ខេត្ដ​កណ្ដាល៖ រោគ​សញ្ញា​ និង​អាការ ដែល​ឪពុក​ម្ដាយ​ត្រូវ​សម្គាល់​នៅ​ផ្ទះ​ចំពោះ​ហានិភ័យ​ជំងឺ​មហារីក​លើ​កុមារ​តូច​ៗ​​​ត្រូវ​បាន​វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ ផ្ដល់​ការ​ណែនាំ​ក្នុង​បំណង​ចង់​ឱ្យ​អាណាព្យាបាល​នាំ​កូន​មក​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា​។

លោក​វេជ្ជបណ្ឌិត​ ហ៊ីដេតុ យ៉ូស៊ីអូកា ស្ថាបនិក​អង្គការ​ បេះដូង​ជប៉ុន ​មូលដ្ឋាន​នៅ​ឧដុង្គ បាន​និយាយ​ថា​៖ «​ចូរ​ពិនិត្យ​មើល​ថា តើ​កុមារ​មាន​រូប​រាង​ខុស​ប្រក្រតី​ឬ​អត់ មាន​សភាព​ហើម​​ត្រង់​ចំណុច​ណា​ឬ​ទេ។ ពេល​ស្ទាប​នៅ​លើ​រាងកាយ​ តើ​មាន​ដុំ​សាច់​ដុះ​គួរ​ឱ្យ​សម្គាល់ ឬ​ក៏​ប្លែក​ខុស​ប្រក្រតី​ឬទេ​។ តើ​មាន​ក្អួត​ចង្អោរ​អ្វី​ឬអត់​?»។

អង្គុយ​លើ​កន្ទេល​ក្បែរ​គ្រែ​ពេទ្យ និង​មាន​បង្វិច​ខោ​អាវ​ធំមួយ អ្នក​ស្រី ចក់ យឿន អាយុ ២១ ​ឆ្នាំ កំពុង​បញ្ចុក​បាយ​កូន​ប្រុស​អាយុ​ជាង​ ១ ​ខួប​ ដែល​មក​សម្រាល​ព្យាបាល​ជំងឺ​មហារីក​។

ស្ដ្រី​មក​ពី​ខេត្ដ​ព្រះ​សីហនុ​រូប​នេះ ​​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «ពេល​ខ្ញុំ​ស្ទាប​ពោះ​គាត់ ខ្ញុំ​ឃើញ​មាន​ដុំ​គីស​ តែ​មិន​មាន​អាការ​ឈឺ និង​ប៉ះពាល់​ដល់​ការ​ញ៉ាំ​របស់​គាត់​ទេ​។ ខ្ញុំ​ទើប​តែ​ដឹង​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ក៏​សាក​​លាប​ប្រេង​កូឡា​ តែ​វា​រាង​ឡើង​ធំ​ជាង​មុន»។

នៅ​ក្នុង​បន្ទប់​សម្រាក​រួម​ជាមួយ​​​អ្នក​ជំងឺ​កុមារ​ឯទៀត​ អ្នកស្រី​បន្ដ​ថា​៖ ​«​ខ្ញុំ​យក​គាត់​មក​គេង​ពេទ្យ​គន្ធបុប្ផា ៣ ​ថ្ងៃ​ ទើប​បន្ដ​មក​ដល់​ពេទ្យ​បេះដូង​ជប៉ុន​នេះ​ គេង​បាន ៥ ​ថ្ងៃ​ហើយ​»។

ស្ដ្រី​ដែល​មាន​កូន​តូច​កើត​ដុំ​សាច់​ក្នុង​ពោះ​រូប​នេះ បាន​លើក​​ពី​ជម្រើស​មក​កាន់​ទីនេះ​​ថា​៖ «​ដោយ​ខ្ញុំ​អត់​មាន​លុយ ទើប​ខ្ញុំ​ជ្រើសរើស​ការ​ព្យាបាល​មក​កាន់​ទី​នេះ​ ដែល​ការ​ព្យាបាល​ទាំង​អស់​មិន​តម្រូវ​បង់​ប្រាក់​ទេ»។

ដោយ​មើល​ឃើញ​ពី​អត្រា​មរណៈ​ចំពោះ​កុមារ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា​ វេជ្ជបណ្ឌិត​ជប៉ុន​រូប​នេះ​បាន​កត់​សម្គាល់​ថា ផ្នែក​វេជ្ជសាស្ដ្រ​ ឱសថសាស្ដ្រ​ មន្ទីរពេទ្យ និង​គ្រូពេទ្យ​នៅ​បណ្ដា​ប្រទេស​ទាំង​នេះ​នៅ​មិន​ទាន់​​មាន​គ្រប់គ្រាន់​។

ចំណុច​សំខាន់ អ្នក​ជំងឺ​អត់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ ដោយសារ​ការ​ចំណាយ​ខ្ពស់​ និង​រយៈពេល​យូរ​។

វេជ្ជបណ្ឌិត​វ័យ ៥៥ ឆ្នាំ រូប​នេះ​បាន​បង្កើត​អង្គការ​បេះដូង​ជប៉ុន​ ក្នុង​ឆ្នាំ ​២០០៤​ ហើយ​ឆ្នាំ ​២០០៨ លោក​ផ្ដើម​សកម្មភាព​វេជ្ជសាស្ដ្រ​នៅ​កម្ពុជា​ ក៏​ដូចជា​ការ​បង្កើត​មន្ទីរ​ពេទ្យ​ផ្ទាល់​ខ្លួន​​ក្នុង ​២០១៦​​។

ស្ថាបនិក​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៨​ នេះ បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​ចង់​ឱ្យ​សមត្ថភាព​ផ្នែក​វេជ្ជសាស្ដ្រ​មាន​កម្រិត​ប្រហាក់​ប្រហែល​នឹង​បណ្ដា​ប្រទេស​ជិត​ខាង វៀតណាម និង​ថៃ​។ នៅ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​រំពឹង​ថា មន្ទីរពេទ្យ​នឹង​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ជាង​នេះ​ទៅ​ទៀត​។

ក្រៅ​ពីបច្ចេកវិទ្យា និង​ទិចនិក​​​ព្យាបាល ទំនាក់ទំនង​ផ្លូវ​ចិត្ត​រវាង​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ​​ដើរតួនាទីយ៉ាងសំខាន់​។ រូបថត សហការី

ពាក់​អាវ​យឺត​ពណ៌​លឿង ក្បាល​អត់​សក់​រលីង និង​មាន​សភាព​ស្លេកស្លាំង កុមារា​ម្នាក់​អាយុ​ប្រមាណ ១២ ​ឆ្នាំ នៅ​តែ​អាច​បញ្ចេញ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ​ក្នុង​ការ​ថត​រូប​អនុស្សាវរីយ៍​ ​នៅ​ពេល​រូប​គេ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ ក្រោយ​សម្រាក​ព្យាបាល​​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​ដុំ​សាច់​​មហារីក​​។

នេះ​ជា​អ្នក​ជំងឺ​​​​ដុំ​សាច់​មហារីក​ដ៏​ក្មេង​ខ្ចី​ម្នាក់​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​ទៀត ខណៈ​អ្នក​ជំងឺ​មាន​ការ​កើន​ឡើង​អំឡុង​ពេល​ប្រទេស​ជិត​ខាង​បន្ដ​រឹតបន្តឹង​​ព្រំដែន​ដោយសារ​វិបត្តិ​កូវីដ​។

យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន បាន​បង្ហាញ​ថា អំឡុង​ខែ​កញ្ញា​​ឆ្នាំ​មុន អ្នក​ជំងឺ​មក​ព្យាបាល​មហារីក​នៅ​មន្ទីរពេទ្យ​នេះ​​មាន​ចំនួន​ ៩ ​នាក់​ និង​បាន​កើន​ឡើង ២៦ ​នាក់​នា​ឆ្នាំ​នេះ​។

ទិន្នន័យ​បាន​បន្ដ​ថា​៖ «​ក្នុង​ចំណោម​កុមារ​មហារីក​ ៧ ​នាក់ ដែល​មក​ទទួល​យក​សេវា​ថែទាំ​វេជ្ជសាស្ដ្រ​កាល​ពី​ខែ​កញ្ញា ​នេះ មាន​កុមារ ៤ ​នាក់​ បាន​ធ្វើ​ដំណើរ​មក​ពី​តំបន់​ក្បែរ​ព្រំដែន​នៃ​ប្រទេស​ឡាវ និង​ថៃ​ ដោយ​ចំណាយ​ពេល​​ដល់ ៨ ​ម៉ោង​តាម​រថយន្ដ​»។

ភាព​វិជ្ជមាន​​នៃ​ការ​ឆាប់​ព្យាបាល​ជំងឺ​មហារីក​

បើ​ទោះបី​ជា​ការ​ព្យាបាល​ត្រូវ​ការ​ចំណាយ​ខ្ពស់ ជា​អ្វី​ដែល​អង្គការ​ជប៉ុន​មួយ​នេះ​ប្រឈម​ផង​នោះ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន រីក​រាយ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​សង្គ្រោះ​ជីវិត​កុមារ​នូវ​ដំណាក់​កាល​ដំបូងៗ​នៃ​រោគ​សញ្ញា​ជំងឺ​កាច​សាហាវ​។

វេជ្ជបណ្ឌិត ហ៊ីដេតុ យ៉ូស៊ីអូកា ស្ថាបនិក​អង្គការ​បេះដូង​ជប៉ុន​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​​ ថា៖​ «ពេល​យើង​ព្យាបាល​កុមារ​ម្នាក់​ឱ្យ​ជា​សះស្បើយ​ពី​​តូច​នៅ​ពេល​គាត់​ធំ​ឡើង​ គាត់​អាច​ធ្វើ​ការងារ​ និង​ជួយ​សង្គម​បាន​ច្រើន​ ក៏​ដូចជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​របស់​ខ្លួន​ដល់​អ្នក​ដទៃ​»។

លោក​បាន​និយាយ​តាមរយៈ​អ្នក​បក​ប្រែ​ភាសា​ជប៉ុន​មក​ខ្មែរ​ថា​៖ «​អ្នក​ជំងឺ​មហារីក​ ក៏​អាច​រស់នៅ​ដូច​មនុស្ស​ដទៃ​ធម្មតា​ ដូចគេ​ដូច​ឯង​ដែរ​នៅ​ថ្ងៃ​អនាគត​»។

ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ពញាឮ​ ប្រជាពលរដ្ឋ​ដែល​មាន​បំណង​មក​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន គួរ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​រោគ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​។

ជា​ធម្មតា​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន បាន​ស្វាគមន៍​អ្នក​ជំងឺ​ជា​ច្រើន​រយ​នាក់​ក្នុង ​១ ខែៗ​ ដែល​ត្រូវ​បាន​បញ្ជូន​​មក​កាន់​ទីនេះ។

កញ្ញា កាណាន់ ណាកាមឹរ៉ា ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ នៅ​មជ្ឈមណ្ឌល​បាន​ឱ្យ​ដឹង​​ថា​៖ «យើង​ក៏​​​ទទួល​អ្នក​ជំងឺ​មក​ពី​​កន្លែង​ដទៃ​​​ទូទាំង​ប្រទេស​កម្ពុជា​ ដូចជា​បណ្ដា​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​នានា​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ខាង​លើ​»។

លោក ចេកកុប ណូតុន និង​កញ្ញា ណាកាមឹរ៉ា ទទួលបន្ទុកផ្នែកទំនាក់ទំនង និងទីផ្សារ នៅមជ្ឈមណ្ឌល។ ហុង មិនា

លោក ចេកកុប ណូតុន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ជាតិ​នូវែលសេឡង់​បាន​បន្ទរ​ថា​៖ «ជាក់​ស្ដែង​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប និង​មន្ទីរពេទ្យ​​ដទៃ​ទៀត មិន​អាច​ព្យាបាល​បាន​ពួក​គេ​ក៏​មក​ទទួល​ការ​ព្យាបាល​នៅ​ទីនេះ​ចំពោះ​ប្រភេទ​ជំងឺ​ធ្ងន់ៗ»។

កញ្ញា ណាកាមឹរ៉ា បាន​ឱ្យ​ដឹង​ទៀត​ថា​៖ «​វា​អាស្រ័យ​លើ​ភាព​ជាក់​ស្ដែង ជា​ទូទៅ​យើង​ទទួល​អ្នក​ជំងឺ​ចន្លោះ​ពី​ ៤០០ ទៅ ៦០០ ​នាក់​ក្នុង ​១ ​ខែ​។ ដូច្នេះ ជា​មធ្យម មាន​ចំនួន​ប្រមាណ ១៥ ​នាក់ ​ក្នុង ​១ ថ្ងៃ​»។

ជាមួយ​គ្រែ​សម្រាក​ព្យាបាល​ចំនួន​ ៣៩​ សម្រាប់​អ្នក​ជំងឺ​ពេញ​វ័យ ៤៥ ​គ្រែ​សម្រាប់​កុមារ និង​ ២៧ ​គ្រែ​សម្រាប់​​កុមារ​មហារីក មជ្ឈមណ្ឌល​មាន​បុគ្គលិក​ ​៩៥ ​នាក់ ​​ដោយ​មាន​​អ្នក​ជំនាញ​​ជនជាតិ​ជប៉ុន​ជាង ២០ ​នាក់​។

ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ទីផ្សារ​ ដែល​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ​សុខាភិបាល​អន្ដរជាតិ​ នៃ​សាកល​វិទ្យាល័យ​ក្រុង​តូក្យូ /យូ តូក្យូ កញ្ញា ណាកាមឹរ៉ា បាន​បង្ហាញ​តួ​លេខ​ថា ​កុមារ​មក​ទទួល​សេវាកម្ម​​ដែល​មិន​សម្រាក​ព្យាបាល​មាន​ចំនួន​ជាង ១៦ ០០០ ​នាក់​ ក្នុង ​១ ឆ្នាំ​ និង​សរុប​ជាង ៥ ​ម៉ឺន​នាក់ ​តាំង​ពី​បើក​សម្ពោធ​។

កញ្ញា​បន្ដ​ថា​៖ «​អ្នក​ជំងឺ​វះ​កាត់​មាន​ចំនួន​ជាង ១ ៣៨០ ​ករណី ​ក្នុង ​១ ​ឆ្នាំ​ ហើយ​យើង​ធ្វើ​ការ​វះ​កាត់​សរុប​ទាំង​អស់​ប្រមាណ ៥ ០០០ ​ករណី​ តាំង​ពី​បើក​ដំណើរ​ការ​។ អ្នក​ជំងឺ​មហារីក​ជាង ៩០ ​នាក់ ​បាន​មក​ទទួល​ការ​ព្យាបាល​តាំង​ពី​យើង​បើក​ទទួល​ការ​ព្យាបាល​ក្នុង​ឆ្នាំ ​២០១៨​។ ជាង ៧០ ​ករណី ​នៃ​ការ​វះ​កាត់​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​ជំងឺ​មហារីក​»។

កញ្ញា ណាកាមឹរ៉ា បាន​បញ្ជាក់​ថា​៖ «​​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន អាច​ព្យាបាល​ជំងឺ​មហារីក​ ដែល​មាន​ចាប់​ពី​មហារីក​សរីរៈ​ក្នុង​ពោះ​។ មហារីក​ប្រភេទ​នេះ តែងតែ​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ ដែល​មន្ទីរ​ពេទ្យ​ផ្ដល់​សេវាកម្ម​ជំនាញ​»។

លោក​វេជ្ជបណ្ឌិត យ៉ូស៊ីអូកា បាន​ឱ្យ​​ដឹង​ថា​៖ «​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ ដូចជា​ការ​វះ​កាត់​ដុំ​សាច់​គួរ​តែ​ធ្វើ​ឡើង​​ដោយ​អ្នក​ជំនាញ​ជនជាតិ​​ជប៉ុន​»។

បញ្ហា​ប្រឈម​សម្រាប់​មជ្ឈមណ្ឌល​

ទោះ​មាន​បញ្ហា​មូលនិធិ​មិន​ខុស​ទៅ​នឹង​​មន្ទីរពេទ្យ​សប្បុរសធម៌​ទូទៅ​ក្ដី ក៏​មន្ទីរពេទ្យ​នៅ​ប្រឈម​នឹង​​​បញ្ហា​រនាំង​​​រារាំង​ឪពុក​ម្ដាយ​ក្នុង​ការ​នាំ​កូន​មក​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​​​ឆាប់​បំផុត​នៅ​ដំណាក់​កាល​ដំបូង​។

ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ កញ្ញា ណាកាមឹរ៉ា បាន​ឱ្យ​ដឹង​ថា៖ «ឧបសគ្គ​ដំបូង គឺ​លុយ​។ មន្ទីរពេទ្យ​ភាគ​ច្រើន​ ដែល​ព្យាបាល​ជំងឺ​ធ្ងន់ៗ​ ដូចជា មហារីក ត្រូវ​ការ​ចំណាយ​ប្រាក់​ខ្ពស់​។ នេះ​ជា​មូល​ហេតុ​ដែល​មន្ទីរពេទ្យ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​។ ទោះ​ជា​យ៉ាង​នេះ ឱ្យ​ពួក​គេ​នាំ​កូន​មក​ព្យាបាល​នៅ​តែ​លំបាក​»។

ស្ថាបនិក​អង្គការ​បេះដូង​​ជប៉ុន​បាន​លើក​ឡើង​ថា ឪពុក​ ឬ​ម្ដាយ​ត្រូវ​រង់​ចាំ​ថែទាំ​កូន​ក្នុង​ការ​ទទួល​ការ​ព្យាបាល​រយៈពេល​យូរ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​បីបាច់​កូនៗ​ដទៃ​ទៀត​។ ម្យ៉ាង​វិញ​ទៀត ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​មជ្ឈមណ្ឌល​ក៏​ជា​ឧបសគ្គ។

មន្ទីរពេទ្យ​បានព្យាបាលកុមារ និង​មនុស្សពេញវ័យ​ ឥត​គិតថ្លៃ​។ហុង មិនា

កញ្ញា​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​ប្រាប់​តៗ​​គ្នា​ បណ្ដាញ​សង្គម​ទំនាក់​ទំនង​ជាមួយ​​មន្ទីរពេទ្យ​ដទៃ និង​ម្ដងម្កាល​មាន​ការ​ផ្សាយ​ក្នុង​វិទ្យុ ក៏​ដូចជា​ទូរទស្សន៍ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​មជ្ឈមណ្ឌល​»។

ជាមួយ​ក្ដី​រំពឹង​​​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ ​កញ្ញា​លើក​ឡើង​​ថា៖ «អ្នក​មាន​ឥទ្ធិពល ដូចជា ព្រះសង្ឃ​ និង​អ្នក​ជំនួញ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ជឿជាក់​លើ​មន្ទីរពេទ្យ​»។

ចុង​ក្រោយ​បញ្ហា​កង្វះ​ការ​អប់រំ​អំពី​រោគសញ្ញា​នៃ​ជំងឺ​នានា រួម​ទាំង​មហារីក​។ ខណៈ​អត្រា​រស់​មាន​ខ្ពស់​ចំពោះ​ការ​រក​ឃើញ​ជំងឺ​ឱ្យ​បាន​ឆាប់​ ដោយ​ដឹង​ថា កុមារ​ម្នាក់​មិន​ស្រួល​ខ្លួន និង​មាន​វិធានការ​នាំ​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ពិត​ជា​សំខាន់​។

ប្រធាន​ផ្នែក​ទំនាក់ទំនង​រូប​នេះ​បញ្ជាក់​ថា​៖ «​យើង​រំពឹង​ថា នៅ​ពេល​អនាគត​ពលរដ្ឋ​កម្ពុជា​នឹង​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​នាំ​កូនៗ​មក​កាន់​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​ជីវិត​»។

ការ​ព្យាបាល​កុមារ និង​មនុស្ស​ចាស់​

ក្រៅ​ពី​ជំងឺ​មហារីក​កុមារ ដែល​ជា​គោលដៅ​ចម្បង​របស់​មន្ទីរពេទ្យ លោក​​វេជ្ជបណ្ឌិត​ជប៉ុន យ៉ូស៊ីអូកា ​ក៏​ទទួល​ព្យាបាល​ជំងឺ​ទូ​ទៅ​ដទៃ​ទៀត​ ជា​ពិសេស អ្នក​ជំងឺ​ចាំ​បាច់​ត្រូវ​ការ​ការ​វះ​កាត់ តែ​ពួក​គាត់​ក្រីក្រ។

លោក​មើល​ឃើញ​ថា ប្រជាពល​រដ្ឋ​គ្រប់​​ប្រទេស​រមែង​មាន​ការ​ភ័យ​ខ្លាច​ពេទ្យ​ ទើប​លោក​បង្កើត​មន្ទីរ​ពេទ្យ​មួយ​ ដែល​អ្នក​ជំងឺ​មិន​មាន​ការ​ខ្លាច​រអារ នឹង​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​​គ្រូ​ពេទ្យ​។

លោក​និយាយ​ថា​៖ «​ក្រៅ​ពី​បច្ចេកវិទ្យា និង​​ទិចនិក​នៃ​ការ​ព្យាបាល​ យើង​ចង់​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ចិត្ដ​រវាង​អ្នក​ជំងឺ និង​ក្រុម​គ្រូ​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​។ ក្រុម​គ្រូ​ពេទ្យ​មើល​ថែទាំ​កុមារ​មាន​ជំងឺ​ដូចជា​កូន​របស់​ខ្លួន​ឯង»​។

សេវាកម្ម​ថែទាំ​សុខភាព​ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះទេ។ សម្រាប់​ការ​វះ​កាត់​លើ​កុមារ មាន​ដូចជា ដុំ​សាច់​ក្នុង​ពោះ ក្លន​លូន ខូច​ទ្រង់ទ្រាយ​ប្រដាប់​បន្ដ​ពូជ រន្ធ​គូទ​ខុស​ប្រក្រតី និង​ថង់​ទឹក​ប្រមាត់​រួម​តូច។ រីឯ​ការ​វះកាត់​មនុស្ស​ពេញ​វ័យ រួម​មាន ពកក ដុំ​ក្នុង​អូវែរ ដុំ​ដោះ បូស​អន្ទង់ និង​ក្លន​លូន​ជាដើម​។

កុមារ​មានជំងឺ​មហារីក​​ដែលសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​។ ហុង មិនា

សេវាកម្ម​ថែទាំ​សុខភាព​មាតា និង​ទារក អង្គការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ម្ដាយ​ និង​ទារក​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ថែម​ទៀត​។

ក្រុម​គ្រូ​ពេទ្យ​របស់​មជ្ឈមណ្ឌល​ក៏​បាន​ផ្ដល់​សេវាកម្ម​ចល័ត​ទៅ​តាម​តំបន់​ជនបទ និង​តាម​មន្ទីរ​ពេទ្យ​នានា ​ដើម្បី​ផ្ដល់​ការ​ព្យាបាល​ រួម​ទាំង​ការ​វះ​កាត់​​ឥត​គិត​ថ្លៃ​រៀង​រាល់​ ២ ខែ​ម្ដង​។

ថ្មីៗ​នេះ អង្គការ​ បេះដូង​ជប៉ុន បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ​ជា​កន្លែង​ដែល​ប្រជាជន​ក្នុង​តំបន់​ជា​ច្រើន​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ ​ដែល​បង្ក​ឡើង​ដោយ​ទឹក​ជំនន់។

ការ​ទ្រទ្រង់​មូលនិធិ​របស់​អង្គការ​បេះដូង​ជប៉ុន

ដោយសារ​​បេះដូង​ជប៉ុន​ជា​អង្គការ​របស់​ជប៉ុន​​ ​​ស្ទើរ​តែ​ការ​ឧបត្ថម្ភ​ជា​ប្រាក់ និង​សម្ភារបរិក្ខារ​​​​បាន​មក​ពី​សប្បុរសជន​ និង​ក្រុមហ៊ុន​ជប៉ុន។ ប៉ុន្ដែ​ ឆ្នាំ​នេះ អង្គការ​ចាប់​ផ្ដើម​ទទួល​ការ​ឧបត្ថម្ភ​បន្ថែម​ពី​សប្បុរសជន​កម្ពុជា​។

កញ្ញា ណាកាមឹរ៉ា ​ឱ្យ​ដឹង​ថា​៖ «សប្បុរសជន​ និង​ក្រុមហ៊ុន​កម្ពុជា​ជួន​កាល​ក៏​បាន​នាំ​យក​បរិក្ខារ​ផ្សេងៗ​មក​កាន់​មន្ទីរពេទ្យ​យើង​។ ខណៈ​ទឹក​ប្រាក់​បរិច្ចាគ​នៅ​តិចតួច​ស្ដួច​ស្ដើង យើង​ក៏​កក់​ក្ដៅ​ដែល​បាន​ឃើញ​ពលរដ្ឋ​កម្ពុជា​កំពុង​តែ​បន្ដ​ជួយ​អ្នក​ជំងឺ​»។

ជាមួយ​យុទ្ធនាការ​ប្រាក់ ១ ​ម៉ឺន​រៀល​ភ្ជាប់​នឹង​​គណនី​ធនាគារ​មួយ​ចំនួន​ពលរដ្ឋ​កម្ពុជា​អាច​បរិច្ចាគ​ ​សង្គ្រោះ​ជីវិត​កុមារ​មហារីក​ទូទាំង​ប្រទេស​។

លើស​ពី​នេះ កញ្ញា​ ណាកាមឹរ៉ា បាន​បន្ដ​ថា​៖ «​ពេល​នេះ សប្បុរសជន​ និង​ក្រុមហ៊ុន​មក​ផ្ដល់​ជំនួយ​ដល់​​មន្ទីរពេទ្យ​យើង​ដោយ​ផ្ទាល់​ ហើយ​យើង​បាន​ដាក់​ប្រអប់​បរិច្ចាគ​នៅ​តាម​ទីតាំង​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​»។

មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន បើក​ទ្វារ​ម៉ោង ៨:៣០ ព្រឹក ដល់​ម៉ោង ៥:០០ ​ល្ងាច​ ពី​ថ្ងៃ​ចន្ទ ​ដល់ ​សុក្រ ដែល​មាន​ទីតាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ពញាឮ ខេត្ដ​កណ្ដាល​។

សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅកាន់​វេបសាយ https://www.japanheart.org/en/ហ្វេសប៊ុក @japanheart.hospital ឬទូរស័ព្ទ ០៧៧ ៩៥ ៩៤ ៧១៕

វីដេអូ៖