ក្រុងតូក្យូ: មន្ដ្រីក្រុងជប៉ុនម្នាក់ត្រូវបានស្ដីបន្ទោស និងពិន័យចំពោះទង្វើចេញពីការងារមុនម៉ោងញឹកញយ ទោះបីជាវាត្រឹមតែ ៣ នាទីដើម្បីទៅទិញអាហារថ្ងៃត្រង់ក៏ដោយ។
មន្ដ្រីដែលធ្វើការនៅការិយាល័យបណ្ដាញទឹកក្នុងទីក្រុងកូបេភាគខាងកើត ផ្ដើមសម្រាកម៉ោងបាយមុនពេលកំណត់ ២៦ ដងរយៈពេល ៧ ខែ។
អ្នកនាំពាក្យប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការសម្រាកថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ១ រសៀល។ លោកចេញពីតុការងារមុនកំណត់»។
មន្ដ្រីអាយុ ៦៤ ឆ្នាំ ត្រូវបានកាត់ប្រាក់ខែកន្លះថ្ងៃជាការពិន័យ ហើយបានធ្វើការសុំទោសចៅហ្វាយនាយក្នុងសន្និសីទកាសែត ។ មន្ដ្រីការិយាល័យបានឱនក្បាលថ្លែងពាក្យសុំទោសថា៖ «ពិតជាគួរឲ្យសោកស្ដាយណាស់ដែលកើតមានរឿងរ៉ាវដ៏ឆ្គាំឆ្គងនេះ។ យើងខ្ញុំសូមអភ័យទោស»។
បុគ្គលចំណាស់រូបនោះ បំពានច្បាប់សេវាសាធារណៈដោយអះអាងថាមន្ដ្រីត្រូវផ្ដោតលើការងារជាចម្បង។ នេះបើយោងតាមមន្ដ្រីការិយាល័យ។
ព័ត៌មាននេះ បានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គម ដោយមតិជាច្រើនបានថ្លែងការពារមន្ដ្រីនោះ។ អ្នកប្រើប្រាស់ Twitter បានសរសេរថា៖ «ដូចជ្រុលពេក។ ចុះឆ្លៀតពេលពីការងារទៅអង្គុយជក់បារីនោះ?»។
ម្នាក់ទៀតបន្ដថា៖ «លេងសើចមែន? តើវាមានន័យថា យើងមិនអាចទៅបន្ទប់ទឹកពេលធ្វើការមែនទេ?»។
ក្រុងកូបេ ធ្លាប់បានបញ្ឈរជើងមន្ដ្រីម្នាក់កាលពីខែកុម្ភៈរយៈពេល ១ ខែក្រោយពីបុគ្គលរូបនោះបានចាកចេញពីការិយាល័យញឹកញយទៅទិញបាយប្រអប់អំឡុងពេលធ្វើការ។
មន្ដ្រីរូបនោះអវត្ដមានសរុប ៥៥ ម៉ោងលើរយៈពេល ៦ ខែ។ នេះបើយោងតាមមន្ដ្រីក្រុង៕