
ក្រុមយុវជនខ្មែរនៃសហគមន៍ចាប៉ីអមតៈនាពេលចូលរួមអបអរសាទរពិធីមហោស្រពចាប៉ីដងវែងកន្លងមក។ សហការី
ក្រុងសៀមរាបៈ ដើម្បីជាកិច្ចអបអរសាទរនៃការបញ្ចូលចាប៉ីដងវែងខ្មែរ ឲ្យចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅក្នុងខួបរយៈពេល ២ ឆ្នាំនោះនឹងមានការរៀបចំមហោស្រពចាប៉ីដងវែងធ្វើនៅទីតាំងមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈ ក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។
ក្រោមគម្រោងមូលនិធិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈផ្នែកបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ និងសហការរៀបចំដោយ អង្គការសិល្បៈខ្មែរអមតៈ រថយន្តតន្ត្រីទិព្វខ្មែរ សហគមន៍ចាប៉ីអមតៈ និងបណ្ដាដៃគូ សិល្បករក្នុងស្រុកនានា នឹងនាំមកជូននូវផ្ទាំងទស្សនីយភាពនៃចម្រៀង និងតន្ត្រីក្នុងទម្រង់សិល្បៈចាប៉ីដងវែង និងការសម្ដែងសិល្បៈនានា ជាពិសេសគឺការសម្ដែងចម្រៀងចាប៉ី ៥ នាក់ ដោយមានព្រឹទ្ធាចារ្យចាប៉ីដងវែងដែលជាតំណាងឲ្យខេត្តនីមួយៗ និងការសម្ដែងចាប៉ីទាំង ២ ជំនាន់ផងដែរ។
លោក សុង សេង នាយកនៃមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការសិល្បៈខ្មែរអមតៈឲ្យដឹងថា៖ «មហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងពិភពលោកដោយមូលនិធិ និងការសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែកបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ សហគមន៍សិល្បៈ ក្រុមសិល្បករ និងដៃគូនានា។ យើងពិតជាចង់ឲ្យមានទស្សនិកជនកាន់តែច្រើន មកចូលរួម និងបានស្វែងយល់អំពីតម្លៃទម្រង់សិល្បៈចាប៉ីដងវែង»។

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ពេលលេងចាប៉ីដងវែង។ ភ្នំពេញ ប៉ុស្តិ៍
លោកបន្តថា៖ «មហោស្រពនេះធ្វើដើម្បីអបអរសាទរការដាក់បញ្ចូលចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក៏ដូចជាការផ្ដល់ឱកាសដល់សិល្បករចាប៉ី និងសិល្បករនានា អាចភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន និងក្នុងចំណោមអ្នកអាជីពដូចគ្នាបានកាន់តែច្រើនឡើងផងដែរ»។
លោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ ក៏បានបញ្ជាក់ពីកម្មវិធីសំខាន់ខ្លះថា៖ «កម្មវិធីយើងនឹងមានរៀបចំ ៣ ថ្ងៃឯណោះ។ ហើយបើគិតត្រឹមឆ្នាំ ២០១៨ នេះគឺមានរយៈពេល ២ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីខ្មែរពីអង្គការយូណេស្កូ។ ដូច្នេះក្រុមការងាររៀបចំជាមហោស្រពនេះឡើង ដើម្បីអបអរសាទរ និងចែករំលែកពីសិល្បៈផ្នែកតន្ត្រីបុរាណខ្មែរនេះដល់កូនចៅជំនាន់ក្រោយ និងជនបរទេសឲ្យបានស្វែងយល់បន្ថែម»៕