែ​បញ្ចៀស​វិបត្ដិ​សេដ្ឋកិច្ច បងប្អូន​ភ្លោះ ម៉ៃ ណិងស្ដេហ្វេន សាដា បាន​ប្រាប់​ថា ពួកគេ​ត្រូវ​តែ​បិទ​។ លោក​បាន​ពន្យល់​ដល់​អ្នក​ចង់​ទទួល​បទពិសោធ​ជា​អតិថិជន​ចុងក្រោយ​មុន​ពេល​បិទទ្វារ​នៅ​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ​ថា​៖ «​ចៀស​មិន​ផុត​នោះ​ទេ​!»​។

ពួកគេ​បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា​៖ «​យើង​អាស្រ័យ​លើ​ការគាំទ្រ​ពី​លោក​អ្នក​។ យើង​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូលរួម​គ្រប់គ្នា​។ យើង​នៅ​តែ​ចងចាំ​អនុស្សាវរីយ៍​ល្អៗ​»​។

Content image - Phnom Penh Post
ភ្ញៀវ​អាក្រាតកាយ​អង្គុយ​ជល់​កែវ​គ្នា​ក្នុង​ភោជនីយដ្ឋាន​នៅ​ក្រុងប៉ារីស​។ រូបថត AFP

ភោជនីយដ្ឋាន​ស្ថិត​ក្នុង​ភាគ​ខាងកើត​ក្រុង​ប៉ារីស​បាន​បើកទ្វារ​ទទួល​ភ្ញៀវ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​។ សម្លៀកបំពាក់​ត្រូវ​ដោះ​ទុក​ក្នុង​ទូ​រួម​ជាមួយ​ទូរស័ព្ទដៃ ដើម្បី​ការពារ​ពី​ការថតរូប​ភ្ញៀវ​ដទៃ​។ ភ្ញៀវ​ត្រូវ​បាន​ផ្ដល់​ស្បែកជើងផ្ទាត់ ទោះ​ស្ដ្រី​ដែល​មាន​ចំនួន ៤០ ភាគរយ​នៃ​ភ្ញៀវ​សរុប ចង់​ពាក់​ស្បែកជើង​កែង​ចោត​ខ្លួនឯង​។

ខណៈ​ដំណឹង​អវសាន​ភោជនីយដ្ឋាន​អាក្រាត​នេះ​ត្រូវ​បាន​លេចឮ​សុសសាយ​ទូទាំង​ពិភពលោក​ក្រុម​អ្នក​ធម្មជាតិនិយម អ្នក​យុទ្ធនាការ Cedric Amato បាន​សម្ដែង​ការសោកស្ដាយ​ថា​៖ «​វា​ប្រហែល​ជា​ឆាប់​ពេក​។ ខ្ញុំ​បាន​ទៅ​ញ៉ាំ​នៅ​ទីនោះ​ច្រើន​ដង​ហើយ​វា​ពិតជា​ល្អ​មែន តែ​ការពិត​គឺថា វា​ស្ថិត​ក្នុង​តំបន់​សម្បូរ​មនុស្ស​រស់នៅ និង​មិន​សូវ​សម​នឹង​អ្នក​អាក្រាត​»៕ HR

អត្ថបទគួរចាប់អារម្មណ៍