ក្រុង​​សៀមរាបៈ​ រួម​ដំណើរ​ជាមួយ​សហការី​គឺ​ម៉ូតូ​ ១​ គ្រឿង និង​កាមេរ៉ា ១ ​គ្រឿង ជិះ​រុករក​ទី​​ភូមិឋាន​​​​​​ពលរដ្ឋ​ក្រីក្រ​ខ្មែរ​ ដែល​ខ្វះ​អណ្តូង​ទឹក​ស្អាត​ប្រើ បុរស​​មាន​មុខ​មាត់​ទំនង​​ជា​កូន​កាត់​​​ខ្មែរ​-ចិន វ័យ​ជិត​​​សែសិប​ឆ្នាំ​ ​​​បាន​ចំណាយ​ពេល​​​​វេលា​ប្រមាណ​ ១៤ ឆ្នាំ ប្រឡូក​​ជា​អ្នក​កៀរគរ​ទទួល​ជំនួយ​​មនុស្ស​​ធម៌​ពី​ជន​បរទេស​ធ្លាប់​ជា​ភ្ញៀវ​​​មក​​កម្សាន្ត​ស្រុក​ខ្មែរ​​ ដោយ​​​លោក​ក៏​ជា​​មគ្គុទ្ទេសក៍​ទេសចរណ៍​​​ក្រៅ​ក្រប​ខ័ណ្ឌ​​ និង​​ជា​​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ជិត​ ២០ ឆ្នាំ​ នៅ​​តំបន់​​ប្រាសាទ​​បុរាណ​​នានា​ក្នុង​​ខេត្ត​សៀមរាប​នោះ​​នឹក​ចង់​​​បើក​ជា​​​អង្គការ​មួយ​​​ ​ដើម្បី​ជួយ​​ទៅ​ដល់​សហគមន៍​ក្រីក្រ ​ដើម្បី​សម្រេច​ក្តី​សុបិន​​របស់​​ខ្លួន​បន្ត​ដំណើរ​ទៅ​មុខ​ផង​ដែរ​​​​​​។​​

លោក ប៉ា សុងហ៊ាង ដែល​ធ្លាប់​មាន​មុខ​​របរ​​បែប​ចម្រុះ​ដោយ​ធ្វើ​​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ឯកជន​នៅ​តំបន់​​ប្រាសាទ​អង្គរ​ និង​អ្នក​រត់​រ៉ឺម៉ក​​កង់បី​​ ហើយ​លោក​គឺ​​​ជា​អ្នក​កៀរគរ​ទទួល​ជំនួយ​មនុស្ស​ធម៌​​ពី​​​ជន​បរទេស​ ដែល​លោក​​បាន​ស្គាល់​ ដើម្បី​​​​​ចុះ​ទៅ​ជួយ​សង់​​​អណ្តូង​ទឹក​ស្អាត​ នៅ​តាម​តំបន់​សហគមន៍​ក្រីក្រ​ទូទាំង​ខេត្ត​សៀមរាប អស់​រយៈពេល​ ១៤ ​ឆ្នាំ​​​ ​រួម​ទាំង​​មាន​សកម្មភាព​បន្ទាប់​បន្សំ​ផ្សេង​​ទៀត ​ដោយ​បាន​ជួយ​សង់​​​​អណ្តូង​ទឹក​ស្អាត​ជិត ៧០០ អណ្តូង បាន​ជួយ​សង់​បណ្ណាល័យ​​​​​ជូន​សាលា​​បឋម​សិក្សា​ ១ កន្លែង ជួយ​សង់​ផ្ទះ និង​ជួយ​ជួសជុល​ដំបូល​​សាលា​ ដែល​​ធ្លុះ​ធ្លាយ​មួយ​ចំនួន​ដោយ​គិត​​ពី​ឆ្នាំ ​២០០៥ មក​​ ​ឆ្នាំ ​២០១៩ នេះ​សរុប​​ការ​​ចំណាយ​ប្រាក់​ប្រហែល​ជា​ ៥០ ​ម៉ឺន​ដុល្លារ​​​​។

អគារបណ្ណាល័យ​សាលាបឋមសិក្សា​ជន្លង់​ ដែលលោក សុងហៀង​ បាន​ស្នើ​សុំ​ជួយ​។ សហការី

លោក ប៉ា សុងហ៊ាង ដែល​ដើរ​តួ​ជា​​ម្ចាស់​​​គម្រោង​ផង និង​ជា​កម្មករ​ផង ក្នុង​​ការ​នាំ​យក​ជំនួយ​ចុះ​ទៅ​ជួយ​សង់​អណ្តូង​​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​ក្រីក្រ​ ក៏​បង្ហើប​ឲ្យ​ដឹង​ពី​ក្តី​ប្រាថ្នា​​មួយ​ចង់​មាន​ជា​ទីស្នាក់ការ​អង្គការ​​​មួយ​​​​សម្រាប់​​លោក​មាន​គ្នា​ធ្វើ​កិច្ច​ការ​​ជួយ​សម្រួល​សហគមន៍​ក្រីក្រ​ ដែល​​​លោក​ធ្លាប់​ឆ្លង​កាត់​អស់​រយៈពេល​​​ប្រមាណ ១៤ ឆ្នាំ​មក​នេះ​ផង​ដែរ ​ដោយ​លោក​មិន​ធ្លាប់​គិត​ថា ធ្វើ​ទង្វើ​​មនុស្ស​ធម៌​ជួយ​​ពលរដ្ឋ​ខ្មែរ​​ក្រោម​រូបភាព​​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ​។

លោក​បង្ហើប​ប្រាប់​ពី​​សមិទ្ធផល​នៃ​ការងារ​ជួយ​សង្គម​ដោយ​​​ដើរ​តួនាទី​ជា​​អ្នក​​កៀរគរ​ទទួល​​​ជំនួយ​ពី​មិត្តភក្តិ​បរទេស​​ ​​តាំង​ពី​ឆ្នាំ​ ២០០៥​​ ថា៖ «​បើ​គិត​​ពី​​ដំបូង​មក​​​ (ឆ្នាំ​ ២០០៥) ​ដល់​សព្វ​ថ្ងៃ​នេះ​ សង់​អណ្តូង​បាន​ជិត​ ៧០០ សង់​អគារ​បណ្ណាល័យ​​សាលា​បឋម​សិក្សា​ជន្លង់​ ១​ ​ក្នុង​ភូមិ​ចន្លោង​ សង្កាត់​ស្រងែ ​ក្រុង​សៀមរាប​ នៅ​អំឡុង​​ឆ្នាំ​ ២០១៤-២០១៥​ ​ជួយ​សង់​ផ្ទះ​ និង​ជួយ​ជួសជុល​ដំបូល​សាលា​ ដែល​ធ្លុះធ្លាយ​​មួយ​ចំនួន​ ​គិត​ជា​ប្រាក់​​គឺ​​មិន​តិច​​ជាង​ ៥០​ ម៉ឺនដុល្លារ​ ឡើយ​នៅ​​ក្នុង​​​ពេល ​​១៤ ឆ្នាំ​ ដែល​ខ្ញុំ​បាន​ដើរ​ចុះ​ជួយ​សង់​អណ្តូង​ទឹក​​ស្អាត​ឲ្យ​បង​ប្អូន​ខ្មែរ​តាម​សហគមន៍​ក្រី​ក្រនោះ​​​ ដែល​​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​បរទេស​​​នានា​មាន​​ ន័រវែស អូស្ត្រាលី ហូឡង់ និង​អាមេរិក ជា​ដើម​​។ ឥឡូវ​នេះ ក៏​មាន​ក្តី​សុបិន​ចង់​បើក​អង្គការ​​​សម្រាប់​​​ជួយ​សហគមន៍​»៕