ក្រុងហេស៊ីនគី៖ វា​ជា​ជំនាញ​មួយ​ដែល​អ្នក​នឹង​មិន​អាច​បំភ្លេច​បាន​នៅ ពេល​បាន​រៀន​រហូត​ដល់​មាន​​ពាក្យ​ស្លោក​មួយ​​ថា «​​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ហ្វាំងឡង់​ អាច​ទទួល​ការ​​រៀន​ជិះ​កង់​ឥត​គិត​ថ្លៃ ​ដើម្បី​ជួយ​ពួក​គេ​សម្រប​ខ្លួន​កាន់​តែ​ប្រសើរ​ទៅ​នឹង​ប្រទេស​ស្រឡាញ់​កង់​មួយ​នេះ​»។

នាព្រឹក​ អាកាស​ធាតុ​ស្រឡះ​ល្អ សិស្ស​ ៨ នាក់ ​មាន​ឱកាស​បាន​រៀន​ជិះ​​កង់​ក្នុង​ចំណត​រថយន្ដ​ទទេ​ស្អាត​មួយ​នៃ​ក្រុង​ហេស៊ីនគី ​ជា​ទី​ដែល​ពួក​គេ​ត្រូវ​ពាក់​មួក​សុវត្ថិភាព និង​កាន់​កង់ ​១ គ្រឿង​ម្នាក់​។

លោក Federico Ferrara មក​ពី​សហព័ន្ធ​អ្នក​ជិះ​កង់​ហ្វាំងឡង់ ដែល​​​បើក​គម្រោង​នេះ បាន​និយាយ​ថា​៖ «មនុស្ស​ជា​ច្រើន​ ដែល​មក​ហ្វាំងឡង់​ ភាគ​ច្រើន​ជា​ស្ដ្រី ពួក​គេ​គ្មាន​ចេះ​ជិះ​កង់​ទេ​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ចំពោះ​សង្គម​ហ្វាំងឡង់​» ។

លោក Ferrara ទទូច​ថា ការ​រៀន​ជិះ​កង់​ជួយ​ផ្ដល់​ថាមពល​ដល់​អ្នក​ចំណូល​ថ្មី ជា​ពិសេស​ស្ដ្រី​ដែល​ពួក​គេ​ជា​ច្រើន​មក​ពី​តំបន់​អាហ្រ្វិក​ខាង​ជើង ឬ​មជ្ឈិម​បូព៌ា​។

ប្រជាជន​ហ្វាំងឡង់​នៅទីក្រុង​និយម​ធ្វើដំណើរ​ដោយជិះកង់​។ រូបថត AFP

លោក​និយាយ​ថា​៖ «​អតិថិជន​របស់​យើង​ជា​ច្រើន​រង​នូវ​ការ​មាក់​ងាយ​ចំពោះ​​ជំនាញ​ជិះ​កង់​នេះ​ ប្រហែល​មក​​ពី​ពួក​គេ​ឧស្សាហ៍​ជិះ​ដួល​ ពេល​នៅ​ក្មេង​ ហើយ​ពួក​គេ​បាក់​ស្បាត​លែង​ហ៊ាន​ជិះ​ទៀត​រហូត​ដល់​ពេល ២០ ឆ្នាំ ​ក្រោយ​ទើប​កាន់​ដៃ​កង់​ជា​ថ្មី​»។

អ្នក​បង្ហាត់​បង្រៀន​ជួយ​ទប់​កង់​​ឲ្យ​​សិស្ស​ឡើង​អង្គុយ​ ហើយ​សម្រាប់​ក្រុម​សិស្ស​ទាំង​នេះ បាន​ស៊ាំ​​ជាមួយ​កង់​ខ្លះ​ៗ​។ ទោះ​មិន​ទាន់​​រៀន​ទ្រឹស្ដី​ចប់​សព្វ​គ្រប់​​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បង្រៀន​​ឈ្មោះ សាមី វីតានេន បាន​សម្រេច​ថា ក្រុម​នេះ​បាន​ឆ្លង​ផុត​មួយ​វគ្គ​ និង​នាំ​ពួក​គេ​ទៅ​អនុវត្ដ​ការ​ជិះ​កង់​ផ្ទាល់​តែ​ម្ដង។

ការ​ជិះ​កង់​ពិត​ជា​ពេញ​និយម​នៅ​ប្រទេស​ដ៏​ត្រជាក់​មួយ​នេះ ដែល​ប្រជាជន​ជាង​ពាក់​កណ្ដាល​ក្នុង​ទីក្រុង​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​កង់​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង ​១ ​សប្ដាហ៍​។

លោក Ferrara ដែល​បាន​​បង្រៀន​អ្នក​ជិះ​កង់​ដំបូង ៣២០ នាក់​ ជាមួយ​សហការី​របស់​លោក​បាន​បន្ថែម​ថា​៖ «បើ​ពួក​គេ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ ពេល​ពួក​គេ​មិន​ដឹង​ទៅ​ណា​ពួក​គេ​អាច​ជិះ​កង់​តាម​សហគមន៍​យ៉ាង​រីករាយ​»៕ AFP/HR