ភ្នំពេញ៖ ដោយសារ​​តែ​ចង់​បណ្តុះ​បណ្តាលឲ្យ​កុមារ​ខ្មែរ​មាន​​​​​ទេពកោសល្យ​​​​​លើ​​​​វិស័យ​​​​សិល្បៈ​​​ដើរ​បង្ហាញ​​ម៉ូដ​ និង​អាច​ជួយ​​វិស័យ​​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន​​ ​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ អាច​​​ប្រកួត​​​​​ប្រជែង​នឹង​​គេ​បាន​​ ភ្នាក់ងារ​អឹរ៉ាយស៍​​អេជេនស៊ី (Arise Agency) បើក​វគ្គ​​បង្រៀន​ដើរ​​​​បង្ហាញ​​ម៉ូដ​​ដល់​កុមារ​ខ្មែរ​​ជា​លើក​ដំបូង​​។​

លោក ម៉ែន និមលរ័តន៍ ជា​ប្រធាន​​ប្រតិបតិ្ត​​​​នៃ​ភ្នាក់ងារ​​អឹរ៉ាយស៍ ​អេជេនស៊ី ដែល​​បណ្តុះ​បណ្តាល និងការ​​​បញ្ជូន​​​​បេក្ខភាព​​​កញ្ញា​ឯក​ខ្មែរ​​ប្រចាំ​ឆ្នាំ សម្រាប់​​​ការ​ប្រកួត​នានា​ បាន​​​​​​ឲ្យ​​​ភ្នំពេញ​ប៉ុស្តិ៍​ ដឹង​ថា៖ «នេះ​គឺ​ការ​​បើក​​វគ្គ​បង្រៀន​ថ្នាក់​ដើរ​បង្ហាញ​ម៉ូដ​ជា​លើក​ដំបូង​​នៅ​ខ្មែរ​ សម្រាប់​កន្លែង​យើង។​ ​ការ​​​​បណ្តុះ​​បណ្តាល​ ​១ អាទិត្យ​មាន​ ​៣ ​​ថ្ងៃ គឺ​ចន្ទ​ ពុធ និង​សុក្រ ខណៈ​​​យើង​បង្រៀន ​១ ថ្ងៃ ​ចំនួន​ ២ ​ម៉ោង (ម៉ោង ៤ ដល់​ម៉ោង ៦ ​​ល្ងាច)​ ថ្លៃ​​សិក្សា​​​ ​១ ​​ខែ ​តម្លៃ​​​ ១០០ ដុល្លារ​»។​

លោក ម៉ែន និមលរ័តន៍​ បញ្ជាក់​ពី​គោល​បំណង​​នៃ​ការ​បើក​​វគ្គ​នេះ​ថា៖ «ព្រោះ​ចង់​ឲ្យ​វិស័យ​​ដើរ​ម៉ូដ​នៅ​​ស្រុក​​ខ្មែរ​ដើរ​ទាន់​​​ប្រទេស​គេ​ជិត​ខាង​ ឬ​ក្នុង​តំបន់​ ដែល​មាន​ការ​រីក​ចម្រើន​ ហើយ​អ្នក​ដើរ​ម៉ូដ​របស់​គេ​​គឺ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ និង​​​មាន​ភាព​ស្ទាត់​ជំនាញ​​។ ក្រោយ​ពី​​ឆ្លង​កាត់​​​បទពិសោធ​ដែល​​ចេញ​ទៅ​ក្រៅ​ប្រទេស​​ច្រើន ហើយ​ទទួល​បាន​បទពិសោធ​ក៏​​ច្រើន​​​ដែរ​នោះ ទើប​យល់​ថា គួរ​តែ​មាន​​បើក​ថ្នាក់​បង្រៀន​កុមារ​ខ្មែរ​ឲ្យ​មាន​ភាព​ស៊ាំ​តាំង​ពី​ក្មេង​វ័យ​ទៅ​​​​ ទើប​ពួក​គាត់​អាច​ដើរ​ទាន់​គេ ឬ​មាន​ភាព​ចេះ​​ស្ទាត់​ជំនាញ​តាំង​​ពី​​ក្មេង​​​ទៅ​​តែ​ម្តង​ ទើប​អាច​ជួយ​ឲ្យ​​វិស័យ​ដើរ​ម៉ូដ​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​នានា​នៅ​លើ​សកល​​បាន​។​ តែ​ទោះ​ជា​យ៉ាង​​ណា​ក្តី ​​​ការ​បើក​បង្រៀន​ដើរ​ម៉ូដ​ទៅ​ដល់​ប្អូនៗ​​កុមារ​​នេះ​ មិន​បាន​ជះ​ឥទ្ធិពល​ដល់​ការ​សិក្សា​រៀន​​សូត្រ​​នោះ​ឡើយ​ គឺ​យើង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​​ពួក​គាត់​​​ផ្តោត​​លើ​ការ​សិក្សា​ច្រើន​ដដែល។​ ការ​​ដើរ​បង្ហាញ​ម៉ូដ​នេះ គ្រាន់​តែ​ជា​ជម្រើស​​ក្រៅ​ម៉ោង​សិក្សា​របស់​កុមារ​ប៉ុណ្ណោះ​ ប្រសិន​បើ​ពួក​គាត់​ចូល​​ចិត្ត​វិស័យ​នេះ​។ ប្រសិន​​បើ​​ពួក​គាត់​​មាន​ចំណូល​​ចិត្ត និង​អាច​​មាន​ភាព​ស៊ាំ​ទាំង​​ក្មេង​វ័យ​​​នោះ គឺ​រឹង​រឹត​តែ​អាច​ជួយ​ឲ្យ​ពួក​គាត់​ទទួល​​អត្ថប្រយោជន៍​​​ពេល​​​ធំ​ និង​​​​ស្ទាត់​ជំនាញ​​​​លើ​វិស័យ​​ដើរ​ម៉ូដ​​​រួច​ជា​ស្រេច»​។​

កុមារី​កម្ពុជា បង្ហាញ​សមត្ថ​ភាព​ដើរម៉ូដ​របស់​ខ្លួន​។ រូបថត ហ្វេសប៊ុក​

លោក ម៉ែន និមលរ័តន៍​ ​ក៏​​បាន​បញ្ជាក់​ឲ្យ​​ដឹង​​ពី​ការ​បើក​វគ្គ​បង្រៀន​ដើរ​ម៉ូដ​​​ដល់​កុមារ​ជា​លើក​​ដំបូង​នេះ ដែល​តម្រូវ​ឲ្យ​មាន​​ការ​​បង់​ថ្លៃ​សិក្សា​​​​ដែរ​ថា​៖ «​យើង​បាន​បើក​បង្រៀន​ដោយ​​​ឥត​គិត​ថ្លៃ ក៏​ព្រោះ​តែ​យើង​ត្រូវ​​ចំណាយ​ច្រើន​សម្រាប់​វគ្គ​បណ្តុះ​​បណ្តាល​មួយ​​នេះ ​ដូច​ជា​ការ​ចំណាយ​ទៅ​លើ​​ថ្លៃ​ជួល​​គ្រូ​ និង​​ចំណាយ​ទៅ​​លើ​ថ្លៃ​ជួល​ទី​​កន្លែង​​​​សម្រាប់​ការ​បង្ហាត់​បង្រៀន​​​ផង​ដែរ​»។​

តាម​បទពិសោធ​វិស័យ​ដើរ​ម៉ូដ​នៅ​​​ក្នុង​​សង្គម​កម្ពុជា គឺ​ពិត​ជា​​នៅ​​​មាន​លក្ខណៈ​មិន​ទាន់​​​ល្អ​គ្រប់គ្រាន់ ​ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​នឹង​​បណ្តា​ប្រទេស​​គេ​បាន​ឡើយ ព្រោះ​​ថា​​វា​ហាក់​​ដូចជា​នៅ​ខ្វះ​​វិធីសាស្រ្ត​ដើម្បី​​​​​​បណ្តុះបណ្តាល​ទេពកោសល្យ​​​ពី​ក្មេង​វ័យ ខណៈ​​នៅ​ឯ​ប្រទេស​គេ​វិញ​គឺ​​បាន​ហ្វឹកហាត់​តាំង​ពី​ក្មេង​វ័យ​មក​​។

លោក ម៉ែន និមលរ័តន៍​​​​ ​ ក៏​បាន​អះអាង​ថា៖ «​ប្រសិន​​​បើ​យើង​មិន​​​​បាន​បើក​វគ្គ​បង្រៀន​ដើរ​​បង្ហាញ​​ម៉ូដ​ដល់​​កុមារ​តាំង​​ពី​​ក្មេង​​​វ័យ​នោះ​ទេ ​ គឺ​ថា​​វិស័យ​ដើរ​​​​ម៉ូដ​​នៅ​​ស្រុក​ខ្មែរ​នៅ​តែ​មាន​ភាព​​ដើរ​យឺតៗ​​​ មិន​អាច​តាម​ទាន់​គេ​ដដែល។ ម្យ៉ាង​ទៀត​​ ក្រុម​​​ដើរ​ម៉ូដ​ ​​ពេល​ធំ​ពេញ​វ័យ​ គឺ​មើល​​ទៅ​ហាក់​ដូចជា​នៅ​មិន​​ទាន់​មាន​ភាព​ស្ទាត់​ជំនាញ​ដូច​ជា​ការ​ផ្ស៊ាំ​តាំង​ពី​​ពេល​នៅ​ក្មេង​​នោះ​​ឡើយ​»។​

សម្រាប់​ព័ត៌មាន​លម្អិត​ស្តីពី​ការ​បើក​​បង្រៀន​ដើរ​ម៉ូដ​កុមារ​របស់​ភ្នាក់ងារ​​​អឹរ៉ាយស៍ ​អេជេនស៊ី អាច​ធ្វើ​ការ​ទំនាក់ទំនង​​​​តាម​ប្រព័ន្ធ​​លេខ​ទូរស័ព្ទ​ ០៩៣ ៥៩ ៤៤៤៤ ដើម្បី​ចុះ​ឈ្មោះ​បុត្រ​ធីតា​លោក​​អ្នក​ឲ្យ​​ចូល​រៀន​៕​​