ក្រុង​​បាត់ដំបង៖ ដោយសារ​សេចក្តី​ស្រឡាញ់​​នឹង​ទម្រង់​របាំ​បុរាណ​នោះ​ ទោះបី​មិន​សូវ​មាន​ពេល​ទំនេរ​​​ច្រើន​មែន​​ក្តី​ ក៏​ក្រុម​យុវតី ​៣ រូប ដែល​កំពុង​តែ​រៀន​នៅ​​​​​ថ្នាក់​​ទី ​១២ នៃ​​ឆ្នាំ​សិក្សា ​ឆ្នាំ​ ​២០១៩-២០២០ នៅ​តែ​អាច​​​ឆ្លៀត​ពេល​​​មក​ហ្វឹកហាត់​របាំ​បុរាណ​​​​​​​ឈ្មោះ​ «រស្មី​ដួង​ចន្ទ» ជា​កេរ​ដំណែល​​វប្បធម៌​ខ្មែរ​​តាំង​ពី​បុរាណ​​​ ហើយ​​ក៏​​​​​ជ្រើស​យក​ទៅ​​​សម្តែង​ជា​ទស្សនីយភាព​នៅ​កម្មវិធី​​ពិព័រណ៍​សិល្បៈ​ចម្រុះ​ក្រោម​ប្រធាន​​បទ​​រួម​ថា «ជំនោរ ART»​ ​នា​​ពេល​កន្លង​​មក​​ទទួល​បាន​ការ​កោត​សរសើរ​ពី​​មហាជន​ផង​ដែរ​ថា មាន​លក្ខណៈ​​ស៊ី​គ្នា​នឹង​បរិយាកាស​ពេល​រាត្រី​។

យុវតី ​៣ ​រូប ដែល​កំពុង​តែ​សិក្សា​ថ្នាក់​ទី ​១២ នៅ​ឯ​​វិទ្យាល័យ​មួយ​​ក្នុង​ខេត្ត​​បាត់ដំបង មាន​កញ្ញា ម៉ៅ រស្ម៊ី កញ្ញា យ៉ន់ ស្រី​យ៉ឺន និង​កញ្ញា ហៃ នីសា បាន​​​ជ្រើស​យក​​​នូវ​របាំ ​«រស្មី​​ដួង​ចន្ទ» សម្តែង​តាម​លំនាំ​​នៃ​ចម្រៀង​​មហោរី​ក្លាយ​ បាន​ស្រូប​ចំណាប់​​អារម្មណ៍​ពី​មហាជន​​ចូល​​ទស្សនា​ក្នុង​កម្មវិធី​​​ពិព័រណ៍​​​​សិល្បៈ​ចម្រុះ​ ​ក្រោម​ប្រធាន​បទ​​រួម​ថា «ជំនោរ- ART»​ ដែល​បាន​​ប្រារព្ធ​ធ្វើ​នៅ​​​លើ​កំណាត់​នៃ​​ដង​​ផ្លូវ​​លេខ ​ ២.៥​​ ស្ថិត​នៅ​​​ក្នុង​ក្រុង​​បាត់ដំបង ​ខេត្ត​បាត់​ដំបង ​កាល​​ពី​ថ្ងៃ​ទី ​២១-២២ ខែ ​ធ្នូ ឆ្នាំ ​២០១៩ កន្លង​​មក​នោះ​​គួរ​ឲ្យ​កត់​សម្គាល់​។​​

កញ្ញា យ៉ន់​ ស្រីយ៉ឺន និង​កញ្ញា ហៃ នីសា​ ពេល​សម្តែង​របាំ «រស្មីដួងចន្ទ»។ រូបថត រដ្ឋ ផល្លីន​

អ្នកគ្រូ ចាន់ ស្រីរឿន បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​​របាំ​បុរាណ និង​របាំ​ប្រពៃណី​នៅ​សាលា​​ហ្វារ​ពន្លឺ​​សិល្បៈ​ខេត្ត​បាត់ដំបង​រយៈពេល​ជិត​ ៣ ​ឆ្នាំ និង​​ធ្លាប់​រៀន​សិល្បៈ​​របាំ​នេះ​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់ចាម​ចំនួន​ ១០ ឆ្នាំ​ផង​ដែរ​ ហើយ​ក៏​បាន​ចូលរួម​ជួយ​សម្រួល​កិច្ចការ​ខ្លះ​នៃ​​ក្រុម​របាំ​យុវតី​ ៣ រូប​នោះ ​បាន​​​​បង្ហើប​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​នាំ​យក​​ទម្រង់​របាំ​បុរាណ​នេះ​ទៅ​​​សម្តែង​ថា៖ «របាំ​នេះ ​ដឹកនាំ​សម្ដែង​ដោយ​កញ្ញា ម៉ៅ រស្ម៊ី​ និង​ជា​តួឯក​ក្នុង​របាំ​ផង​ដែរ​ និង​មិត្ត​ភក្តិ​គាត់​ ២ ​នាក់​ទៀត​ គឺ យ៉ន់ ស្រីយ៉ឺន និង ហៃ នីសា ដែល​ពួក​គេ​គឺ​សុទ្ធ​តែ​ជា​សិស្ស​កំពុង​តែ​សិក្សា​ចំណេះ​ដឹង​ទូទៅ​​​​កម្រិត​វិទ្យាល័យ​នៅ​​បាត់ដំបង ។ ទោះបី​ជា​ជាប់​​រវល់​រៀន​ពេញ​ម៉ោង​យ៉ាង​ណា​ក្តី ដោយសារ​​​ពួក​គេ​​ស្រឡាញ់​ទម្រង់​របាំ​ «រស្មីដួងចន្ទ»​ នេះ ហើយ​បាន​ឆ្លៀត​ពេល​រៀន​យូរ​ឆ្នាំ​មក​ហើយ​ជា​មួយ​នឹង​​គ្រូ​របាំ​ពី​មុន​​របស់​ពួក​គេ​ តែ​មួយ​រយៈ​នេះ ​នាង​​ខ្ញុំ​​ក៏​ទទួល​បន្ទុក​បណ្តោះ​អាសន្ន​ជាមួយ​ពួក​គេ​ដែរ ដោយសារ​គ្រូ​មុន​គាត់​ឈប់​។ ការ​សម្តែង​នា​សប្តាហ៍​មុន​​នេះ នាង​ខ្ញុំ​គ្រាន់​តែ​ជួយ​សម្រួល​ផ្នែក​​​ខ្លះ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ ហើយ​ការ​ហាត់​សម​មុន​​សម្តែង គឺ​ជា​ការ​ខំប្រឹង​របស់​ពួក​គេ​ ដោយ​មាន​ ម៉ៅ រស្ម៊ី ជា​អ្នក​ដឹកនាំ​»។ ​

បើ​តាម​​អ្នកគ្រូ ចាន់ ស្រីរឿន ​ឲ្យ​ដឹង​ថា ផ្នែក​របាំ​មួយ​​ គឺ​មាន​ចំនួន​ច្រើន​បែប​ច្រើន​ទម្រង់​ថែម​​ទៀត ដែល​យើង​អាច​​​ឃើញ​​ការ​សម្ដែង​នូវ​​​របាំ​នីមួយៗ​​​​ក្នុង​កម្មវិធី​ផ្សេងៗ ប៉ុន្តែ​ដោយ​មាន​របាំ​ខ្លះ ​គឺ​ត្រូវ​​បាន​​​សម្ដែង​តែ​នៅ​ក្នុង​ឱកាស​ពិសេស​ ឬ​សម្រាប់​តែ​សម្ដែង​​​ជូន​​ដល់​ព្រះមហាក្សត្រ​ ទ្រង់​ទត​តែ​ប៉ុណ្ណោះ ទើប​​យើង​ជា​ប្រជា​ពលរដ្ឋ​​កម្រ​បាន​ឃើញ​របាំ​ទាំង​នោះ​ផ្ទាល់​។​

ក្រុម​យុវតី​ទាំង​ ៣ កញ្ញា ម៉ៅ រស្មុី(កណ្តាល)។ រូបថត Chamnor-Art Page

អ្នកគ្រូ ចាន់ ស្រីរឿន បន្ត​ថា៖ «​តាម​ពិត​ទៅ​របាំ​​រស្មី​​ដួង​ចន្ទ​នេះ​ជា​ទម្រង់​​របាំ​បុរាណ​មាន​យូរយារ​ណាស់​មក​ហើយ​ និង​ជា​របាំ​មួយ​ប្រភេទ​មាន​លក្ខណៈ​ទន់ភ្លន់​ សុភាព​រាបសា ​និង​រេរាំ​​ទៅ​​​តាម​​ចង្វាក់​​នៃ​​បទ​ភ្លេង​​​គួរ​​ឲ្យ​​ចង់​គយ​​គន់ និង​ជា​ពិសេស ​ការ​សម្តែង​មាន​ភ្លើង​ទៀន​បំភ្លឺ​​។​ តួ​យ៉ាង​ដូចជា​ នៅ​​ពេល​សម្តែង​​លើ​​កំណាត់​ផ្លូវ​ ២.៥ ​កាល​​ពី​ថ្ងៃទី ​២១-២២ ខែធ្នូ កន្លង​មក​នោះ ប្អូនស្រី​​ ម៉ៅ រស្ម៊ី​ ក៏​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​សម្រេច​​ចិត្ត​ជ្រើសរើស​របាំ​នេះ​ទៅ​សម្តែង​​ពេល​យប់​ដែរ​។ ប្អូន​ស្រី​ថា ដោយសារ​របាំ​នេះ​​​​​​សម្តែង​មាន​ភ្លើង​ទៀន ហើយ​ការ​សម្តែង​នៅ​ពេល​យប់​ វា​មាន​លក្ខណៈ​ស៊ី​គ្នា​ទៅ​នឹង​បរិយាកាស​នៃ​​ភ្លើង​ទៀន​នេះ​​ណាស់​ ទើប​សម្រេច​យក​។ របាំ​នេះ ​គេ​អាច​សម្តែង​ជា​ក្រុម​មាន​​ច្រើន​ទម្រង់​ គឺ​អាច​មាន​សមាជិក​ ៣ នាក់ ​អាច​ ​៥ នាក់ និង​ចំនួន ​៧ ​នាក់​»។​

បណ្តុំ​ទស្សនីយភាព​នៃ​ការ​សម្តែង​សិល្បៈ​របាំ​ សម្តែង​សៀក ដើរ​បង្ហាញ​ម៉ូដ​ តាំង​បង្ហាញ​​ស្នាដៃ​សិល្បៈ​​​នានា​ ដែល​​​​​រៀបចំ​ឡើង​ជា​លើក​ដំបូង ដោយ​ក្រុម​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ​ កាល​ពី​ចុង​​សប្តាហ៍​កន្លង​មក​​​​ចំនួន ​២ ថ្ងៃ​ នៅ​​លើ​កំណាត់​​​​ផ្លូវ ​២.៥​ ក្រុង​​បាត់​ដំបង​ ខេត្ត​​បាត់​ដំបង​​នោះ មិន​ត្រឹម​តែ​ទទួល​បាន​​លទ្ធផល​ជោគជ័យ​ខ្លាំង​ និងថែម-​ទាំង​​​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ និង​អាជ្ញាធរ​តំបន់ មូលមតិ​​​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ប្រចាំ​ឆ្នាំ​ទៀត​ផង​៕​