ភ្នំពេញ៖ ស្រប​ពេល​បច្ចុប្បន្ន​នេះ ​រូបឆោម​ក៏​កាន់​តែ​ស្រស់​ស្អាត សាច់​សខ្ចី តារា​កំប្លែង​ស្រី ដែល​​ផុស​ភាព​ល្បី​ជាមួយ​ក្រុម​កំប្លែង​​នាយ កុយ និង​ឧស្សាហ៍​សម្តែង​ជា​ដៃគូ​នឹង​តារា​កំប្លែង​មាឌ​ល្អិត​ចិត្ត​ធំ នាយ ក្រិន ​វោហារ​មាត់​​​ដាច​​ នាង ​ប្រិមប្រិយ​ កំពុង​តែ​ផុសផុល​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​​​ទំព័រ​ហ្វេសប៊ុក​បើក​របរ​លក់​ផលិតផល​ឡេ​សម្អាង​​កាយតាម​អនឡាញ​​​នោះ ក៏​ផ្ទុះ​ការ​កោត​សរសើរ​ពី​មហាជន​នូវ​រូប​សម្រស់​​របស់​នាង​​។​

ការ​លេច​ចេញ​នូវ​ពាក្យ​​លាន់​មាត់​ កោត​សរសើរ​ពី​​រូប​សម្ផស្ស​តារា​កំប្លែង​ស្រី​ ​ដែល​មាន​ឈាម​ជ័រ​អ្នក​សិល្បៈ​ដែរ​ គឺ​មាន​ឪពុក​ម្តាយ​​ជា​អ្នក​សម្តែង​ល្ខោន​ទាំង ២ នៅ​​សម័យ​មុន ក្រោយ​ពី​​នាង ប្រិមប្រិយ​ ​​បង្ហើរ​សារ​ខ្លី​ ១ ​ឃ្លា ដែល​អម​ដោយ​​រូបថត ​៤-៥ ​សន្លឹក​ក្នុង​ទឹក​មុខ​​សប្បាយ​​ចិត្ត​​ថា៖ «​ខ្លាច​បង​ប្អូន​ភ្លេច​មុខ»។​

រំពេច​នោះ​ មាន​អ្នក​គាំទ្រ​ចូល​​ទៅ​ចុច ​Likes ជា​ហូរហែ​ និង Comment សរសើរ​ពី​សម្រស់​របស់​តារា​កំប្លែង​ស្រី ដែល​​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ជា​តារា​ចម្រៀង​ទាំង​ប្រពៃណី​ និង​សម័យ ដើម្បី​ពង្រីក​ទីផ្សារ​​សិល្បៈ ​ខណៈ​​ក៏​មាន​មុខ​របរ​លក់​ផលិតផល​​អនឡាញ​ផង​​​ដែរ​។ ភាគ​ច្រើន​ឃើញ​មហាជន​​ចាប់​អារម្មណ៍ និង​​កត់​​សម្គាល់​​លើ​ចំណុច​រួម​តែ​មួយ​គត់​ ​គឺ​ភាព​ប្រែប្រួល​ខ្លាំង​​នៃ​​រូប​សម្ផស្ស​របស់ ប្រិមប្រិយ​ ក៏​ព្រលយ​​​ពាក្យ​​សរសើរ​ភ្លាម​ថា៖ «​ស្អាត​ណាស់!​ ស្អាត​​មែន​ទែន​ឥឡូវ​!​មិន​អាច​​ភ្លេច​​​ទេ តារា​ស្រី​ស្អាត​​នោះ​​! ​​អត់​​​ភ្លេច​​ទេ​មនុស្ស​ល្អ​»។

គេ​ក៏​ឃើញ​​មាន​អ្នក​​និយាយ​ចំអន់​​​បង្កប់​ន័យ​​សរសើរ​ផង​ដែរ​ថា៖ «​ឈប់​សិន អ្នក​ត្រូវ​​ផាក​ពិន័យ​​ជា​ប្រាក់​ ២៥ ០០០ រៀល ពី​បទ​​ផុស​រូប​ស្អាតៗ​ មិន​ក្រែង​ចិត្ត​អ្នក​ដទៃ»។​

មួយ​រយៈ​ចុង​ក្រោយ​នេះ ​​តារា​កំប្លែង​ស្រី​មាន​ឈ្មោះ​ពិត នាង ស្រីនិច ហៅ​នាង​ ប្រិមប្រិយ មមាញឹក​​​ខ្លាំង​នឹង​​អាជីវកម្ម​​​លក់​ផលិត​ផល​សម្អាង​កាយ​​ ​ហាក់​​ធ្វើ​ឲ្យ​នាង​ភ្លេច​គិតគូរ​រឿង​ម្ចាស់​បេះដូង​បុរស​​គូស្នេហ៍​ខ្មែរ​រស់នៅ​អាមេរិក​បាន​​សាងស្នេហ៍​ជិត ​២ ឆ្នាំ​នោះ​បាត់​​ហើយ​មើល​ទៅ។

ប៉ុន្តែ​នាង ​ប្រិមប្រិយ​ ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ថា៖ «យើង​ទាំង​ ​២ ​​នៅ​រក្សា​សម្ព័ន្ធភាព​ត្រឹម​ជា​​គូស្នេហ៍​ដូច​នៅ​ពេល​បច្ចុប្បន្ន​នេះ​សិន​ចុះ​ គឺ​ថា​ពុំ​ទាន់​មាន​គម្រោង​អ្វី​បន្ថែម​ឲ្យ​លើស​ពី​នេះ​ នៅ​​ឡើយ​ទេ ​សម្រាប់​ពួក​យើង​​នោះ។ នាង​​ខ្ញុំ​គិត​ថា ចង់​ប្រើ​ពេល​វេលា​​គិត​​រឿង​ការងារ​សិល្បៈ​ឲ្យ​​ច្រើន​បន្តិច ទាន់​មាន​ឱកាស​​ និង​ស្រប​ទៅ​នឹង​កាលៈទេសៈ​ល្អ»៕​