សៀមរាប: នៅប្លុកផាប់ស្ទ្រីត ជាបណ្ដុំលក់ស្រាគ្រប់ប្រភេទ រួមទាំងស្រាក្រឡុកកន្ថោរ និងស្រាបៀរតម្លៃថោក ក៏ដូចជារទេះលក់ភេសជ្ជៈក្រឡុក វាមិនមានខ្វះជម្រើសភេសជ្ជៈអ្វីទាល់តែសោះនៅសៀមរាប លុះត្រាតែប្រាថ្នាស្រាក្រឡុករសជាតិបែបថ្មី និងអង្គុយក្នុងបារ៍ក្រោមបរិយាកាសប្លែកអារម្មណ៍។
តម្រូវការនេះមាននៅបារ៍ អាសនៈ ឬអាសាណាបើកទ្វារជិត ៧ ឆ្នាំ ដែលនៅតែរក្សាភាពវិសេសរបស់ខ្លួនជាមួយប្រភេទស្រាក្រឡុកប្រើគ្រឿងផ្សំរសជាតិពីគ្រឿងទេសផ្ទះបាយខ្មែរ និងរចនាប័ទ្មបារ៍តែ ១ គត់កណ្ដាលក្រុង។
ពេលឈានជើងចូលដល់បរិវេណបារ៍ អាសាណា វាហាក់ដូចជាដំណើរទៅដល់ភូមិឋានជនបទស្រុកស្រែចម្ការ។
បារ៍ផ្ទះឈើបុរាណ អាសាណាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលមុននេះ វាធ្លាប់ជាផ្ទះរស់នៅរបស់ក្រុមគ្រួសារមួយ។ ផ្ទះឈើបុរាណនេះត្រូវបានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយវាធ្លាប់ជាផ្ទះដ៏ទាន់សម័យមួយនាគ្រានោះ។ សំណង់នេះជាផ្ទះបែបប្រពៃណីចុងក្រោយក្នុងតំបន់ផ្សារចាស់ ហើយបច្ចុប្បន្ន វាជាសក្ខីភាពនៃការរីកចម្រើនរបស់ក្រុងសៀមរាប។
អ្នកស្រី អ៊ុន សុផារី ម្ចាស់បារ៍អាសាណាបាននិយាយថា៖ «ខ្ញុំមានមោទនភាព ដែលយើងអាចបង្ហាញផ្ទះរបៀបលក្ខណៈខ្មែរបែបស្រុកស្រែ ស្ថិតនៅក្នុងក្រុងសម្រាប់ភ្ញៀវបរទេស ពីព្រោះភាគច្រើននៅទីនេះសម្បូរភ្ញៀវបរទេស។ គាត់ថា វ៉ូវ! យកផ្ទះនេះមកពីណា? ហើយសម្រាប់ខ្មែរយើង ក្មេងៗគាត់អត់សូវស្គាល់ផ្ទះបុរាណខ្មែរ ពួកគាត់ក៏ងឿងឆ្ងល់ដែរ»។
កៅអីឈើ ទ្រនាប់ស្រោបបាវអង្ករ គ្រែចងខ្សែព្យួរកម្រាលពូក និងខ្នើយស្រោបបាវអង្ករ ព្រមទាំងជង្រុកស្រូវច្នៃជាសាឡុងយ៉ាងស្រស់ស្អាតស្ថិតនៅក្រោមផ្ទះរចនាប័ទ្មផ្ទះឈើបុរាណទសវត្សរ៍។
ផ្សំគ្រឿងស្រាក្រឡុកបណ្ដើរ ឆ្លៀតមកផ្ដល់បទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្ដិ៍ បណ្ដើរ លោក Dwen Franke មានជំនាញជាអ្នកក្រឡុកស្រា បានប្រាប់ថា៖ «ពេលខ្ញុំដឹងថា មានបារ៍មួយរចនាឡើងពីផ្ទះឈើបុរាណនៅកណ្ដាលក្រុងនេះ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំង ដោយមានបំណងចង់ឃើញ និងចង់ភ្លក្សរសជាតិស្រាក្រឡុកច្នៃយ៉ាងពិសេសនៅទីនេះ»។
បុរសអាមេរិក ដែលទើបតែស្គាល់វប្បធម៌អាស៊ីអាគ្នេយ៍ថ្មីថ្មោងរូបនេះ បន្ដថា៖ «នៅម្ដុំនេះ យើងឃើញអគារទំនើបៗគ្រប់ច្រកល្ហក។ ផ្ទះមួយនេះ ជាទិដ្ឋភាពលំនៅឋានបែបស្រុកស្រែ ដែលសម្បូរច្រើននៅតាមជនបទកម្ពុជា»។
អាសាណា បម្រើភេសជ្ជៈចម្បងជាប្រភេទស្រាក្រឡុក តាមបែបផែនពីសម័យដើមផង ពីបរទេសផង និងការច្នៃប្រឌិតពីម្ចាស់ហាងផ្ទាល់ផង។
អ្នកស្រី សុផារី បានរៀបរាប់ថា៖ «ខ្ញុំប្រើគ្រឿងផ្សំលាយ ដូចជា ល្មៀត ខ្ញី ម្អម ស្លឹកក្រូចសើច និងស្រា ស ដែលធ្វើពីអង្ករខ្លះដែរ ពីព្រោះមុនដំបូង ខ្ញុំធ្វើតែរុក្ខជាតិពីខ្ញីស្លឹកគ្រៃ ទឹកអំបិលជាដើម។ ប៉ុន្ដែដោយសារអត់មានទីផ្សារ ខ្ញុំក៏ចាប់ផ្ដើមលាយជាស្រាក្រឡុកវិញ»។
អ្នកស្រី បានប្រាប់ថា ការរៀនក្រឡុកស្រាមាន ៣ មុខ រួចភ្ញៀវអាចភ្លក្សស្នាដៃខ្លួនឯងចេញពីគ្រឿងទេសផ្ទះបាយ ដូចជា ម៉ូជីតូ ខ្ញី ទឹកអំបិល និងអាសាណា ស្ល៊ីង ក្នុងតម្លៃ ១៥ ដុល្លារ រួមទាំងគ្រឿងក្លែមតិចតួចគ្រាន់ទ្រាប់ពោះ។
លើតុមានជ្រញ់ កូនត្បាល់ និងគ្រឿងទេសជាច្រើនមុខ ស្ដ្រីជួតក្បាលក្រមាបានឲ្យដឹងថា៖ «ស្រាក្រឡុកទឹកអម្ពិល មានគ្រឿងផ្សំទឹកអម្ពិល ម្អម ស្លឹកក្រូចសើច និងស្រារ៉ាំ។ អាសាណាស្ល៊ីងដូចស៊ីងហ្គាពួស្ល៊ីង តែខ្ញុំដាក់ស្រាថ្នាំ»។
បារ៍អាសាណានៅផ្លូវលេខ ៧ ភូមិមណ្ឌល ១ ក្បែរផាប់ស្ទ្រីតសៀមរាប។ ទំនាក់ទំនងលេខ ០៩២ ៩៨ ៧៨ ០១៕