ភ្នំពេញ៖ ថ្មីៗ​នេះ​ផលិតកម្ម​មហាហង្ស​ភាពយន្ត​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​រៀបចំ​​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​នារី​មួយ​ថ្មី​សន្លាង​ ​ជា​ពិសេស​សម្រាប់​កម្ពុជា ​គឺ​កម្មវិធី​ប្រកួត Miss Supranational Cambodia​ 2021 ដែល​នឹង​ត្រូវ​​ប្រកួត​ជ្រើសរើស​​​​យក​បេក្ខនារី​​​ម្នាក់​​ឲ្យ​​គ្រង​​​មកុដ​ប្រចាំ​ប្រទេស​​ជា​លើក​ដំបូង​ និង​ជា​តំណាង​ទៅ​​​​​ចូលរួម​​​ការ​ប្រកួត​លំដាប់​អន្តរជាតិ​ Miss Supranational​ 2021។

បើ​តាម​លោក អ៊ិន សុភិន ជា​អគ្គនាយក​​ផលិតកម្ម​មហាហង្ស​ភាពយន្ត និង​ជា​​អ្នក​ជំនាញ​​ខាង​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​​សម្រស់​​​ដោយ​លោក​​ក៏​មាន​សញ្ញាបត្រ​ផ្នែក​នេះ​ដែរ​នោះ បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ទទួល​​សិទ្ធិ​​រៀបចំ​ជា​លក្ខណៈ​ទិញ​ ​Franchise ពី​​កម្មវិធី​អន្តរជាតិ Miss Supranational​ ​​ថា៖ «ជា​​ការ​ពិត ខាង​ក្រុមហ៊ុន​របស់​យើង​ទទួល​បាន​សិទ្ធិ​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​​ប្រកួត​ Miss Supranational Cambodia​​ ជា​លើក​ដំបូង​សម្រាប់​កម្ពុជា​ ខណៈ​​កម្មវិធី​នេះ ​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​​តំបន់​​អឺរ៉ុប ​គឺ​ប្រទេស​ប៉ូឡូញ​ ហើយ​ការ​ប្រកួត​មាន​សមាជិក​ចូលរួម​ប្រកួត​ប្រជែង​ប្រមាណ ​៩០ ប្រទេស​ឯណោះ»​។

អគ្គ​នាយក​​ផលិតកម្ម​មហាហង្ស​ភាពយន្ត​រូប​នេះ​បន្ត​ថា៖ «ចំពោះ​ការ​រៀបចំ​ដំបូង​​នៃ​កម្មវិធី​​ប្រកួត Miss Supranational Cambodia​ 2021 នេះ ប្រសិន​បើ​ស្ថានភាព​នៃ​ការ​ឆ្លង​​ជំងឺ​កូវីដ ​១៩ បាន​ធូរ​ស្បើយ​នោះ យើង​នឹង​កំណត់​យក​ទៅ​​តាម​គម្រោង​​នៃ​ការ​​ចាប់​ផ្តើម​ជ្រើសរើស​បេក្ខនារី​​ខ្មែរ​ចូលរួម​ប្រកួត​នៅ​តាម​ខេត្ត​ក្រុង​នានា​ នៅ​ខែ​កុម្ភៈ ឆ្នាំ ​២០២១។ ​តែ​​ប្រសិន​បើ​ស្ថានភាព​មិន​បាន​ធូរ​ស្បើយ ឬ​ប្រសើរ​នោះ យើង​នឹង​ពន្យារពេល​រៀបចំ​។ ចំណែក​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​វិញ​ ការ​ប្រកួត​ Miss Supranational Cambodia ទាមទារ​ឲ្យ​បេក្ខនារី​​យ៉ាង​ហោច​ណាស់​បញ្ចប់​ការ​សិក្សា​កម្រិត​ថ្នាក់ទី ​១២ មាន​កម្ពស់​ចាប់​ពី​ ១,៧០ ម៉ែត្រ​ឡើង​ទៅ​ មាន​សមត្ថភាព​ចេះ​និយាយ​​ភាសា​អង់គ្លេស​​អាច​​​​ប្រើប្រាស់​បាន​មាន​ចំណេះ​ដឹង​ទូទៅ​​ទូលំទូលាយ និង​ចូលចិត្ត​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​​​ផង​​​ដែរ»​។

លោក អុិន​ សុភិន អគ្គនាយក​ផលិត​កម្ម​មហាហង្ស​។ រូបថត ហ្វេសប៊ុក

ក្នុង​នាម​ខ្លួន​ជា​ផលិតករ ១ រូប និង​ជា​អ្នក​ជំនួញ​ផង​ដែរ លោក អ៊ិន សុភិន បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង ​ជាមួយ​ការងារ​សិល្បៈ​មួយ​នេះ ​​ដោយសារ​តែ​ការ​ស្រឡាញ់ ទើប​ធ្វើ​ឲ្យ​លោក​ហ៊ាន​សម្រេច​ទិញ​សិទ្ធិធ្វើ​កម្មវិធី​នេះ​ឡើង​ជា​លើក​ដំបូង​។ ការ​ប្រកួត​​កម្មវិធី Miss Supranational ​​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ​ ដោយ​មាន​​បណ្ដា​ប្រទេស​ជា​​ច្រើន​​​ទូទាំង​ពិភព​លោក ​បាន​ចូលរួម​ប្រកួត​ប្រជែង។ ​ប្រទេស​កម្ពុជា ​យើង​មាន​មនុស្ស​ភាគ​តិច ​ដែល​បាន​ស្គាល់​​ពី​កម្មវិធី​នេះ​ ហើយ​បេក្ខភាព​របស់​កម្ពុជា​ក៏​មិន​ទាន់​បាន​ចូលរួម​លក្ខណៈ​អន្តរជាតិ​នៅ​ឡើយ​ដែរ​នោះ​ទេ​។

លោក អ៊ិន សុភិន ក៏​បង្ហើប​សម្រាប់​ការ​ផ្តល់​ឱកាស​ល្អ​​ និង​​លើក​​ទឹក​ចិត្ត​ដល់​បេក្ខនារី​ខ្មែរ ដែល​ស្រឡាញ់​ការងារ​ផ្នែក​ប្រកួត​​​សម្រស់​​នេះ​ដែរ​ទាំង​នៅ​ពេល​ដាក់​​ពាក្យ​ចូល​ប្រកួត និង​ក្រោយ​ពី​​​ការ​​ប្រកួត​រួច​​ថា៖ «យើង​នឹង​ខិតខំ​រៀបចំ​ការ​ប្រកួត Miss Supranational Cambodia ​នេះ​​ឲ្យ​បាន​ល្អ​តាម​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ ដើម្បី​ជា​ឱកាស​លើក​មុខ​មាត់​ឲ្យ​ប្រទេស​​ជាតិ​ និង​​លើក​​​តម្លៃ​ស្រ្តី​ខ្មែរ​ ​អាច​ចូល​រួម​​​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​។ លើស​​ពី​នេះ​ក្រោយ​​​ប្រកួត​ចប់​ សម្រាប់​​បេក្ខនារី​​ជយ​​លាភី​នានា​យើង​ក៏​មាន​ការ​ផ្តល់​ឱកាស​ការ-ងារ​​ជា​តារា​សម្តែង​ថត​ស្ប៉ត​ សម្តែង​​កុន​ និង​តារា​ម៉ូដែល​ជាមួយ​ក្រុមហ៊ុន​យើង​»៕​