ភ្នំពេញៈ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី៨ នឹងចាប់ផ្តើមប្រារព្ធធ្វើពីថ្ងៃទី ២១ ដល់ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះហើយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការនៃកម្ពុជា-ជប៉ុន (CJCC) ដែលជាការសហការពីស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។
ជាក់ស្តែងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំគឺចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះនៅក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបនានារបស់ជប៉ុន និងកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំង ២ កាន់តែខ្លាំងផងដែរ។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានឲ្យដឹងពីកម្មវិធីពិសេសត្រួសៗមានចំនួន ៤ ថ្ងៃសំខាន់ៗនៅឆ្នាំនេះផងដែរថា៖ «ប្រធានបទឆ្នាំនេះគឺ «Experience Together»។ មហោស្រពនឹងមានកម្មវិធីជាច្រើនទៀតដូចជាការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់សិក្ខាសាលាស្តីអំពីការអភិរក្សនូវសម្បត្តិបេតិកភណ្ឌពិភពលោកដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ សាកល្បងស្លៀក «ក្បិន» ខ្មែរ និងសម្លៀកបំពាក់ «យូកាតា» របស់ជប៉ុនសាកល្បងពិធីលៀងតែបែបជប៉ុន «សាដូ» ចូលរួមស្វែងយល់សិល្បៈបត់ក្រដាស «អូរីហ្គាមី» រៀនរបៀបតុបតែងផ្កា «អ៊ីកេបាណា» និងការសរសេរអក្សរផ្ចង់ «ស្យូដូ» របស់ជប៉ុនជាដើម។
បើតាមរយៈប្រធានបទនេះដែរអ្នកចូលរួមក៏អាចសាកល្បងធ្វើសកម្មភាពទាំងអស់គ្នារួមជាមួយនឹងក្រុមសិល្បករ និងក្រុមអ្នករៀបចំរបស់យើងបានដែរ»។
ខណៈកម្មវិធីប្រចាំថ្ងៃនីមួយៗនៅក្នុងរយៈពេល ៤ ថ្ងៃនោះក៏ត្រូវបានឲ្យដឹង តាមរយៈសេចក្តីប្រកាសព័ត៌មានដែរថា៖ «សម្រាប់ថ្ងៃទី ២១ ខែកុម្ភៈចាប់ពីវេលាល្ងាចម៉ោង ៦ និង ៣០ នាទីដល់ម៉ោង ៨ យប់មានកម្មវិធីបើកមហោស្រពដោយមានការសម្តែងរបាំប្រពៃណីខ្មែរដែលជាការសម្តែងបែបប្រពៃណី និងទំនើបរបស់ក្រុម MINYO GIRLS និងក្រុម Area Rock Styler និងការសម្តែងល្ខោនខោលវត្តស្វាយអណ្តែត។ ចំណែកថ្ងៃទី ២២ ខែកុម្ភៈ ចាប់ពីម៉ោង ២ ដល់ម៉ោង ៣ រសៀលកម្មវិធីសិក្ខាសាលាតន្ត្រីបុរាណជប៉ុន JSR និងចាប់ពីម៉ោង ៦ ដល់ម៉ោង ៧ យប់ជាការសម្តែងដោយក្រុម MINYO GIRLS។ រីឯកម្មវិធីនៅថ្ងៃទី ២៣ ខែកុម្ភៈវេលាម៉ោង ២ ដល់ម៉ោង ៣ និង ៣០ នាទីរសៀលការប្រគំតន្ត្រីក្លាស៊ីកនៃក្រុម Worldship Orchestra និងក្រុមតន្ត្រីយុវជនអង្គរ ខណៈម៉ោង ៦ ដល់ម៉ោង ៧ យប់ជាសិក្ខាសាលារបាំដោយក្រុម Area Rock Styler។ សម្រាប់ថ្ងៃចុងក្រោយគឺថ្ងៃទី ២៤ ខែកុម្ភៈ វិញនោះគឺចាប់ពីម៉ោង ៩ និង ៣០ នាទី ព្រឹក ដក់ម៉ោង ១១ និង៣០ ព្រឹកមានកម្មវិធីសាកល្បងជាមួយកីឡាយុទ្ធសាស្ត្រជប៉ុន និងកម្ពុជាគឺកីឡាការ៉ាតេដូ អៃគីខេនដូ និងក្បាច់គុនល្បុក្កតោ។ ម៉ោង ៣ ដល់ម៉ោង ៤ រសៀលមានកម្មវិធីតោះ!យើង Cosplay Kizuna ឆ្នាំ ២០១៩ ខណៈម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ មានការសម្តែងពិសេសរបស់ល្ខោនបាសាក់នៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត និងការសម្តែងល្ខោនបាសាក់រឿងព្រះស៊ីសុវណ្ណ»។
សម្រាប់ព័ត៌មានលម្អិតនានាអាចទាក់ទងទៅកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុនបានតាមរយៈប្រព័ន្ធទូរស័ព្ទ ០២៣ ២១៧១៦១ (លេខភ្ជាប់បន្ត ១១២១) ឬក៏អាចផ្ញើសារទៅតាមអ៊ីមែល info.jpn@pp.mofa.go.jp ខណៈការចង់ដឹងពីព័ត៌មានស្តីពីកម្មវិធីនៃមហោស្រពគីហ្សូណាឆ្នាំនេះសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ttps://fb.com/KizunaFestival. #KizunaFestival2019៕