ភ្នំពេញៈ ថ្មីៗនេះបង្កការភ្ញាក់ផ្អើលខ្លាំង ទៅនឹងសកម្មភាពយ៉ាងរួសរាន់ពីសំណាក់ក្រុមអតីតជានិស្សិតវិចិត្រកម្ម នាំគ្នាទៅយកស្នាដៃរបស់ខ្លួនពីគំនរផ្ទាំងគំនូរចាស់ៗ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងនោះក៏មានអ្នកថតរូបឆ្នើមជើងចាស់ម្នាក់ ក៏ប្រញាប់ទៅរកមើលឃើញមានស្នាដៃមួយផ្ទាំងនឹងគេដែរបង្កការងឿងឆ្ងល់ពេញបណ្តាញសង្គម។
នេះបើតាមការផូស្តសារ និងរូបថតកាន់ផ្ទាំងគំនូរមួយផ្ទាំងរបស់ខ្លួនពីសំណាក់លោក ម៉ក់ រ៉េមីស្សា ជាអ្នកថតឆ្នើមរបស់ទីភ្នាក់ងារព័ត៌មាន EPA រយៈពេល ១២ ឆ្នាំ និងអតីតអ្នកថតរូបនៅសារព័ត៌មានរបស់បារាំង Cambodge Soir ចំនួន ១០ ឆ្នាំ ដែរនោះបង្ហើរសារឡើងថា៖ «សូមថ្លែងនូវអំណរគុណ ជាអតិបរមា ជូនចំពោះលោកសាស្ត្រាចារ្យ និងប្អូនៗនិស្សិត ដែលបានរក្សាគំនូរនេះទុកឲ្យ ខ្ញុំវិញ!ស្នាដៃគំនូរខ្ញុំដំបូងបានវិលមកផ្ទះវិញហើយក្រោយពីតាំងនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានរយៈពេល ២៦ ឆ្នាំ»។
អ្វីដែលមហាជន និងមិត្តភក្តិមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលខ្លាំងនឹងសារនោះ ក៏នាំគ្នាជជែកសួរដេញដោលថា៖ «បើតាមដឹងជាក់ស្តែងលោក ម៉ក់ រ៉េមីស្សា មានអាជីពជាអ្នកថតតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាពេលនេះបែរជាឃើញគាត់ប្រកាសថាមានស្នាដៃគំនូរនឹងគេដែរបែបនេះ?»។
លោកគ្រូបង្រៀនផ្នែកថតរូបដ៏ល្បីនៅសាលាថតរូបនៃវិទ្យាស្ថានបារាំងរូបនេះ ក៏បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ពីដំណើរការប្រកបអាជីពរបស់ខ្លួនថា៖ «តាមពិតទៅនោះ កាលពីដំបូងឡើយ ខ្ញុំគឺជានិស្សិតដែលបានបញ្ចប់ការសិក្សានៅផ្នែកគំនូរ ហើយក្រោយពេលរៀនចប់ក៏បានប្រឡូកវិស័យគំនូរនេះបានប៉ុន្មានឆ្នាំដែរ។ តែក្រោយមកក៏មានការពេញនិយមខាងថតរូប ក៏បានជំរុញខ្ញុំប្រែក្លាយទៅជាអ្នកថតរូបវិញ។ កាលពីដំបូង ខ្ញុំធ្វើការជាអ្នកថតរូបទស្សនាវដ្តី Le Mekong ចន្លោះឆ្នាំ ១៩៩៦-៩៧ ហើយក្រោយមកខ្ញុំក៏បានទៅធ្វើការនៅកាសែតបារាំងមានឈ្មោះ Cambodge Soir បានចំនួន ១០ ឆ្នាំ និងជាចុងក្រោយរហូតដល់ពេលនេះធ្វើការនៅ EPA បើគិតមើលទៅដូចមានពេលចំនួន ១២ ឆ្នាំហើយដែរ»។
លោក ម៉ក់ រ៉េមីស្សា បន្តឲ្យដឹងថា៖ «គំនូរដែលបានឃើញក្នុងរូបនោះ ខ្ញុំបានគូរវាកាលនៅរៀនឆ្នាំទី ២ គឺឆ្នាំ ១៩៩២ ដែលជាគំនូរនិយាយពីទិដ្ឋភាពនៅឯទន្លេបាទីនៃខេត្តតាកែវ ដែលគិតចាប់ឆ្នាំនោះមកដល់ពេលឥឡូវនេះ មានពេល ២៦ ឆ្នាំគត់។ ពេលឃើញគំនូរនេះ ធ្វើឲ្យខ្ញុំនឹកឃើញអនុស្សាវរីយ៍ចាស់ៗ ជាច្រើនកាលនៅរៀនផ្នែកវិចិត្រកម្ម ហើយក៏មានអារម្មណ៍គិតថា ចង់ចាប់ផ្តើមលើវិស័យនេះវិញម្តងទៀតផងដែរ ប្រសិនបើពេលវេលាសមគួរមាននោះ ទោះបីជាដឹងថា កន្លងមកខ្លួនឯងត្រូវបានគេទទួលស្គាល់ច្រើនលើផ្នែកថតរូបជាងគំនូរមែនក្តី»៕