ភ្នំពេញ៖ ប្រហែលមកពីភាពចាស់ចិត្តចាស់គំនិត គួបផ្សំនឹងជោគជ័យជាផ្លែផ្កាលើអាជីពសិល្បៈ និងអាជីវកម្មក្រៅសិល្បៈខ្លាំងនោះហើយ ទើបពេលថ្មីៗនេះ ស្រាប់តែតារាចម្រៀងស្រីចាស់វស្សាជ្រកទ្រនំហង្សមាស អ្នកនាង ពេជ្រ សោភា ហ៊ានបង្ហើរសារតាមបណ្តាញសង្គមបរិយាយអំពីរឿងរសជាតិនៃជីវិតតស៊ូ និងភាពរឹងមាំរបស់ស្រ្តីមេម៉ាយ បង្កឲ្យមានភាពភ្ញាក់ផ្អើលពីមហាជនសាជាថ្មី។
ភ្ជាប់នឹងរូបមួយសន្លឹកបង្ហាញស្នាមញញឹមប៉ប្រិមនោះ ពេជ្រ សោភា ក៏បង្ហើរសារឡើងថា៖ «ជីវិតជាស្ត្រីមេម៉ាយ អ្នកណាថា ពិបាករស់ជាខ្លួនឯង តែអ្នកដែលពិបាក គឺជាជីវិតមនុស្សស្រីប្តីលួចមានស្រីចាំផ្លូវប្តី លួចឆែកទូរស័ព្ទ តាមដានប្តី ជីវិតជាប្រពន្ធវាទៅជាដូចចោរ ចាំចាប់ប្តីលួចមានស្រីចង់ដឹងស្រីរបស់ប្តីជាអ្នកណាតើហត់ទេ?»។
ដោយសារតែឃើញ Idol ខ្លួនហ៊ានចេញសារចេញមកត្រង់ៗទៅហើយនិយាយពីភាពរឹងមាំ និងការតស៊ូរបស់ស្រ្តីមេម៉ាយនោះ អ្នកគាំទ្រយ៉ាងច្រើនចូលរួមបរិយាយយល់ស្រប និងគាំទ្រថា ជាសម្តីត្រឹមត្រូវ។
ឃើញមានអ្នកខ្លះផ្តើមថា៖ « មេម៉ាយសប្បាយចិត្ត គាំទ្រ ១០០% បងភានិយាយត្រឹមត្រូវណាស់ ក៏សរសើរ ដល់អ្នកមេម៉ាយលើលោក។ សុខចិត្តមានឈ្មោះជាមេម៉ាយ គ្រាន់ជាងរស់មានទុក្ខសោករាល់ថ្ងៃ មេម៉ាយក៏អាចធ្វើការរកស៊ីចិញ្ចឹមខ្លួនឯង រស់ដោយស្រួល ឯករាជ្យខ្លួនឯង និងមានសេរីភាពពេញទី។ សួរថា ជីវិត កើតមានសេចក្តីសុខទេ? ពិតទេ ស្នាមញញឹមនៅពីក្រោយកកញ្ចក់នោះ? ដូច្នេះត្រូវស្រឡាញ់អ្វីជាខ្លួនយើង ស្រឡាញ់នូវអ្វីដែលយើងមាន ជីវិតមិនបង្កការឈឺចាប់ដល់អ្នកដទៃនោះ គឺវាជាសុភមង្គលដ៏ពិតប្រាកដសម្រាប់ឱ្យខ្លួនយើង!»។
ឯអ្នកខ្លះក៏បន្ទរថា៖ «ត្រូវណាស់បងស្រី មេម៉ាយតែឈ្មោះ តែរស់នៅមានន័យជាងនៅជាមួយប្ដីតែសម្បកខ្លួន មេម៉ាយលុយចាយមិនខ្វះ មិនដូចកាលមានប្តី សេដយប់ សេដថ្ងៃ ឈឺក្បាល លុះក្ស័យ បើបានប្តីចង្រៃ បំផ្លាញគ្មានសល់។ កន្លែងណាមិនផ្តល់តម្លៃឱ្យមិនមានក្ដីសុខដើរចេញ កុំខ្វល់ពីមាត់អ្នកដទៃ ព្រោះគេមិនបានមករួមទុក្ខជាមួយយើងទេ។ ស៊ូនៅមេម៉ាយល្អជាងមានប្ដី ដែលលួចមានស្រីអ្នកណាហ៊ានថា មេ-ម៉ាយមិនល្អ សំខាន់មេម៉ាយគេចេះរកស៊ីចិញ្ចឹមខ្លួនគេ និងកូនបានរស់។ មនុស្សយើងត្រូវចេះស្វែងរកសេចក្តីសុខដោយខ្លួនឯង អ្វីដែលសំខាន់ គឺត្រូវចេះកែច្នៃឆាកជីវិតខ្លួនឯងឱ្យមានន័យ គ្មាននរណាម្នាក់ក្រៅពីខ្លួនយើងមកកែច្នៃជីវិតយើងទេ ជាចុងក្រោយ គឺមានតែខ្លួនយើងទេ»៕