ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ​ ខណៈ​​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CCIM)​ ​រៀបចំ​ការ​ប្រកួត​ថត​វីដេអូ​អប់រំ​ខ្លី​​​​ ក្រោម​ប្រធានបទ «សមភាព​យេនឌ័រ​ដើម្បី​អ្នក​ជំនាន់​ក្រោយ»​​​ និង​មាន​​ឱកាស​ល្អ​​​​ឈ្នះ​រង្វាន់​​​ជយលាភី​ ​៣ ចុង​ក្រោយ ​គឺ​​លេខ ​១​ ​​ដល់​លេខ ​៣ ចំពោះ​​​សា្នដៃ​របស់​ខ្លួន​​​។

បើ​តាម​កញ្ញា លី សុគន្ធារី​ ជា​ជំនួយ​ការ​គម្រោង​​​នៃ​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​​ព័ត៌មាន​ឯករាជ្យ​ (CCIM)​​ ​ឲ្យ​ដឹង​​ថា៖ «នេះ​ជា​លើក​ដំបូង ដែល​មជ្ឈមណ្ឌល​យើង​​បាន​រៀបចំ​ឡើង​ក្នុង​គម្រោង​ប្រកួត​ជា​លក្ខណៈ​វីដេអូខ្លី​ ខណៈ​កន្លង​មក​យើង​ធ្លាប់​រៀបចំ​ការ​ប្រកួត​បែប​ជា​សំណេរ​អត្ថបទ​រឿង​​សម្រាប់​វិទ្យុ​​។ ​ការ​ប្រកួត​វីដេអូ​នេះ ព្រោះ​តែ​ចង់​​លើក​ទឹក​ចិត្ត​​ក៏​ដូច​ជា​ផ្តល់​ឱកាស​​ដល់​យុវជន​​ក្នុង​ការ​ជួយ​លើក​កម្ពស់​សមភាព​យេនឌ័រ​ តាមរយៈ​​ការ​​ប្រកួត​​ថត​វីដេអូ​ខ្លី ក្រោម​ប្រធានបទ ​«សមភាព​​យេនឌ័រ ​ដើម្បី​អ្នក​ជំនាន់​ក្រោយ»។​​ ខណៈ​វីដេអូ​ផ្តោត​សំខាន់​​ទៅ​លើ​ការ​ផ្លាស់ប្តូរ​​ផ្នត់​គំនិត​សង្គម​ និង​ទស្សន​អវិជ្ជមាន​ របស់​​សាធារណជន​​ ដើម្បី​រួម​គ្នា​បង្កើត​នូវ​យុគ​​សម័យ​​​​នៃ​សមភាព​យេនឌ័រ​​ សម្រាប់​ក្មេងៗ​​ជំនាន់​ក្រោយ​ជា​ការ​បញ្ជ្រាប​​ទស្សនៈ​​យេនឌ័រ និង​ឆ្លុះ​បញ្ចាំង​​តថភាព​សង្គម​​កម្ពុជា​ តាមរយៈ​វីដេអូ​អប់រំ​​ខ្លី​នេះ​ទៀត​​ផង»​។​

រូប​តំណាងៈ មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មានឯករាជ្យ​រៀបចំ​ការ​ប្រកួត​ថត​វីដេអូខ្លី​ស្តីពី«សមភាពយេនឌ័រមនុស្សជំនាន់ក្រោយ»។ រូប ហ្វេសប៊ុក​

កញ្ញា​បន្ត​ពី​លក្ខខណ្ឌ​នៃ​ការ​ផលិត​វីដេអូ​ខ្លី​នេះ​​ដែរ​ថា៖ « គ្រប់​ប្រភេទ​វីដេអូ​ទាំង​អស់​អាច​ដាក់​ចូលរួម​ប្រកួត ​(រួម​ទាំង​បញ្ចូល​សំឡេង​​ទាំង​វីដេអូ​គំនូរ​ជីវចល​ និង​វីដេអូ​គូរ​​ដោយ​ដៃ​)​ ​ឬ​​វីដេអូ​ដែល​ថត​ចេញ​ពី​ទូរសព្ទ​ដៃ​ ក៏​អាច​​​ចូលរួម​ប្រកួត​បាន​ដែរ ​ឬ​ជា​​​វីដេអូ​​មិន​ធ្លាប់​​ដាក់​​ចូលរួម​ក្នុង​​ការ​​​ប្រកួត​ពី​មុន​មក ឬ​ក៏​ធ្លាប់​បាន​​ផ្សាយ​ជា​សាធារណៈ​។​​ ជា​វីដេអូ ដែល​​ផលិត​ត្រូវ​មាន​រយៈ​ពេល​ចន្លោះ​ពី ៥-៧ នាទី និង​​មាន​​​ចំណង​ជើង​រត់​ជា​ភាសា​អង់គ្លេស​ (English Subtitle) ហើ​យ​​បេក្ខជន​ត្រូវ​មាន​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ ទៅ ​៣០ ឆ្នាំ អាច​ចូល​រួម​ជា​បុគ្គល​ ឬ​ក្រុម​បាន​​ ​ចំពោះ​ស្រ្តី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជន​ជាតិ​ភាគ​តិច​ និង​ជន​ពិការ​ ត្រូវ​បាន​លើក​ទឹក​ចិត្ត។​ ចំពោះ​​រង្វាន់​​ទី​១ បាន​​កុំព្យូទ័រ​តម្លៃ ៨០០ ​ដុល្លារ​ ខណៈ​រង្វាន់​ទី២ រង្វាន់ ទី៣ នឹង​បាន​​​ស្មាតហ្វូន​តម្លៃ ៧៣០ ដុល្លារ​ដូច​គ្នា​»។

សម្រាប់​វីដេអូ​ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​​ដែល​​បាន​កំណត់​ នឹង​ត្រូវ​ដាក់​ឲ្យ​មហាជន​បោះ​ឆ្នោត​​តាម​​បណ្តាញ​ទំនាក់ទំនង​សង្គម​​ស្ថាប័ន​ និង​​គម្រោង​ផ្ទាល់​។ តែ​វីដេអូ​ណា​​មួយ​​ ដែល​ពណ៌នា​ពី​អំពើ​ហិង្សា​​ ការ​បៀត​បៀន​ភេទ ការរើសអើង​ពូជសាសន៍​ ឬ​មាតិកា​-​មិន​​​សមរម្យ​ ​នឹង​ត្រូវ​​ដក​សិទ្ធិ​ដោយ​ស្វ័យ​​ប្រវត្តិ​។​ រក្សា​សិទ្ធិ​ចំពោះ​វីដេអូ​ ​មាន​គំនិត​បង្កើត​ថ្មី​ និង​មិនចម្លង​ពី​អ្នក​ដទៃ​ តែ​បើ​លួច​ចម្លង​គេ​​ ត្រូវ​ដក​សិទ្ធិ​ដោយ​ស្វ័យ​​ប្រវត្តិ​។​ ​​ពាក្យ​ចូលរួម​​ផុត​កំណត់​​ថ្ងៃទី​ ៦ ខែ​​មេសា ឆ្នាំ​ ២០២០​។​ បេក្ខជន​អាច​សួរ​នាំ​ព័ត៌មាន​លម្អិត​ពី​ការ​ប្រកួត​តាម​​អ៊ីមែល: voicesforequality@ccimcambodia.org និង​​​​​ទូរសព្ទ​​ ០៦០ ៤១៩ ៨៨៨៕​