ភ្នំពេញ៖ ថ្ម្មីៗ​នេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​សាជាថ្មី​លើ​អតីត​តារា​ចម្រៀង​ស្រី​​នៅ​​សាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បង្ហោះ​សារ​ប្រកាស​​សួរ​​រក​​​ទិញ​ដី​ ៥ ហិកតា ​​​នៅ​​​តំបន់​កំពុង​អភិវឌ្ឍន៍​ទំនប់​​កប់​ស្រូវ​​ទោះបី​ជា​តារា​ចម្រៀង​​ស្រី​​រូប​នេះ​ ឃ្លាត​ឆ្ងាយ​ចេញ​​ពី​សិល្បៈ​​ច្រើន​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ​​​។

អតីត​​តារា​ចម្រៀង​ស្រី​នៅ​​សាន់ដេ ដែល​មាន​សំណាង​ម្នាក់​​​អ្នកនាង ផាន់ ម៉ូនីកា បាន​បង្ហោះសារ​តាម​ហ្វេសប៊ុក​​ថា៖ «សួស្តី ​បងប្អូន​ទាំង​អស់គ្នា​ ខ្ញុំ​ត្រូវ​​ការ​ទិញ​ដី នៅ​តំបន់​ទំនប់​កប់​ស្រូវ ទំហំ ៥ ហិកតា តម្លៃ​ ១០០ ដុល្លារ​ចុះ​។ បងប្អូន​ណា​​មាន​ ហើយ​ចង់​លក់​​អាច​ទំនាក់ទំនង​​មក​ខ្ញុំ​បាន»។

រំពេច​នោះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ពី​មជ្ឈដ្ឋាន​មហាជន​បាន​លើក​ឡើង​បែប​ឆ្ងល់​​ភ្លាមៗ​ថា៖ «​អ៊ីយ៉ា! ​អ៊ីចឹង​​​បាន​​អ្នកនាង​​ ផាន់ ម៉ូលីកា ​ត្រូវ​​​គេ​​​បង្ហើប​​ថា មាន​​ឋានៈ​​​​ជា​លោក​ជំទាវ និង​កំពុង​ជោគជ័យ​ខ្លាំង​នៅ​​​ក្នុង​មុខ​ជំនួញ​​នាំចូល​ផលិត​ផល​រក្សា​សម្ផស្ស​​​បន្ថែម​​​ពី​លើ​​មុខ​របរ​​បើក​ហាង​ស៊ុប KAKASUKI & BBQ​ និង​ហាង​លក់​សម្លៀក​បំពាក់ ខណៈ​ស្វាមី​​កំពុង​តែ​កាក់កប​​​របរ​អចលនទ្រព្យ​គម្រោង​​ពុះ​​ដី​​លក់​ឡូត៍​លក់​យូរ​មក​​ហើយ​នោះ។ ឥឡូវ​នេះ អ្នកនាង​ក៏​ប្រកាស​រក​ទិញ​ដី​ទំហំ​ ៥ ហិកតា នៅ​តំបន់​ទំនប់​កប់​ស្រូវ ដែល​​​ជា​​តំបន់​កំពុង​អភិវឌ្ឍន៍​ទៀត​​​ផង»។ ​

តែ​បើ​តាម​ការ​បង្ហើប​​​ពី​​លោក គង់ សុខម៉េង ជា​ស្វាមី​អ្នកនាង ផាន់ ម៉ូនីកា និង​ជា​​ពាណិជ្ជករ​​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី ​១ ​រូប​ក្នុង​ប្រទេស​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ប្រកាស​រក​​ទិញ​ឲ្យ​ដៃ​គូ​រកស៊ី​ផ្នែក​អចលនទ្រព្យ​​ខាង​ទិញ​លក់​ដី​​ប៉ុណ្ណោះ​ គឺ​​យើង​មាន​ដៃគូ​ជាមួយ​​នឹង​ក្រុមហ៊ុន​របស់​ចិន មិន​មែន​ជា​​គម្រោង​ពួក​យើង​ឡើយ​»​។

គួរ​រំឭក​ដែរ​ថា អតីត​តារា​ចម្រៀង​ស្រី​ជ្រក​នៅ​​​ផលិតកម្ម​សាន់ដេ ជិត ១០ ​ឆ្នាំ ដោយ​បាន​កសាង​កេរ្តិ៍​​ឈ្មោះ​ល្បី​តាមរយៈ​​បទ​ចម្រៀង​នានា ​ដូចជា​បទ​​ «រំចង់​ប្រែ​​ខ្លួន» និង​បទ​ «​លើក​ស្នេហ៍​ជូន​បង​»​ តែ​នា​​​ពេល​រៀបការ​ គឺ​មិន​បាន​ដាក់​ឈ្មោះ ផាន់ ម៉ូនីកា នោះ​​​ទេ គឺ​នាង​បាន​ប្រើ​​ឈ្មោះ​​ពិត​ថា មឿន សុខនី និង​កូន​កំលោះ​ គង់ សុខម៉េង ដែល​បាន​​រៀបការ​នៅ​ឆ្នាំ ២០១៣ ខណៈ​​នាពេល​បច្ចុប្បន្ន​នេះ ពួក​គេ​មាន​​ចំណង​ស្នេហ៍​យ៉ាង​​​រឹងមាំ ​ដោយ​​មាន​កូនស្រី​ ២ ​នាក់​ផង​ដែរ​​។ ​

ជាក់​ស្តែង​នោះ​អ្នកនាង ផាន់ ម៉ូនីកា​ និង​លោក​ គង់ សុខ​ម៉េង ជា​ស្វាមី ដែល​ត្រូវ​​គេ​ស្គាល់​ថា​ ទើប​​បាន​​តំណែង​​ជា​ទីប្រឹក្សា​សម្ដេច​​​ក្រឡាហោម ស ខេង រមែង​​បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​​គ្រួសារ​មិន​សូវ​ដាច់ ដែល​​មាន​​ន័យ​ថា​​ គូ​ស្នេហ៍ ​១ ​គូ​នេះ នៅ​តែ​ស្រឡាញ់​គ្នា​​រហូត​មក​​ មិន​បាន​ឃើញ​កើត​មាន​ភាព​​ប្រែប្រួល​ឡើយ​​នៅ​ក្នុង​​រយៈ​ពេល​​ជិត​ ១០ ​ឆ្នាំ​កន្លង​​មក​នេះ​៕​