The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំ​ផ្កាឈូករ័ត្ន​ ទីឋាន​ដ៏​ខ្ពស់​បំផុត​តែ​បើកបរ​យានយន្ដ​ស្រួល​បំផុត

ភ្នំ​ផ្កាឈូករ័ត្ន​ ទីឋាន​ដ៏​ខ្ពស់​បំផុត​តែ​បើកបរ​យានយន្ដ​ស្រួល​បំផុត

Content image - Phnom Penh Post
​​កំពូល​ភ្នំ​ផ្កា​ឈូក​រ័ត្ន​ ​រំលេចផ្កា​ឈូ​ករ័ត្ន​ដែល​តំណាង​ឲ្យ​រដ្ឋ​កាន់សាស់ កម្ពស់​ ១២៣១ ម៉ែត្រ​លើនីវ៉ូទឹក​សមុទ្រ។

ភ្នំ​ផ្កាឈូករ័ត្ន​ ទីឋាន​ដ៏​ខ្ពស់​បំផុត​តែ​បើកបរ​យានយន្ដ​ស្រួល​បំផុត

ក្រុងតូប៉េកា: ស្ថិតនៅលើ​រយៈកម្ពស់​ដ៏​ខ្ពស់​រហូតដល់ ១២៣១ ម៉ែត្រ​នៅ​លើ​នីវ៉ូទឹក​សមុទ្រ កំពូល​ភ្នំ​ផ្កា​ឈូក​រ័ត្ន ឬ Mount Sunflower គឺជា​ចំណុច​ខ្ពស់​បំផុត​នៅ​ក្នុង​រដ្ឋ​កាន់សាស សហរដ្ឋ​អាមេរិក។ ប៉ុន្ដែ​កំពូល​ភ្នំ​ដ៏​ខ្ពស់​នេះ​ហាក់​គ្មាន​អ្វី​ខុស​ប្លែក​ពី​តំបន់​ទំនាប​ទូទៅ​ឡើយ។

វា​អត់​មាន​សណ្ឋាន​ជា​កំពូលភ្នំ​ស្រួច​ខ្ពស់ ដែល​ត្រូវ​ពុះពារ​តស៊ូ​តោង​ឡើង​ដើម្បី​ឈរ​គយគន់​ទេសភាព​ពី​ចម្ងាយ ឬ​ក៏​ស្រូប​ខ្យល់​អាកាស​ពី​លើ​វេហាស៍​អ្វី​នោះ​ទេ។

វា​មិន​ខុស​អី​ពី​ទីទួល​តូច​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ដី​វាល​ចម្ងាយ​ប្រមាណ​តែ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ព្រំដែន​រដ្ឋ​កូឡូរ៉ាដូ នោះ​ទេ។

ភ្នំ​ផ្កាឈូករ័ត្ន ទំនងជា​ភ្នំ​ដ៏​ខ្ពស់បំផុត​នូវ​រយៈកម្ពស់​ជាង​មួយ​គីឡូម៉ែត្រ​ដែល​អ្នក​ដំណើរ​អាច​បើកបរ​ឆ្លង​កាត់​ប្រុយ។

នៅ​កំពូលភ្នំ​ដ៏​ទាល​នេះ មាន​អាស្រម​តូច​មួយ​ដោត​ចម្លាក់​ដែក​រូប​ផ្កាឈូករ័ត្ន ដែលជា​ផ្កា​តំណាង​រដ្ឋ​កាន់​សាស់ នៅ​ទីឋាន​សម្រាក​ពិកនិក ជាទី​រំឭក​ដល់​ការ​ឧទ្ទិស​ចង​ចាំ​របស់​ក្រុម​គ្រួសារ ហារូដ ដែល​ធ្លាប់​មក​តាំង​លំនៅ​តាំង​ពី​ឆ្នាំ ១៩០៥ និង​ប្រអប់​សំបុត្រ​មួយ​ជាមួយ​សៀវភៅ​សម្រាប់​ភ្ញៀវ​ចុះ​ឈ្មោះ​ពី​ក្នុង។

Content image - Phnom Penh Post
វិមាន​ថ្ម ឬ Monument Rocks ស្ថិត​នៅ​លើ​ភ្នំ​ផ្កា​ឈូក​រ័ត្ន​ដ៏​វាល​ល្វឹង។

ពលរដ្ឋ​កាន់​សាស់ ទំនងជា​ដឹងថា កំពូលភ្នំ​ផ្កាឈូករ័ត្ន​នេះ​មាន​សណ្ឋាន​សំប៉ែត​ដូច​នំ​ភែនខេក តែ​វា​ក៏មាន​កំពូល​ស្ដួច​នៅ​ភាគ​ខាង​លិច​បន្ដិច​ម្ដង​រហូត​ដល់​ក្លាយ​ជា​ចំណោត​ភ្នំ​កម្ពស់​ជាង ១០០០ ម៉ែត្រ​នៅ​ប៉ែក​ខាង​ជួរ​ភ្នំ​ថ្ម (Rock Mountains) ដែល​មាន​ចម្ងាយ​ប្រមាណ ៣២០ គីឡូម៉ែត្រ​ភាគ​ខាង​លិច។

ខណៈ​ជួរ​ភ្នំ​ថ្ម​មាន​សណ្ឋាន​ខ្ពស់​ដែល​កកើតឡើង​ក្នុងអំឡុង​សម័យ​សេ​ណូ​ហ្សូ​រិ​ក ប្រមាណ​ពី ៦៦ លាន​មក ១,៦ លាន​ឆ្នាំ​មុន ទឹក​ហូរ​ទៅ​ភាគ​ខាង​កើត​ចេញ​ពី​ជួរ​ភ្នំ​ថ្ម នាំ​យក​ទាំង​គ្រាប់​ខ្សាច់​តូចៗ​ដ៏​ច្រើន​សម្បើម ក្រួស​ល្អិត ភក់ និង​កម្ទេច​ថ្ម​ជា​ច្រើន​ទៀត​មក​ចាក់​បំពេញ​ក្នុង​ជ្រលង​រហូត​ក្លាយជា​ទីទួល​ដ៏​ធំ​អស្ចារ្យ​ដោយ​មើល​ឃើញ​ជា​វាល​ទំនាប​ទៅ​វិញ។

តំបន់​នេះ ត្រូវ​បាន​ស្គាល់​ជា​វាល​ទំនាប​ខ្ពស់ និង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាច្រើន​នៃ​សហរដ្ឋ​អាមេរិក​ភាគ​កណ្ដាល។

ភ្នំ​ផ្កាឈូករ័ត្ន ដែល​តំណាង​ឲ្យ​រដ្ឋ​កាន់​សាស់ ស្ថិតនៅ​ចុង​ផុត​ភាគ​ខាងលិច​នៃ​រដ្ឋ​កាន់​សាស់​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​ចំណុច​ខ្ពស់​បំផុត​នេះ វាល​ទំនាប បន្ដ​ងើប​ឡើង​ខ្ពស់​រហូត​ដល់​ទៅ​ទល់​នឹង​ជួរ​ភ្នំ​ថ្ម​ក្នុង​រដ្ឋ​ក្បែរ​ខាង កូឡូរ៉ាដូ៕HR

Content image - Phnom Penh Post
អាស្រម​រំឭក​ដល់​គ្រួសារ​ ហារូដ និង​ក្យូស​ពិកនិក​សម្រាប់​អ្នក​ដំណើរ។

អត្ថបទគួរចាប់អារម្មណ៍