ភ្នំពេញៈ ទើប​តែ​ចេញ​សៀវភៅ​មាន​ចំណងជើង​ថា​ «​បងប្អូន​ប្រុស​ទាំង​ ៣» មាន​អត្ថន័យ​រៀបរាប់​ពី​ប្រវត្តិ​កូនប្រុស​ទាំង​ ៣ ​នាក់​របស់​លោក ហ៊ុន សែន បង្កើត​ភាព​ភ្ញាក់ផ្អើល​កាលពី​ចុង​ឆ្នាំ​ ២០១៨ នោះ​សោះ​ស្រាប់តែ​នា​ព្រឹក​ថ្ងៃទី​ ៤ ខែ​មេសា ឆ្នាំ​ ២០១៩ ម្សិលមិញ​នេះ​លោក ឆាយ សុផល ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ​បែប​ប្រវត្តិសាស្ត្រ​នយោបាយ បាន​ប្រកាស​បើកសម្ពោធ​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​ដំបូង​មួយ​ដែល​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា ២៣ ​ម៉ឺន​ដុល្លារ​អាមេរិក​។

មជ្ឈមណ្ឌល​រូបថត​កម្ពុជា​គឺជា​កន្លែង​ដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​បាន​ដាក់តាំង​រូបភាព និង​រូប​វីដេអូ​ឃ្លីប​ចាស់ ថ្មី ស្ដីពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នយោបាយ និង​បញ្ហា​សង្គម​នៃ​ប្រទេស​កម្ពុជា​ដោយ​សង្ខេប​ដែល​កើតមាន​តាំងពី​មុន​ឆ្នាំ​ ១៩៧០ មកដល់​បច្ចុប្បន្ន​។

មជ្ឈមណ្ឌល​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា ២៣ ​ម៉ឺន​ដុល្លារ​ដែល​បាន​បង្កើតឡើង​នៅក្នុង​បុរី សែនសុខ អគារ​លេខ ២០G ផ្លូវ​មហា G ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២ ​គីឡូម៉ែត្រ​ខាង​ជើង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

បណ្តុំ​រូបថត​បែប​ប្រវត្តិសាស្ត្រ​ដែល​ទើប​តែ​បាន​បើកសម្ពោធ​នៅ​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​។ហេង ជីវ័ន

លោក ឆាយ សុផល ដែល​ជា​អ្នកកាសែត​ជើងចាស់ និង​ជា​ស្ថាបនិក មជ្ឈមណ្ឌល​រូបថត​កម្ពុជា​បាន​លើកឡើង​នាពេល​បើកសម្ពោធ​ថា​៖ «​ក្រៅពី​និស្សិត និង​មហាជន​ទូទៅ​នោះ​ទេ ភ្ញៀវ​បរទេស​ដែល​បាន​មក​កម្សាន្ត​នៅ​ក្រុងភ្នំពេញ​ដោយ​បាន​ទៅ​ទស្សនា​នៅ​គុក​ទួលស្លែង បឹង​ជើងឯក និង​ព្រះបរមរាជវាំង គួរតែ​មក​ទី​នេះ​ដើម្បី​ស្វែងយល់ ព្រោះ​ថា​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ច្រើន​ប្រទេស​គេ​ក៏​ធ្វើ​របៀប​ហ្នឹង​ដែរ​! ហើយ​នេះ​គឺជា​គោល​គំនិត​របស់​ខ្ញុំ​មាន​យូរហើយ​ដែរ​»​។

ដោយ​ឆ្លងកាត់​បទពិសោធ​មាន​អាជីព​ជា​សាស្ត្រាចារ្យ​ផង និង ជា​អ្នកសរសេរ​សៀវភៅ​ផង​លោក ឆាយ សុផល ក៏​បាន​លើកឡើង​បន្ត​ទៀត​​ដែរ​ថា​៖ «​នេះ​គឺជា​មជ្ឈមណ្ឌល​រូបថត និង​វីដេអូ​ឃ្លីប​ដំបូងបង្អស់​នៅក្នុង​កម្ពុជា​។ មូលហេតុ​ដែល​ហ៊ាន​អះអាង​បែប​នេះ​ដោយសារ​តែ​កន្លង​មក​មាន​មជ្ឈមណ្ឌល​ផ្សេងៗ​ដែរ តែ​គេ​បាន​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា ខណៈ​ផ្នែក​ខ្លះ​គេ​ផ្ដោត​ទៅ​លើ​ស្នាដៃ​សិល្បៈ ខ្លះ​ទៀត​ផ្ដោតលើ​សម័យកាល​ខ្មែរក្រហម និង​មាន​ខ្លះ​បាន​ផ្ដោតលើ​កសិកម្ម​សុទ្ធសាធ​។ ចំណែកឯ​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​នេះ​មាន​ភាព​ចម្រុះ ដោយមាន​ការបង្ហាញ​រឿងរ៉ាវ​តាំងពី​សម័យកាល​មុន​ឆ្នាំ​ ១៩៧០ មាន​ន័យ​ថា រាប់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ត​រហូត​មក​ដល់​សម័យកាល​បច្ចុប្បន្ននេះ​តែម្តង​។ ខ្ញុំ​ក៏​ចង់​ឲ្យ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​រយៈពេល ៤-៥ ឆ្នាំ នៅ​តាម​សាកលវិទ្យាល័យ​នានា​គួរតែ​មក​មជ្ឈមណ្ឌល​នេះដែរ​ឲ្យ​បាន​ម្ដង​សម្រាប់​ជីវិត​ជា​និស្សិត​នោះ​»៕