ភ្នំពេញ៖ ​ថ្មីៗ​នេះ ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា ​​​លំដាប់​កំពូល​ទ្រនំ​​ហង្សមាស ដែល​​​ឈរ​​ជើង​បាន​​​យូរ​អ្នក​នាង ពេជ្រ សោភា ត្រូវ​​មហាជន​​កើត​​​​​​សេចក្តី​មន្ទិល​ងឿង​ឆ្ងល់​ ខណៈ​ស្ងាត់ៗ​ក៏​ស្រាប់​តែ​​អ្នកនាង ពេជ្រ សោភា ​​បង្ហើប​រឿង​ពាក្យ​ជា​ភាសា​​​អង់គ្លេស​​ ៣​ តួ ​​គឺ​អក្សរ​ ​CEO ដែល​មាន​ន័យ​​​ជា​មុខ​តំណែង​ធំ​មួយ​របស់​ក្រុមហ៊ុន​។

ពេជ្រ សោភា តារា​ចម្រៀង​ស្រី​ ដែល​ទទួល​​បាន​​ប្រជាប្រិយភាព​ល្បីល្បាញ​​ស្របាលៗ​​គ្នា​ទៅ​​នឹង​​តារា​ចម្រៀង​ស្រី​​​រួម​ជំនាន់​​​ ដូច​ជា​​អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា និង​អ្នក​នាង មាស សុខ​សោភា ផង​ដែរ​នោះ​ ក៏​បាន​បង្ហោះ​​​​សារ​ថា៖ «ពាក្យ​ថា CEO ជា​អ្វី?​ ហើយ C នាម​ជា​អី? E នាម​ជា​អី? O នាម​ជា​អី?​ ៣ តួ​អក្សរ​នេះ​ មាន​ន័យ​​ណាស់ CEO​​​ កុំ​យក​​ពាក្យ​បាក់​ទឹក​ចិត្ត​ឲ្យ​មនុស្ស​​កំពុង​បាក់​ទឹក​ចិត្ត​ស្តាប់​ កុំ​និយាយ​រឿង​ប្តី​មើល​ងាយ​ប្រពន្ធ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ស្តាប់​ កុំ​​និយាយ​រឿង​ម្តាយ​ក្មេក​មើល​ងាយ​ឲ្យ​អ្នក​​បាក់​ទឹក​ចិត្ត​ស្តាប់​​ បើ​ខ្ញុំ​និយាយ​ត្រង់​ណា​ខុស​​នាង​ខ្ញុំ​សុំ​ទោស​ផង»។​​

ក្រៅ​​ពី​មាន​អ្នក​គាំទ្រ​​​ចូល​​​ទៅ​​​​ចុច like បង្ហាញ​ពី​ភាព​ចូលចិត្ត​នឹង​សារ​នោះ​យ៉ាង​ច្រើន ក៏​មាន​មហាជន​មួយ​ចំនួន ក៏​​មាន​ក្តី​​​សង្ស័យ​ ឬ​​កើត​ចម្ងល់​​លើក​ឡើង​​ថា៖ «​អីយ៉ា!Idol ពេជ្រ សោភា ជិត​ក្លាយជា ​CEO របស់​ក្រុមហ៊ុន​ណា​ដែរ​​ហ្នឹង? ឬ​អ្នកនាង​គ្រោង​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​?​»។​

យ៉ាង​ណា​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​​អាច​សុំ​ការ​បញ្ជាក់​ពី​ពេជ្រ ​សោភា​ បាន​ឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​​អ្នកនាង​បាន​​តេ​ចូល​ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​លើក​ទទួល​​​ហើយ​តប​​ឆ្លើយ​​ប្រាប់​ថា៖ «សុំ​អធ្យាស្រ័យ​ផង បង​ស្រី សោភា គាត់​រវល់​ជាប់​ពិភាក្សា​​រឿង​​ការងារ​ មិន​អាច​ទទួល​ទូរស័ព្ទ​បាន​ទេ នា​ពេល​នេះ​ ហើយ​ក៏​មិន​ដឹង​​ថា​​ពេល​ណា​ចប់​ដែរ តែ​​ចាំ​គាត់​ចប់ ខ្ញុំ​នឹង​ជម្រាប​ប្រាប់​គាត់​ឲ្យ​​តេ​ទៅ​វិញ​»។​

មួយ​រយៈ​ចុង​ក្រោយ​​នេះ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ មហាជន​​បាន​សង្កេត​ឃើញ​ថា ​អ្នកនាង ពេជ្រ សោភា បាន​​​លេង​ស្ទីល​ថ្មី ដោយ​មាន​លេច​រូបថត​បែប​សិចស៊ី​ដ៏​កម្រ​ថត​ពី​ក្រោយ​ខ្នង បង្ហោះ​​តាម​បណ្តាញ​​សង្គម​អ៊ីនស្តាក្រាម​ ហើយ​​គ្រាន់​តែ​​ឃើញ​រូប​នោះ​​ផូស្ត​​​ភ្លាម​ក៏​មាន​អ្នក​គាំទ្រ​លាន់​មាត់​ថា​៖ «​អីយ៉ា​! Idol កំពុង​តែ​ដូរ​ស្ទីល​ថ្មី ឬ​មក​លេង​ខ្លួន ​បែប​សិចស៊ី​វិញ​ហើយ​​​ទេ​តើ​នៀក​! ពិត​ជា​ឆ្ងល់​ណាស់ អ្វី​​ទៅ​ធ្វើ​ឲ្យ​តារា​ស្រី​វ័យ​សាម​ប្លាយ​​​រូប​​នេះ ទើប​តែ​ហ៊ាន​ថត​ស្ទីល​បែប​សិចស៊ី​មធ្យម​​បែប​នេះ​ ឬ​មួយ​នេះ​​ ​គឺ​ជា​ការ​ដូរ​ស្ទីល​ថ្មី​របស់​គាត់​?»​។

អ្នកនាង ពេជ្រ ​សោភា ធ្លាប់​បាន​បង្ហើប​​ប្រាប់ និង​បំភ្លឺ​រឿង​រូប​នោះ​​​ដែរ​ថា​៖ «​អូ​!​ អត់​មាន​ដូរ​ស្ទីល​អ្វី​នោះ​ទេ​បង​! ​រូប​នោះ​​គ្រាន់​តែ​ជា​ការ​បង្ហោះ​ប្រាប់​ពី​​ដំណើរការ​នៃ​ការ​ប្រែប្រួល និង​រក្សា​​រូបរាង​ឲ្យ​មាន​សាច់​ឈាម ស្រស់​ថ្លា​ល្អ​ក្រោយ​ពី​ប្រើប្រាស់​អាហារ​បំប៉ន​​សុខភាព​​​ប្រភេទ​ខូឡាជិន ក្រុមហ៊ុន​ខ្លួន​ឯង​។ ខ្ញុំ​អត់​​ចង់​ដូរ ឬ​លេង​ស្ទីល​​ថ្មី​អ្វី​ទេ​»​៕​