ភ្នំពេញ៖ មហោស្រព​ចាប៉ី​ដង​វែង​លើកទី ២​​ ឆ្នាំ ​២០១៩ នឹង​ប្រារព្ធ​ធ្វើ​ដោយ​មាន​ការ​សម្តែង​​​​ពិសេស​របស់​ក្រុម​សិល្បករ​ចាប៉ី​​ដងវែង​ ទ្រង់ទ្រាយ​ធំ​រួម​គ្នា​មាន​ចំនួន​ ៤៤ ​រូប​​​ នៅ​រាជ​ធានី​ភ្នំពេញ ក្រោម​​​ជំនួយ​ឧបត្ថម្ភពី​អង្គការ​យូណេស្កូ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

លោក ពេជ្រ សារ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​ ដែល​​រៀបចំ​កម្មវិធី​មហោស្រព​​ចាប៉ី​ដង​វែង​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​មហោស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះ នឹង​​ធ្វើ​នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ​(CJCC) ប្រព្រឹត្ត​ទៅ​ចំនួន ​​៣ ​ថ្ងៃ គឺ​ថ្ងៃ​ទី ​២៧-២៨-២៩ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩។ អ្វី​ដែល​កាន់​​​​តែ​ធ្វើ​ឲ្យ​មាន​លក្ខណ​ពិសេស​ខ្លាំង​ជាង​ឆ្នាំ​មុន​នោះ​ គឺ​មហោស្រព​​មាន​ការ​សម្តែង​​​​របស់​ក្រុម​សិល្បករ​ចាប៉ី​ដង​វែង​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។​ ​យុវជន​ចាប៉ី​ដង​វែង ​​ហាត់​សម​យ៉ាង​សកម្ម​សម្រាប់​​​សម្តេច​​ទ្រង់​ ​​​លោក​ជំទាវ លោក​ឧកញ៉ា អស់​លោក​ លោកស្រី​ បង​ប្អូន​ចូលរួម​ទស្សនា​ មហោស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​ ខណៈ​យើង​មាន​​វត្តមាន​លោក​តា លោកយាយ ​យុវតី យុវជន កុមារ ​ចាប៉ី​ដងវែង​សរុប​ ៤៤ រូប​ ដែល​​ហៅ​ថា​ ការ​សម្តែង​​ចាប៉ី​ដង​វែង​ ៣ ​ជំនាន់​រួម​គ្នា​ ដោយ​​ពួក​គាត់​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា​​មក​សម្តែង​ជូន​ពុក​ម៉ែ បងប្អូន ចូលរួម​គាំទ្រ​ផ្តល់​កម្លាំង​​​ចិត្ត​ និង​ចូល​​ទស្សនា​ដោយ​សេរី​»។

ពេល​ចាប៉ី​ដង​វែងខ្មែរ​​ដាក់​ចូល​​​ជាបេតិកភណ្ឌយូណេស្កូឆ្នាំ​ ២០១៦​។ ​រូប ហ្វេសប៊ុក​

ប្រធាន​​ក្រុម​​​សហគមន៍​ចាប៉ី​អមតៈ លោក ពេជ្រ​ សារ៉ាត​ បន្ត​​ថា​៖ «ចំពោះ​ការ​ប្រារព្ធ​ធ្វើ​លើក​​ទី ​២​ នា​ឆ្នាំ ​២០១៩​ នេះ​ ដែល​​​​មាន​ការ​ជុំ​គ្នា​ជា​ទ្រង់ទ្រាយ​​ធំ ​គឺ​​​សម្តែង​រួម​គ្នា​​ ៤៤​ រូប​​ ​នោះ​ ​ក៏​ព្រោះ​​​តែ​​ចង់​រំឮក​ចង​ចាំ​នៃ​ខួប​​​ដាក់​ចាប៉ី​ដង​វែង​ចូល​ក្នុង​បញ្ជី​​​ជា​​សម្បត្តិ​បេតិកភណ្ឌ​​មនុស្ស​ជាតិ​ របស់​អង្គការ​យូណេស្កូ​​ កាល​ពី​ចុង​​ឆ្នាំ ​២០១៦​ ផង និង​​ចង់​ផ្សព្វផ្សាយ​​​ឲ្យ​បាន​​ទូលំទូលាយ​ពី​សិល្បៈ​​ចាប៉ី​ដង​វែង​​​នេះ​ផង​​ដែរ​ ទៅ​ដល់​កូន​​ខ្មែរ​ជំនាន់​​ក្រោយ​បាន​ស្គាល់​​វា​ឲ្យ​កាន់​តែ​បាន​ច្បាស់​ផង​ដែរ​​»។ ​

គួរ​បញ្ជាក់​ថា តន្ត្រី​ចាប៉ី​ដង​វែង​​​នេះ​ មាន​ការ​ពេញ​និយម​ខ្លាំង​ក្លា​​​ណាស់​​អំឡុង​ ​​នា​ទសវត្សរ៍ទី ៦០-៧០ ពី​សំណាក់​​​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វ័យ​ ដោយសារ​ជា​សិល្បៈ​តន្ត្រី​មួយ​ប្រភេទ​តម្រូវ​​ឲ្យ​សិល្បករ​មាន​បញ្ញា​​ឈ្លាស​វៃ​ ចំណេះ​ដឹង​​ទូលំទូលាយ ហើយ​មាន​សំនួន​​វោហារស័ព្ទ​ណែងណង នឹក​ឃើញ​ភ្លាម​ច្រៀង​​ភ្លែត។

សម័យ​បច្ចុប្បន្ន​ ចាប៉ី​ដង​វែង​ហាក់​ដូច​ជា​ថមថយ​នូវ​ប្រជាប្រិយភាព ​​លែង​ចង់​លេង​ឧបករណ៍​នេះ​ មួយ​ផ្នែក​ព្រោះ​តែ​មាន​​​ទស្សនៈ​យល់​ច្រឡំ និង​ជឿ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ការ​រៀន​ចាប៉ី​ដង​វែង​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ងងឹត​ភ្នែក​ដោយសារ​​​តែ​មាន​ក្រុម​សិល្បករ​ព្រឹទ្ធាចារ្យ​​ជើង​ចាស់​មួយ​​ចំនួន​ដូចជា​ លោក​តា ប្រាជ្ញ ឈួន លោក​តា គង់ ណៃ​ និង​លោក ស្មៀន នេត ប៉េ ជាដើម។

លោក​ ពេជ្រ​ សារ៉ាត បាន​​ច្រាន​​​​ចោល​​ថា៖ «​ទស្សនៈ​​​នេះ​​​ មិន​ត្រឹមត្រូវ​​​​ទេព្រោះ​​​ពួក​គាត់​​សុទ្ធ​តែ​មាន​ជំងឺ​​ភ្នែកតាំង​ពី​កំណើត​ មិន​មែន​​ដោយសារ​រៀន​​​ចាប៉ី​ឡើយ​។ ដូច្នេះ​ចង់​​​​​បង្ហាញ​ឲ្យ​យុវវ័យ​ខ្មែរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ឧបករណ៍​តន្ត្រី​បុរាណ​នេះ​ ខណៈ​វា​ក៏​អាច​ប្រគំ​ក្នុង​​បទ​​សម័យ​បាន​ដែរ​»៕