ភ្នំពេញៈ ធ្លាប់តែ​បាន​ប្រទះឃើញ​ស្នាដៃ​ចម្លាក់​នានា​នៅ​តាម​ទីសាធារណៈ ដែល​មាន​វត្ថ​ធាតុ​ដើម​ពី​ប្រាក់ ស្ពាន់ ឬ​មាស​រួម​មាន​ដូចជា​ចម្លាក់​រូប​សម្តេច​សង្ឃ ជួន ណាត កំពូល​ឆត្ររួត​នៃ​ព្រះបរមរាជវាំង​ចម្លាក់​កំពូល​សាក្យមុនី​ចេតិយ​នៅ​ភ្នំ​អដ្ឋរស្ស​ចម្លាក់​ឡូហ្គោ​ក្រសួង​មហាផ្ទៃ និង​ចម្លាក់​គ្រឿង​ភាជន៍​នានា​មួយ​ចំនួន ដែល​មាន​ភាព​ប្រណីត និង​មើល​ទៅ​មាន​ទឹកដៃ​ដ៏វិសេស​វិសាល​គួរ​ឲ្យ​ស្ញប់ស្ញែង​យ៉ាង​ក្រៃលែង តែ​ពុំ​ដែល​បាន​ស្គាល់​ជាង​ដ៏ជំនាញ​ដែល​មាន​រយៈកាល​រហូត​មក​ដល់​ ៣ ​ជំនាន់​ទៅ​ហើយ​។

កន្លែង​ជាង​ទងស្ពាន់ ប្រាក់ និង​មាស លក្ខណៈ​គ្រួសារ​លោក ស៊ុំ ស៊ីរ៉ា ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ ១២ ​នាក់​សុទ្ធតែ​មាន​ជំនាញ​ជាងទង​គឺជា​ជំនាញ​លោក​បាន​រៀន​បន្ត​ពី​ឪពុក​លោក​ឈ្មោះ ស៊ុំ ស៊ីនឿម ដែល អតីត ជា​សាស្ត្រាចារ្យ​ផ្នែក​ចម្លាក់​សូន​រូប និង​ប្រធាន​បណ្ណាល័យ​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ទើប​ទទួល​មរណភាព​ប្រមាណ ១ ​ខែ​កន្លះ​មក​ហើយ​ដោយសារ​ជំងឺមហារីក​ក្រពះ​បាន​ឆក់យក​ជីវិត​លោក​បាត់​ទៅ​នៅក្នុង​វ័យ ៥៨ ​ឆ្នាំ​ក្រោយពី​បាន​ប្រកបរបរ​នេះ​ចិញ្ចឹម​ជីវិត​អស់​រយៈ​ជាង ៣០ ឆ្នាំ​មក​នោះ​។

ចម្លាក់​រចនា​ជា​ក្បាច់ក្បូរ​លើ​ខ្សែក្រវាត់​ពី​ជាងទង​ដ៏ជំនាញ​នៃ​គ្រួសារ​លោក ស៊ុំ ស៊ីរ៉ា​។ រូបថត ហ្វេសប៊ុក

ដោយសារ​ខ្លួន​ធ្លាប់​មាន​បទពិសោធ​ផ្នែក​ចម្លាក់​ជាង​ទង​នេះ​ក៏​ច្រើន​ក្រាស់ក្រែល​ដែរ គឺ​តាំងពី​ក្មេង​វ័យ​រហូត​បច្ចុប្បន្ន​មាន​វ័យ ៣០ ​ឆ្នាំ និង​ជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​នោះ​លោក ស៊ុំ ស៊ីរ៉ា គឺជា​អ្នក​ទទួល​ស្នង​ជំនាញ​នេះ​បន្ត​ពី​ឪពុក ខណៈ​លោក​បាន​សិក្សា​ជំនាញ​ចម្លាក់​សូន​រូប​ផង​ដែរ​។

លោក ស៊ុំ ស៊ីរ៉ា ក៏​បាន​រៀបរាប់​រំឭក​ពី​ប្រវត្តិ​នៃ​ដើមទង​មាន​អាជីវកម្ម​ជំនាញ​ជាងទង​តពី​ជីតា​របស់​លោក​បន្ត​មក​ដល់​ឪពុក និង​ជំនាន់​ទី​ ៣ ជា​រូបលោក​នោះ​ដែរ​ថា​៖ «​លោកតា​របស់​ខ្ញុំ​ឈ្មោះ ស៊ុំ សម័យ ដែល​ស្ថាបនិក និង​ព្រឹទ្ធាចារ្យ​នៃ​មហាវិទ្យាល័យ​សូន​រូប​ជំនាន់​ទី​ ១ នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​។ គាត់​ធ្លាប់​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ព្រះបរមរាជវាំង ហើយ​មាន​ជំនាញ​ជាងទង​ផ្នែក​គ្រឿង​ស្ពាន់ ប្រាក់ និង​មាស​នេះ​។ ដំបូង​ឡើយ​លោកតា​បាន​មក​រក​កន្លែង​នៅឯ​បរិវេណ​សាលា​រចនា (​មហាវិទ្យាល័យ​សូន​រូប​) ដើម្បី​ធ្វើ​ជា​រោង​ជាង​ផលិត​ស្នាដៃ​ចម្លាក់​ពី​ស្ពាន់ ប្រាក់ ឬ​មាស នោះ​។ ដោយសារ​មាន​សំណូមពរ​ពី​ក្មេងប្រុសៗ​កាល​នោះ​ចង់​រៀន​ជំនាញ​ចម្លាក់​នេះ ក្រោយ​មក​លោកតា​ក៏​បាន​ស្នើសុំ​ក្រសួង​វប្បធម៌​បង្កើត​ឲ្យ​មាន​ផ្នែក​សាលា​សូន​រូបនេះ​ផង​ដែរ​»​។

ចម្លាក់​រូប​ពី​ជាងទង​គ្រួសារ​លោក ស៊ុំ ស៊ីរ៉ា​។ រូបថត ហ្វេសប៊ុក

បើ​ទោះបី​ជា​ការងារ​ចម្លាក់​គ្រឿង​ស្ពាន់ ប្រាក់ និង​មាស​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​សូវ​មាន​ទីផ្សារ​ល្អ ឬ​មាន​ភាពលេចធ្លោ ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ក្តី​ក៏​ក្រុម​គ្រួសារ​លោក ស៊ុំ ស៊ីរ៉ា បាន​បន្ត​កេរដំណែល​បាន ៣ ​ជំនាន់​មក​ហើយ​ដែរ ខណៈ​លោក​ក៏​ពុំ​រអ៊ូ​អំពី​បញ្ហា​ជីវភាព​សម្រាប់​ការប្រកបរបរ​នេះ​ទេ​។

លោក ស៊ុំ ស៊ីរ៉ា បាន​បង្ហើប​ថា​៖ «​ជីវភាព​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ប្រកបរបរ​ជាងទង​នេះ សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​មិន​ចោទ​ជា​បញ្ហា​ឡើយ​គឺ​អាច​រស់នៅ​បាន​យ៉ាង​សមរម្យ​មិន​ជួប​ការខ្វះខាត​នោះ​ទេ​។ សព្វថ្ងៃ​យើង​សឹង​តែ​គ្មាន​ពេល ដើម្បី​ទទួល​ការងារ​សម្រាប់​ការ​កុម្ម៉ង់​ធ្វើ​ផង​ដែរ ដោយសារ​យើង​មាន​បងប្អូន​ខ្មែរ​ច្រើន​ស្គាល់​ពី​ទឹកដៃ​​នៃ​ចម្លាក់​យើង​តាំងពី​ជំនាន់​លោកតា និង​ពុក​។ រាល់​ស្នាដៃ​របស់​គ្រួសារ​យើង​ដ៏​មាន​កិត្តិយស​ដោយសារ​តែ​មាន​ការចាប់អារម្មណ៍ និង​ទទួល​ការកម្ម៉ង់​ធ្វើ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​យើង​មាន​សម្តេច ហ៊ុន សែន សម្តេច ស ខេង លោក លោកស្រី អ្នក​ឧកញ៉ា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ស្ទើរតែ​គ្រប់​ស្ថាប័ន​នានា​ទៀតផង​»​។

លោក ស៊ុំ ស៊ីរ៉ា បាន​បន្ត​ថា​៖ «​ចម្លាក់​តូចៗ​ត្រូវ​ចំណាយ​ពេល​ធ្វើ​តិច​បំផុត ១ សប្តាហ៍ ឬ ១០ ថ្ងៃ ដែល​ភាសា​ជាងទង​ហៅថា​ធ្វើ «២-៣ ភ្លើង​» និង​មធ្យម​វិញ​ប្រើពេល ១ ខែ ទៅ ១ ខែ​កន្លះ ខណៈ​ចម្លាក់​ធំ​វិញ​ត្រូវ​ប្រើ​ពេល ៣-៤ ខែ​។ ចំណែក​តម្លៃ​ចន្លោះ​ពី ៨០០ ទៅ ១៦០០ ដុល្លារ ខ្នាត​គិត​ជា ១ ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ប្រែប្រួល​អាស្រ័យ​ទៅ​តាម​ការកុម្ម៉ង់​ចង់​បាន​ពី​ភ្ញៀវ​មាន​ក្បាច់ក្បូរ ផ្កាភ្ញី ចម្លាក់ រឿង ឬ​រូប​មនុស្ស​»៕

ក្បាច់ចម្លាក់​ឆត្ររួត​ស្នាដៃ​ជាងទង​លោក ស៊ុំ ស៊ីរ៉ា​។ រូបថត ហ្វេសប៊ុក