ភ្នំពេញៈ បន្ទាប់​ពី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១ ម៉ឺន​ដុល្លារ និង​ពី​តារា​ចម្រៀង​ប្រុស​ទ្រនំ​ធំ​ហង្សមាស​លោក ខេមរៈ សិរីមន្ត ១ ពាន់​ដុល្លារ ព្រម​ទាំង​សប្បុរស​ជន​ទាំង​ក្រៅ និង​ក្នុង​សិល្បៈ​ជា​ហូរហែ​ដើម្បី​សម្រួល​ការ​លំបាក និង​អាច​មាន​ប្រាក់​ព្យាបាល​ជំងឺ​បាន​នោះ តារា​ចម្រៀង​វ័យ ៤០ ឆ្នាំ លោក ចាន់ សម័យ សន្យា​យ៉ាង​មុត​មាំ​ថា​នឹង​វិល​ទៅ​បំពេ​អារម្មណ៍​បង​ប្អូន​វិញ។

ដំណឹង​វិល​ត្រឡប់មក​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​ពេញមុខ​ពេញមាត់​សាជាថ្មី​ម្តងទៀត​របស់​លោក ចាន់ សម័យ នេះ ក៏​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍ និង​ការ​សាទរ​ពី​សំណាក់​ប្រិយមិត្ត​យ៉ាង​ខ្លាំង​តែ​ម្តង ក្រោយ​ខាន​ស្តាប់​សំនៀង​ដ៏​ក្រអួន​ក្រអៅ​មាន​ទឹក​ដម និង​ច្រៀង​បទ​ចម្រៀង​បាន​គ្រប់​ទម្រង់​របស់​លោក​ច្រើន​ជាង ១០ ឆ្នាំ ដែល​បិទ​បាំង​នូវ​ជីវភាព​ដ៏​កម្សត់​លំបាក និង​បៀម​ទុក្ខ​សោក​ដោយ​ជំងឺ​ប្រចាំ​កាយ​របេង​ឆ្អឹង​យូរ​ឆ្នាំ តែ​ខំ​ប្រឹង​តស៊ូ​រួមរស់​ជាមួយ​ប្រពន្ធ និង​កូន​ប្រុស​ស្រី​ទាំង ៥ មក​នោះ។

គេ​ឃើញ​មាន​មហាជន​សឹងតែ​គ្រប់ស្រទាប់​តែម្តង​ចូលទៅ Comment លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​លោក ចាន់ សម័យ ពេល​បាន​ដឹង​ថា លោក នឹង​វិល​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​វិញ ដោយ​បើក​ចំហ​នោះ។ ដោយ​មាន​អ្នក​ខ្លះ​សរសេរ​លើក​ទឹកចិត្ត​ថា៖ «គាត់​អាច​ក្រោក​ឡើង​ម្តង​ទៀត ព្រោះ​មាន​កម្លាំង​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​តម្លៃ​នៃ​សមត្ថភាព​របស់​គាត់​ពី​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់។ ប្រឹង​ឡើង​ប្អូន​ប្រុស បង​នៅ​តែ​ចង់​ស្តាប់​សំឡេង​ប្អូន​ជានិច្ច (សំឡេង​ប្អូន​ធ្ងន់​ល្អ ហើយ​ច្បាស់ៗ​មិន​រ៉ែ មិន​ង៉ុល ស្រែក​បាន​ខ្លាំង​ល្អ​សូម​សរសើរ ចូល​ចិត្ត​ស្តាប់​ជានិច្ច។ មិន​ដូចជា អ្នក​ចម្រៀង​ខ្លះ​ស្រែក​លំៗ តាម​តែ​ភ្លេង​ហើយ​ចេះ​តែ​ល្បី​ទៅ​រួច​ដែរ។ ជូនពរ​ប្អូន​ឆាប់​ជា​ពី​ជំងឺ និង​បាន​ច្រៀង​ឲ្យ​បាន​ល្បី​ដូចជា​កាល​ពី​មុន សូម​ខំ​តស៊ូ​ឡើងៗ​ប្អូន!» និង​សារ​ខ្លះ​ថា៖ «ខំប្រឹង​ឡើង​វិញ​បង កុំ​អស់​សង្ឃឹម បង​ប្អូន​នៅ​តែ​គ្រាំទ្រ និង​លើក​ទឹកចិត្ត​បង​ជានិច្ច។ ល្អ​ណាស់​បង បើ​មាន​ឱកាស​ហើយ​ត្រូវ​តែ​ងើប​ឡើង​ក្តោប​វា​ឲ្យ​ជាប់​កុំ​ឲ្យ​វារ​បូត​ម្តង​ទៀត​ណា!»។

ក្រៅពីនេះ​មាន​សារ​ជូនពរ​ពី​ប្រិយមិត្ត​គាំទ្រ​ផងដែរ​ថា៖ «សូម​ជូនពរ​បង​ទទួលបាន​ជោគជ័យ​សាជា​ថ្មី​ព្រម​ទាំង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​មិន​ល្អ​ទាំង​ឡាយ​ផង​ដែរ ស៊ូៗ​ណា​បង គឺ​មាន​មនុស្ស​ជាច្រើន​ចាំ​ផ្តល់​កម្លាំង​ចិត្ត​ដល់​បង។ បង​ប្រុស​ទឹក​ដម​សំឡេង​ល្អ​ណាស់​បង​អាច​បន្ត​ការងារ​សិល្បៈ​ដូច​ដើម គាំទ្រ​សិល្បៈ​ខ្មែរ​យើង​ជានិច្ច។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ស្តាប់​បទ​ចម្រៀង​បង​សា​ជា​ថ្មី​ទៀត Idol ខ្ញុំ»។

លោក ចាន់ សម័យ ជា​តារាចម្រៀង​ប្រុស​ល្បី​នៅ​ផលិតកម្ម​ព្រះវិហារ នា​ឆ្នាំ ២០០០-២០០១ ម្ចាស់​បទ​ចម្រៀង​នានា​មាន​បទ «អ្នក​តា​ចង់​មេ​មាន់» បទ «អូន​សាវា» បទ «គិត​យ៉ាង​ណា» បទ «ស្តាយ​ក្រោយ» បទ «ចាញ់​ទាំង​អស់» និង​បទ​ចម្រៀង​ក្នុង​កុន​ចិន តៃវ៉ាន់​រឿង «ស្នេហា F4» ជាដើម​នោះ​ក្តី ក្រោយ​ពី​លេច​ដំណឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវភាព​មក ក៏​ឃើញ​តារា​ចម្រៀង​ចំណូល​ថ្មី​នៃ​ហង្សមាស​លោក ខេមរៈ សិរីមន្ត បាន​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​បង​ប្រុស​បង្កើត​គឺ​លោក ខេមរៈ ភារុណ នាំ​យក​ថវិកា ១ ពាន់ ដុល្លារ ទៅ​ជូន​លោក ចាន់ សម័យ ដោយសារ​លោក​ជាប់​រវល់​ចេញ​ទៅ​ប្រទេស​ថៃ បន្ទាប់​ពី​តារា​ចម្រៀង​ស្រី​អ្នក​នាង ស៊ិន ឧត្តមផល្លា បាន​នាំ​អំណោយ​ផ្ទាល់​ជា​គ្រឿង​បរិភោគ និង​ប្រាក់ ១០០ ដុល្លារ​មក​នោះ។

លោក ចាន់ សម័យ ក៏បាន​សន្យា​យ៉ាង​មុតមាំ​ពី​ការវិល​វិញ​របស់ខ្លួន​ដែរ​ថា៖ «ខ្ញុំ​សូម​សន្យាថា នឹង​វិល​ទៅ​បំពេ​អារម្មណ៍​បងប្អូន​វិញ​ដូច​ពី​មុន»៕