ក្រុងទុយនីស៖ សំឡេងបាសបុកលានឮរងំពេញតំបន់សមុទ្រខ្សាច់សាហារ៉ា ប្រទេស ទុយនេស៊ី រំពងទៅកាន់ហ្វូងអូដ្ឋ ពន្លឺភ្លើងឡាស៊ែរចម្រុះពណ៌ជះឆ្វេកឆ្វាចពាសពេញពំនូកភ្នំខ្សាច់ ខណៈភ្ញៀវវីអាយភីក្រេបស្រាសវុដកានៅលើទីតាំងធ្លាប់ជាឈុតឆាកក្នុងភាពយន្ដ «Star Wars»។
មហោស្រពតន្ដ្រីអេឡិចត្រូនិកផ្នូកខ្សាច់ បង្កើតឡើងក្នុងឆ្នាំ ២០១៤ បានមកដល់ជាថ្មីកាលពីចុងសប្ដាហ៍មុនដែលរៀបចំឡើងនៅលើទីតាំងផលិតករអាមេរិក ចច លូកាស បង្កើតជាឈុតឆាកពិភពសមុទ្រ Tatooine។
មហោស្រពតន្ដ្រីជាឱកាសដ៏រីករាយ និងក្ដុងក្ដាំងក្រោយពីស្ងប់ស្ងាត់រយៈពេល ៣ ឆ្នាំ ដោយសារមានការវាយប្រហារពីក្រុមជីហាដក្នុងប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ ដែលប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង។
ក្នុងសញ្ញាស្ទុះងើបវិញនូវកំណើនទេសចរណ៍តំបន់សមុទ្រខ្សាច់សាហារ៉ា និងទស្សនីយភាពដ៏ស្រស់ស្អាតដទៃទៀត ឌីជេទាំងជាតិ និងអន្ដរជាតិជាង ២០ នាក់ រួមទាំង អ្នកចូលរួមរាប់ពាន់នាក់ទៀត នាំមកគ្នាមកតំបន់វាលខ្សាច់ Ong Jmal នៅភាគនីរតីទុយនេស៊ី សម្រាប់ព្រឹត្ដិការណ៍ប្រចាំឆ្នាំរយៈពេល ២ ថ្ងៃនេះ។
Leopold Poignant និស្សិតអាយុ ២២ ឆ្នាំ មកពីបារាំង ដែលគ្រោងមកកម្សាន្ដទីក្រុង តូហ៊្សូ ក្រោយពីបញ្ចប់កម្មវិធីជប់លៀងនិយាយថា៖ «យើងបានទៅលេងទុយនីស រួចហើយ តែលើកនេះ យើងមកចូលរួមព្រឹត្ដិការណ៍មហោស្រពតន្ដ្រី»។
ព្រឹត្ដិការណ៍នេះ ត្រូវបានរៀបចំឡើងនៅជុំវិញសំណង់រង្វង់ ដែលកសាងឡើងកាលពី ២០ ឆ្នាំមុន ជាឈុតឆាកភាពយន្ដបែបវិទ្យាសាស្ដ្រ Star Wars។ ខណៈសំឡេងតន្ដ្រីបន្លឺឡើងឥតឈប់សម្រាករយៈពេល ៣០ ម៉ោង អ្នកអត់រាំរែកនាំគ្នាលេងក្នុងតង់ដែលត្រូវបានដំឡើងជា «តំបន់ត្រជាក់» ឬនាំគ្នាដុតភ្នក់ភ្លើងជុំគ្នា។
អ្នកចូលរួមភាគច្រើនក្នុងចំណោម ៥ ០០០ នាក់ គឺជាជនជាតិទុយនេស៊ី ដោយខ្លះអត់ធ្លាប់មកលេងតំបន់នេះពីមុនមកសោះ។
កញ្ញា ហ៊្សូបៃដា បាននិយាយថា៖ «ខ្ញុំជាយុវតីទីក្រុង ខ្ញុំមិនចូលចិត្ដតំបន់ប្រពៃណីបែបនេះឡើយ តែពេលនេះ វាមានព្រឹត្ដិការណ៍ជាច្រើនរៀបចំឡើងនៅភាគខាងត្បូង ដូច្នេះ ចៀសមិនផុត ខ្ញុំត្រូវចូលរួមនៅទីនេះដែរ»។
ណាកហ្គា រ៉ាមហ្ស៊ី ជាអ្នកលក់ក្នុងហាង ដែលលេងម៉ូដចិញ្ចើមយ៉ាងខ្ញង់ បាននិយាយថា៖ «បច្ចុប្បន្ន ទេសចរច្រើនបំផុតគឺជនជាតិរុស្ស៊ី ហើយពួកគេត្រាន់តែទិញទឹកធ្វើដំណើរលើសមុទ្រខ្សាច់ប៉ុណ្ណោះ»។
រ៉ាមហ្ស៊ី បានបន្ដទៀតថា៖ «វាពិតជាលំបាក។ នៅទីនេះ គ្មានអ្វីឡើយក្រៅពីជំនួបកម្មវិធីជប់លៀងម្ដងម្កាល និងទេសចរណ៍»៕ AFP/HR