ភ្នំពេញ៖ ខណៈ​កូន​តូចៗ​នៅ​ផ្ទះ​ពេញ ​១ ​ថ្ងៃ​ៗ និង​ចំណាយ​ពេល​នៅ​ក្នុង​បរិវេណ​តូច​ចង្អៀត​ដោយសារ​សាលា​ក៏​ត្រូវ​បិទ​ទ្វារ និង​ប្ដូរ​មក​រៀន​អនឡាញ​ អ្នកស្រី សុខ ចាន់ធា និង​ស្វាមី ដែល​ជា​​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បាន​​សម្រេច​ចិត្ដ​ស្វែង​រក​កន្លែង​បន្ធូរ​ភាព​តានតឹង​ខ្លះ​នៅ​ខាង​ក្រៅ​​សម្រាប់​ពួក​គេ​។

ស្ថានភាព​ស្រដៀង​នឹង​បច្ចុប្បន្ន​នេះ អ្នកស្រី ចាន់ធា គិត​ដល់​ទីកន្លែង​ធម្មជាតិ​ ដើម្បី​ឲ្យ​កូន​ស្រី​អាយុ ៧ ឆ្នាំ និង ៤ ឆ្នាំ ​បាន​ទទួល​នូវ​បរិយាកាស​បរិសុទ្ធ​ ដោយសារ​តែ​រីសត​ជា​ច្រើន​ក៏​នៅ​តែ​បន្ដ​ដំណើរការ​ធម្មតា​ដែរ​។

អ្នកស្រី​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍ ថា​៖ «​កាល​ពី​​ខែ​មុន ខ្ញុំ​បាន​ទៅ​កន្លែង​កម្សាន្ដ​មួយ​នៅ​ខេត្ដ​កណ្ដាល​ ពី​ព្រោះ​គិត​ថា វា​ជា​កន្លែង​ដើរ​លេង​បែប​ស្រុក​ស្រែ​ចម្ការ​ឆ្ងាយ​ពី​ទី​ប្រជុំជន​ ហើយ​ក្យូស​អង្គុយ​ក៏​ដាច់​ពី​គ្នា​។ ទម្រាំ​តែ​ដាច់​ចិត្ដ​ទៅ ត្រូវ​គិត​អស់​ជា​ច្រើន​ថ្ងៃ ពី​ព្រោះ​ជាប់​ក្នុង​ផ្ទះ​យូរ​ពេក​រាង​ស្ដ្រេស​ដែរ​»។

អ្នកស្រី​បន្ដ​ថា​៖ «​ខ្ញុំ​យក​ទឹក​អាល់កុល​បាញ់​ស្ទើរ​គ្រប់​ទីកន្លែង​មុន​ចូល​អង្គុយ​ក្នុង​ក្យូស​។ រីឯ​អាហារ​មិន​ហ៊ាន​ញ៉ាំ​ទេ​ចំពោះ​របស់​ត្រជាក់​ៗ ឬ​បន្លែ​​ឆៅ​ សុខ​ចិត្ដ​ញ៉ាំ​ស៊ុប​គោ ឆ្នាំង​ភ្លើង​ក្ដៅៗ​ឲ្យ​ងាប់​មេរោគ​។ យ៉ាង​ណា​មិញ ខ្ញុំ​នៅ​តែ​គិត​ថា ដូចជា​មិន​ស្និទ្ធ​ដូច​នៅ​ផ្ទះ​ដែរ​»។

កញ្ញា ឈុំ ពិសី ដែល​ស្ថិត​ក្នុង​ចំណោម​នារី​កម្ពុជា​តិច​តួច​បំផុត​ ដែល​ឡើង​ដល់​កំពូល​ភ្នំ​ឱរ៉ាល់ និង​ភ្នំ​ខ្ពស់​លំដាប់​ទី ៣ ភ្នំ​ទំព័រ​ តែ​ពិបាក​ខ្លាំង​បំផុត​នៅ​កម្ពុជា​ ក៏​ព្យាយាម​រម្ងាប់​អារម្មណ៍​នឹក​ព្រៃ​ និង​ដំណើរ​ការ​នានា​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាត​ត្បាត​នេះ​។

កញ្ញា ពិសី ដែល​បង្ហោះ​​រូបភាព​លើ​បណ្ដាញ​សង្គម​ភាគ​ច្រើន​​ថ្លែង​ពី​ដំណើរ​កម្សាន្ដ​បាន​ឲ្យ​ដឹង​ថា​៖ «​ប្រហែល​ជា ២ ខែ​ចុង​ក្រោយ​នេះ ខ្ញុំ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា​ទាំង​អស់ ពោល​គឺ​តាំង​ពី​មាន​កើត​ករណី​កូវីដ ​១៩ នៅ​ស្រុក​ខ្មែរ​មក​»។

យុវតី​ខ្មែរ​ដែល​ធ្លាប់​សរសេរ​លេង​សើច​ថា «ម៉ែ​ឈប់​និយាយ​​រក​ហើយ​ដោយសារ​តែ​រឿង​ដើរ​ព្រៃ​» បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ​ថា​៖ «​​ឥឡូវ បើ​សួរ​ថា ចង់​ទៅ​ណា​? ខ្ញុំ​ធ្លាប់​ដើរ​ ខ្ញុំ​ចង់​ទៅ​សឹង​តែ​គ្រប់​កន្លែង គឺ​ចង់​ទៅ​តាំង​ពី​ព្រៃ និង​កោះ។

ប៉ុន្ដែ​បើ​អាច​​រើស​បាន​ អត់​ចង់​ទៅ​កោះ​ទេ ពីព្រោះ​កោះ​មាន​មនុស្ស​។ ខ្ញុំ​ចង់​ដើរ​ព្រៃ​ច្រើន​ជាង គឺ​មាន​តែ​គ្នា​ខ្ញុំ​ប៉ុន្មាន​ទេ​។ ប៉ុន្ដែ​យើង​ក៏​មិន​​សូវ​ហ៊ាន​ជួប​ជុំ​គ្នា​ដែរ ដោយសារ​តែ​បារម្ភ​ខ្លាច​មាន​អ្វី​ថ្លោះ​ធ្លោយ​ឆ្លង​ទៅ​មិត្ដភក្ដិ​អត់​ដឹង​ខ្លួន​»។

ថ្វី​ដ្បិត​តែ​កម្ពុជា​អត់​មាន​រក​ឃើញ​ករណី​កូវីដ​ថ្មី​សម្រាប់​រយៈពេល ​១ សប្ដាហ៍​​ និង​ពលរដ្ឋ​ខ្លះ​យល់​ថា ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ ដូចជា​ដើរ​ផ្សារ ពិកនិក ក៏​ដូចជា​ដើរ​ព្រៃ និង​ឡើង​​ភ្នំ​ជា​ដើម​យ៉ាង​ណា​ក្ដី ក៏​មន្ដ្រី​​ក្រសួង​សុខាភិបាល​ បាន​ព្រមាន​ឲ្យ​​ពលរដ្ឋ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អនាម័យ រក្សា​គម្លាត​ និង​កុំ​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់។

រូប​តំណាង : ​អ្នក​ដំណើរ​ឡើង​ភ្នំទ័ពជាង ធ្លាប់ជាទីពេញនិយម​បោះតង់​គយគន់​​ពពក។ហុង មិនា

លោក​វេជ្ជបណ្ឌិត លី សុវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖ «​​ទោះ​កាលៈទេសៈ​នេះ​ក៏​ដោយ ក៏​យើង​នៅ​តែ​រក្សា​ដដែល​ គឺ​ថា យើង​មិន​ត្រូវ​ចេញ​ពី​ផ្ទះ​ បើ​មិន​ចាំបាច់​។ វា​មានន័យ​ថា ទោះ​មាន​កិច្ចការ​អ្វី​ក៏​ដោយ ក៏​គួរ​តែ​ផ្អាក​សិន​ទៅ​អំឡុង​ពេល​នេះ​ ដោយសារ​តែ​នៅ​បណ្ដា​ប្រទេស​នានា​នៅ​មិន​ទាន់​មាន​ការ​ធ្លាក់​ចុះ​នៅ​​ឡើយ​ទេ​។ យើង​មិន​ត្រូវ​ធ្វេស​​ប្រហែស​នោះ​ទេ បើ​យើង​ប្រហែស​​តែ​មួយ​ភ្លែត​ យើង​អាច​ជួប​គ្រោះ​ធ្ងន់​គ្រប់​ពេល​វេលា»។

អ្នកស្រី ចាន់ធា បាន​សារភាព​​ថា ការ​សម្រេច​ចិត្ដ​របស់​អ្នកស្រី​​ក្នុង​ការ​នាំ​កូនៗ​ទៅ​កម្សាន្ដ​អំឡុង​ពេល​នេះ​ហាក់​ដូចជា​ការ​ប្រថុយ​ប្រថាន​ចំពោះ​សុខភាព​ក្រុម​គ្រួសារ​ទាំង​មូល​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​ច្បាស់​ណាស់ យើង​មិន​អាច​បាញ់​​សម្លាប់​មេរោគ​គ្រប់​កន្លែង​បាន​ឡើយ​។ ចាន​ កែវ កំប៉ុង​ភេសជ្ជៈ និង​របស់​របរ​ផ្សេង​ៗ​។ សូម្បី​តែ​ដៃ​ទ្វារឡាន​ដែល​យើង​បាន​ប៉ះពាល់​ ក៏​ប្រហែល​ជា​មាន​អ្នក​ដទៃ​បាន​ប៉ះ​ផង​ដែរ​។ ចំពោះ​កូន​​តូចៗ​កាន់​តែ​លំបាក​ថែម​ទៀត​លើ​ទម្លាប់​អនាម័យ​ខ្ជាប់​ខ្ជួន​។ ខ្ញុំ​​គិត​ថា នៅ​ផ្ទះ​ និង​ចៀស​វាង​សកម្មភាព​ខាង​ក្រៅ​ល្អ​ជាង​»​។

អ្នក​ខ្លះ​ចៀស​វាង​ការ​ធ្វើ​ដំណើរ​ ដើរ​ផ្សារ និង​ពិធី​ជួប​ជុំ​មិន​មែន​ដោយសារ​តែ​ពួក​គេ​​ខ្លាច​ឆ្លង​ជំងឺ​នោះ​ទេ ប៉ុន្ដែ​ពួក​គេ​ក៏​ខ្លាច​ឆ្លង​ទៅ​កាន់​អ្នក​ដទៃ​ផង​ដែរ។

កញ្ញា ឈុំ ពិសី បាន​និយាយ​ថា​៖ «​តាម​ពិត ខ្ញុំ​ខ្លួន​ឯង​មិន​ច្បាស់​​ថា បាន​ទៅ​ប៉ះ​កន្លែង​ណា​​ខ្លះ អ្នក​ណា​ខ្លះ ហើយ​ភ័យ​ខ្លាច​ ខ្ញុំ​ដើរ​ទៅ​នេះ​ទៅ​នោះ ទៅ​កន្លែង​គេ​អត់​មាន​មេរោគ​ អាច​ខ្ញុំ​ទៅ​ចម្លង​គេ​វិញ​។ ធ្វើ​បែប​នេះ យើង​ការពារ​ខ្លួន​ឯង​ផង និង​ការពារ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ផង​ដែរ​»។

លោក លី សុវ៉ាន់ បាន​ព្រមាន​​ពលរដ្ឋ​ឲ្យ​មាន​ការ​គោរព​គោលការណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ​១៩ ថា​ ពលរដ្ឋ​ទាំង​អស់​ត្រូវ​គោរព​តាម​គោល​ការណ៍​ ៣ ចំណុច គឺ​ការ​ថែ​រក្សា​អនាម័យ​ខ្ពស់ មិន​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​​ការ​ជួប​ជុំ​ និង​មិន​ត្រូវ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់​។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​​ពលរដ្ឋ​យើង​មាន​ការ​ចាំបាច់​ ពួក​គាត់​អាច​ចេញ​ចុះ តែ​បើ​មិន​ចាំ​បាច់ កុំ​ចេញ​ឲ្យ​សោះ​ ទោះ​ជា​​ការ​ដើរ​តិចតួច​យ៉ាង​ណា​ក៏​ដោយ»។

យោង​តាម​តួលេខ​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ២៣ ខែ​មេសា បាន​បង្ហាញ​ថា ចំនួន​អ្នក​កើត​ជំងឺ​កូវីដ ​១៩ មាន ១២២ នាក់​ ដែល​ក្នុង​នោះ​​អ្នក​ជា​សះស្បើយ​មាន​ចំនួន​ ១១០ នាក់៕