ភ្នំពេញៈ ផ្តើម​ចេញពី​បទពិសោធ​ជាច្រើន​អាជីព​ជា​អ្នក​រែក​បន្លែ​លក់ និង​អ្នក​អនាម័យ​នៅ​តាម​សណ្ឋាគារ​បូករួម​ទាំង​អាជីព​កំប៉ិកកំប៉ុក​ជាច្រើន​មុខ​ទៀត​លោក ឈួន សុខលីម បាន​បែរ​មក​បង្កើត​ផលិតកម្ម​​ផលិត​ចម្រៀង​បែប​តែង​និពន្ធ​ថ្មី (​បទ​អូរីជីណល​) និង ចម្រៀង​មរតក​ដើម​ច្រៀង​ឡើង​វិញ​ដែល​ជា​ការងារ​ខ្លួន​ស្រឡាញ់ និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​មាន​សំឡេង​ល្អ​អាច​រះ​ត្រចះត្រចង់​លើ​វិថី​សិល្បៈ​។

លោក ឈួន សុខលីម ម្ចាស់​ផលិតកម្ម មរតក មេឌា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​មូលហេតុ​ដែល​ធ្វើឲ្យ​លោក​សម្រេចចិត្ត​ធ្វើ​អាជីវកម្ម​នេះ​ថា​៖ «​ពី​មុន​ប្រទេស​យើង​មិន​សម្បូរ​ទីផ្សារ​សិល្បៈ​ច្រើន​ដូច​សម័យ​បច្ចុប្បន្ន​ទេ​។ កាល​ដែល​ខ្ញុំ​បង្កើត​ផលិតកម្ម​នេះ​ឡើង​មក​គឺ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​យើង​កាន់តែ​រីកចម្រើន​ជាង​មុន មាន​គេ​ទទួល​ស្គាល់​ពី​តារា​ស្រុក​យើង​កាន់តែ​ច្រើន​»​។

លោក​បាន​អះអាង​ទៀត​ថា​៖ «​សម្រាប់​ខ្ញុំ​មាន​ការប្រកួត​ប្រជែង​កាន់តែ​ច្រើន​ក្នុង​វិស័យ​នេះ​ខ្ញុំ​កាន់តែ​សប្បាយ​ចិត្ត ព្រោះ​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ គឺ​វា​កាន់​តែ​ជំរុញ​សិល្បៈ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ចង់​ឲ្យ​តារា​ដែល​មាន​សំឡេង​ល្អ​គាត់​មាន​ទីផ្សារ​ការងារ​ច្រើន​»​។

តារាចម្រៀង​ក្នុង​ផលិតកម្ម មរតក មេឌា សុទ្ធសឹង​តែ​ជា​បេក្ខជន​បេក្ខនារី​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការប្រលងប្រជែង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ដូចជា The Voice Cambodia, Cambodian Idol និង​មាន​កម្មវិធី​ផ្សេងៗ​ទៀត​ដូចជា​កញ្ញា ដានីកា លោក សាម សុភ័ស លោក ខេម អ៊ីសាក់ លោក នាង ប្រាក់សុគន្ធ និង​លោក ជិត ចាន់ធឿន តារា​ផ្សេង​ទៀត​សរុប​ចំនួន ១៣ ​នាក់​។

លោក ខេម អ៊ីសាក់ កញ្ញា ដានីកា និង​លោក នាង ប្រាក់សុគន្ធ ជា​តារា​ចម្រៀង​បង្ហើរ​សំនៀង​នៅ​ផលិតកម្ម មរតក មេឌា​។ រូបថត ហ្វេសប៊ុក

ម្ចាស់​ផលិតកម្ម មរតក មេឌា ដែល​ធ្លាប់​ធ្វើ​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​មុខ​រោងចក្រ​ស្បែកជើង​នៅ​ម្ដុំ​ទឹកថ្លា​បាន​ប្រាប់​ពី​ហេតុផល​ដែល​ជ្រើស​យក​តារាចម្រៀង​ដែល​ធ្លាប់​ប្រលង​ប្រជែង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ទៀត​ថា​៖ «​ដូច​ដឹង​ស្រាប់​ហើយ​ថា ទោះបី​ជា​សំឡេង​ល្អ​ប៉ុនណា​ក៏ដោយ បើ​សិន​ជា​មិន​មាន​ការ​ជ្រោមជ្រែង​ពី​ផលិតកម្ម ឬ​ក៏​មិន​មាន​ចេញ​បទចម្រៀង​ថ្មីៗ​ប្រាកដ​ណាស់​ត្រឹម​ ១ ​ឆ្នាំ​ហ្នឹង​ពិតជា​មហាជន​ភ្លេច​សំឡេង​របស់​គាត់​ជាមិនខាន​។ អ៊ីចឹង​ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដែល​គាត់​មាន​សំឡេង​ល្អ មាន​ទីផ្សារ​ក្នុង​ការងារ​សិល្បៈ​ឡើង​វិញ និង​ចង់​ផ្តល់​ឱកាស​ឲ្យ​គាត់​។ បើសិន​ជា​មាន​ផលិតកម្ម​ធំៗ​ណា​ដែល​គាត់​ពេញចិត្ត​នឹង​សមត្ថភាព​របស់​ពួកគាត់​ហើយ​ចង់​ឲ្យ​គាត់​ចូល​ផលិតកម្ម​ផ្សេង​ដែល​ល្បី​នោះ​គឺ​ខ្ញុំ​សប្បាយចិត្ត​ហើយ​»​។

ចំណែកឯ​បទចម្រៀង​ដែល​ត្រៀម​ចេញ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ផលិតកម្ម មរតក មេឌា ក៏​បាន​ត្រៀម​ចម្រៀង​ចំនួន​ជាង ៨០ បទ​ដោយ​ក្នុង​នោះ​ក៏​មាន​បទ​លា​គ្នា​បែប​សប្បាយៗ និង​ការចងចាំ​មិត្តភាព​ល្អៗ​ក្រោយ​បញ្ចប់​ពិធីបុណ្យ​ជាតិ​ខ្មែរ​យើង ដើម្បី​ទៅ​ប្រកប​មុខរបរ​រកស៊ី ឬ​ធ្វើ​ការងារ​ផ្សេងៗ​បន្ត​ទៀត​។

លោក ឈួន សុខលីម ចាងហ្វាង​ផលិតកម្ម​ក៏​បាន​ប្រាប់​ពី​គោលបំណង​របស់​ខ្លួន​ជា​ចម្បង​ដែរ ដោយ​មិន​សំដៅ​លើ​ការផលិត​ហើយ​ចំណេញ​ច្រើន​តែ​ម្យ៉ាង​នោះទេ​។ លោក​អះអាង​ថា​កិច្ចការ​នេះ​ក៏​ដើម្បី​ជ្រោមជ្រែង​ទាំង​អ្នក​ចម្រៀង​អាជីព តន្ត្រីករ អ្នក​ឌីហ្សាញ អ្នកនិពន្ធ និង​អ្នក​កាត់ត​វីដេអូ​ឲ្យ​បាន​ពង្រឹង​សមត្ថភាព​ខ្លួន​ព្រមទាំង​មាន​ទីផ្សារ​ការងារ​ទូលាយ​ជាង​មុន​។

នៅ​ថ្ងៃ​អនាគត​ដំណើរ​លើ​វិស័យ​សិល្បៈ​លោក​គ្រាន់តែ​ចង់​ថត​ជា​រឿង​ខ្លី​បែប​អប់រំ ដែល​ជា​ចំណូលចិត្ត​ទាក់ទង​ការងារ​ដែល​ធ្លាប់​ហែល​កន្លង​មក​។ លោក​ក៏​បាន​បង្ហើប​ដែរ​ថា​នឹង​មិន​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត​ទេ ដោយ​បំណង​នៅពេល​វ័យ​ជ្រេ​គ្រាន់​ចង់​មាន​ចម្ការ​ដាំ​ម្រេច​ចិញ្ចឹម​ជីវិត​នៅពេល​ចាស់​ទៅ​តែ​ប៉ុណ្ណោះ​៕