ក្រុងប៉េកាំង: មិនងាយមានឱកាសបានឃើញមឹក ក្រចាប់សមុទ្រ និងបង្គារធ្លាក់ពីលើមេឃពាសពេញដីឡើយ តែវាពិតជាបានកើតឡើងកាលពីថ្ងៃពុធ នៅទីក្រុងឆ្នេរគីងដាវ ប្រទេសចិន ក្រោយពីមានខ្យល់ព្យុះស្រូបទាញសមុទ្រទាំងពីសមុទ្រ។

កាលពីថ្ងៃពុធ ទីក្រុងឆ្នេរគីងដាវ ខេត្ដសានដុង ប្រទេសចិន ត្រូវបានបោកបក់ដោយខ្យល់ព្យុះដែលរំលំដើមឈើ និងបង្គោលប៉ាណូធំៗ ទឹកជំនន់លេចផ្លូវ និងបង្កបញ្ហាស្ទះចរាចរណ៍។ ប៉ុន្ដែក៏មានបាតុភូតចម្លែកកើតឡើងដែលធ្វើឲ្យអ្នកដំណើរស្រឡាំងកាំង ដោយបានឃើញសត្វសមុទ្រជាច្រើនធ្លាក់ពីលើមេឃ។

រូបភាពដ៏អស្ចារ្យនេះដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមចិន Weibo បានបង្ហាញពីសត្វមឹកហោះតាមខ្យល់ និងក្រចាប់ បង្គារ និងសត្វសណ្ដានខ្យងខ្ចៅដទៃទៀតធ្លាក់លើកញ្ចក់រថយន្ដអ្នកដំណើរ។ រូបភាពជាច្រើនសន្លឹកត្រូវបានចែករំលែកដោយទីភ្នាក់ងារអាកាសធាតុជាតិរបស់ចិន ហើយទឹកភ្លៀងសត្វសមុទ្របានក្លាយជាប្រធានបទថ្មីលើបណ្ដាញសង្គមដ៏ពេញនិយម។

ក្រុមអ្នកឧត្ដុនិយម បាននិយាយថា សត្វសមុទ្រទាំងនោះច្បាស់ត្រូវបានស្រូបទាញពីសមុទ្រដោយខ្យល់គួច រួចមកទើធ្លាក់លើដីគោកដោយកម្លាំងខ្យល់ខ្លាំង។

គួរឲ្យចាប់អារម្មណ៍ នេះមិនមែនជាលើកដំបូងដែលបាតុភូតធម្មជាតិបានកើតឡើងនោះទេ។ កាលពីដើមឆ្នាំមុន ភ្លៀងត្រីក៏បានធ្លាក់ពីមេឃាក្នុងទីក្រុងតាមពីកូ ប្រទេសម៉ិកស៊ិក ហើយភ្លៀងត្រីត្រូវបានរាយការណ៍កើតឡើងក្នុងទីក្រុងកេរ៉ាឡា ប្រទេសឥណ្ឌា កាលពីឆ្នាំ២០០៨ ផងដែរ៕ HR