ក្រុង​ហ្សាការតា៖ បិទ​ព្រំ​ដែន និង​ផ្ដាច់​ទំនាក់​ទំនង​សង្គម ​ដើម្បី​​បន្ថយ​ហានិភ័យ​ឆ្លង​វីរុស​កូរ៉ូណា នៅ​តែ​ជា​យុទ្ធសាស្ដ្រ​បរាជ័យ​ក្នុង​ការ​បញ្ឈប់​គូស្នេហ៍​ឆ្លង​ដែន​ឥណ្ឌូនេស៊ី​កាត់​ផ្ដាច់​​ចំណង​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ពុធ​ ទោះ​មិន​បាន​សិទ្ធស្នាល​​ក្ដី។

អ៊ីរ៉ា ឆរីណា អូថូរ៉ា និង​ដៃគូ​តួកគី យ៉ាវុស អូហ្សដេមៀរ បាន​រៀបចំ​ពិធី​មង្គលការ​នៅ​ព្រះវិហារ​អ៊ិស្លាម​ អាល់​អាកបារ ក្នុង​ក្រុង​ស៊ូរ៉ាបាយ៉ា ខណៈ​មិត្ដភក្ដិ​ និង​ក្រុម​គ្រួសារ អង្គុយ​គម្លាត​គ្នា ២ ម៉ែត្រ​ ជា​សក្ខីភាព​។

គូស្នេហ៍​ឆ្លង​វេហាស៍​ទាំង ២ ​បាន​ពាក់​​ម៉ាស់ និង​រក្សា​គម្លាត​​ពេញ​មួយ​ចប់​ពិធី​​​​ស្រប​តាម​គោល​ការណ៍​របស់​អាជ្ញាធរ ដែល​បាន​ហាម​ប្រាម​ការ​ជួប​ជុំ​ រួម​ទាំង​ពិធី​អាពាហ៍ពិពាហ៍​ តែ​អនុញ្ញាត​លើ​ករណី​ខ្លះ​សម្រាប់​អាពាហ៍ពិពាហ៍​កក់​ទុក​មុន​ពេល​ប្រកាស​អាសន្ន​។

ការ​ព្រមាន​​វីរុស​ត្រូវ​បាន​ដាក់​សញ្ញា​​បង្ហាញ ដោយ​ព្រឹត្ដិការណ៍​នោះ​មិន​មាន​អ្នក​ចូល​រួម​លើស​ពី ២៥ នាក់​ រួម​ទាំង​មាន​ការ​វាស់​កម្ដៅ​ខ្លួន​នៅ​មាត់​ច្រក​ចូល​ព្រះវិហារ និង​ការ​លាងដៃ​សម្លាប់​មេរោគ​។ អាពាហ៍ពិពាហ៍​នេះ​ក៏​ត្រូវ​បាន​ប្រារឰ​ឡើង​ត្រឹម ៣០ នាទី​ប៉ុណ្ណោះ​។

មង្គល​ការរវាង​កូន​ក្រមុំ​ឥណ្ឌូនេស៊ី និង​កូន​កំលោះ​តួកគី​រៀបចំឡើង​នៅព្រះវិហារ​អ៊ិស្លាម​តែ ៣០នាទី​។ AFP

ភាព​ស្និទ្ធស្នាល​លើក​ដំបូង​បាន​កើត​​​ឡើង​នៅ​ពេល​លោក អូហ្សដេមៀរ ដែល​កញ្ញា អ៊ីរ៉ា ឆរីណា បាន​ជួប​លើក​ដំបូង​តាម​បណ្ដាញ​សង្គម បាន​ដោះ​ម៉ាស់​ខ្លួន​ឯង​មួយ​ភ្លែត ​ដើម្បី​ឲ្យ​កូន​ក្រមុំ​​បញ្ចុក​នំ​អាពាហ៍ពិពាហ៍​។

ពិធី​ជប់​លៀង​មង្គលការ​របស់​ពួក​គេ​ត្រូវ​បាន​លុប​ចោល​ ដែល​គ្រាន់​តែ​មាន​កម្មវិធី​នៅ​ព្រះវិហារ​អ៊ិស្លាម​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​គម្រោង​អាពាហ៍ពិពាហ៍​កក់​ទុក​មុន​ប៉ុណ្ណោះ​។

អ្នក​នាំពាក្យ​ព្រះវិហារ អាល់ អាក-បារ លោក ហេលមី អេម ន័រ បាន​ប្រាប់ AFP ថា​៖ «​មនុស្ស​ទាំង​អស់​ត្រូវ​​ដើរ​ឆ្លង​កាត់​កន្លែង​បាញ់​សម្លាប់​មេរោគ​ ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​កម្ដៅ​ខ្លួន​»។

អ្នកស្រី អូថូរ៉ា ទើប​រៀបការ​ថ្មី​ថ្មោង​បាន​និយាយ​ថា អ្នកស្រី​នៅ​តែ​រីករាយ​ចំពោះ​អាពាហ៍ពិពាហ៍​នេះ ទោះ​ស្ថិត​ក្នុង​​ការ​រឹត​បន្តឹង​យ៉ាង​ណា​ក៏​ដោយ​។

អ្នកស្រី​និយាយ​ថា​៖ «​យើង​បារម្ភ​ថា បើ​យើង​ខកខាន​ក្នុង​ពិធី​មង្គល​ការ​ថ្ងៃទី ២៩ ខែ​មិនា ទៀត​ ហើយ​យើង​ក៏​ប្រហែល​ជា​អស់​ឱកាស​រៀប​ការ​ហើយ​»៕ AFP/HR