ក្រុងសៀមរាបៈ នៅ​ថ្ងៃ​ទី​ ៣ ខែ​សីហា​ខាង​មុខ​នេះ​នឹង​មាន​ពិធី​ប្រកាស​បើក​មហោស្រព​តន្ត្រីបុរាណ​ថ្មី ឬ​គេ​ហៅថា «​បុណ្យ​រួម​» លើក​ទី​២ នៅលើ​ទឹកដី​ខេត្ត​សៀមរាប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ កញ្ញា ឆ្នាំ​ ២០១៩ មាន​ចំនួន ៦ ថ្ងៃ ​ដោយ​មាន​បណ្តា​ប្រទេស​សមាជិក​នៃ​តំបន់​ទន្លេ​មេគង្គ និង​ជប៉ុន​ចូលរួម​ផងដែរ​។

«​បុណ្យ​រួម​» ដែល​ជា​មហោស្រព​តន្ត្រីបុរាណ​ថ្មី​នៃ​តំបន់​ទន្លេមេគង្គ និង​ជប៉ុន​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​សៀមរាប​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ និង​ជា​លើក​ទី​២ ផងដែរ​សម្រាប់​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​មាន​មូលដ្ឋាន​នៅឯ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​បាន​រៀបចំ​មហោស្រព​តន្ត្រី​បុរាណ​ថ្មី​នៃ​តំបន់​ទន្លេ​មេគង្គ និង​ជប៉ុន​ដែល​មាន​ការចូលរួម​ពី​ក្រុម​តន្ត្រី​មកពី​ប្រទេស​ទាំង ៦ នៅក្នុង​តំបន់​ទន្លេ​មេគង្គ និង​ជប៉ុន​។

លោក សុង សេង នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​បុណ្យ​រួម​នឹង​រៀបចំ​ឡើង​រយៈពេល ៦ ថ្ងៃ​ មាន​កម្មវិធី​ច្រើន​ដូចជា ការប្រគំ​តន្ត្រី សិក្ខាសាលា វេទិកា​ពិភាក្សា និង​ការផ្លាស់ប្តូរ​បទពិសោធ​នានា​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ចូលរួម​។ បុណ្យ​រួម​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដោយ​មាន​ការគាំទ្រ​ពី​ខាង​មូលនិធិ​ជប៉ុន​ប្រចាំ​នៅ​អាស៊ី​ពី​ក្រុមហ៊ុន​ផាទីក និង​សណ្ឋាគារ​ទ្រីឡាញ និង​ដៃគូ​សហការ​ជាច្រើន​ទៀត​មាន​ដូចជា បេមប៊ូស្តេក សហគ្រាស​សង្គមហ្វារ សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​នៅ​ខេត្ត​សៀមរាប សាកលវិទ្យាល័យ​សៅស៍អ៊ីសថ៍អេយសៀ សមាគម​សម្ព័ន្ធភាព​បារាំង និង​ហាង​កាហ្វេ​ហាតរ៉ក់​អង្គរ​។ លើសពី​នេះ​បុណ្យ​រួម​ក៏​ជា​ការជួបជុំ​រវាង​សិល្បករ​កម្ពុជា និង​សិល្បករ​ជាច្រើន​នាក់​ទៀត​មកពី​ជុំវិញ​តំបន់​មេគង្គ និង​ប្រទេស​ជប៉ុន​ទៀត​ផង​»​។

ក្រុម​តន្ត្រីករ​បុរាណ​ខ្មែរ​នាពេល​ចូលរួម​កម្មវិធី​មហោស្រព​តន្ត្រីបុរាណ​ថ្មី «​បុណ្យ​រួម​» នៅ​ឆ្នាំ​កន្លង​មក​។ រូបថត អង្គការ CLA

លោក សុង សេង បន្ត​ថា​៖ «​កម្មវិធី​បុណ្យ​រួម​នេះ​មិន​គ្រាន់តែ​ក្លាយ​ទៅ​ជា​វេទិកា​សម្រាប់​ផ្សព្វផ្សាយ​អំពី​សិល្បៈ​តន្ត្រី​នៃ​តំបន់​ទន្លេ​មេគង្គ និង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ តែ​វា​ជា​វេទិកា​មួយ​ដ៏សំខាន់​នៅក្នុង​ការធ្វើឲ្យ​សិល្បករ​ក៏​ដូចជា​ប្រជាជន​ដែល​មាន​វប្បធម៌​ប្រហាក់ប្រហែល ឬ​ផ្សេង​គ្នា​ដោយ​បាន​បង្កើត​ចំណង​មិត្តភាព ឬ​បង្កើត​នូវ​ភាតរភាព​ដោយ​ពុំ​គិត​អំពី​បញ្ហា​ជាតិ​សាសន៍ ឬ​ប្រកាន់​ពណ៌​សម្បុរ​នោះ​ឡើយ​។ ពួកគេ​នឹង​ចែករំលែក​បទពិសោធ​ជុំវិញ​ការច្នៃប្រឌិត​នៃ​តន្ត្រី​ប្រពៃណី​របស់​ពួកគេ​នៅ​កម្មវិធី​បុណ្យ​រួម ខណៈ​បុណ្យ​នេះ​មាន​គោលបំណង​លើក​ទឹកចិត្ត​សិល្បករ​នៅក្នុង​ការយក​តន្ត្រី​ជា​គោល​ក្នុង​ការចែករំលែក​វប្បធម៌ បង្កើត​ជា​ទំនាក់ទំនង​រវាង​គ្នា និង​គ្នា និង​បង្កើត​តន្ត្រី​បែប​ច្នៃប្រឌិត​រួមគ្នា​។ ក្រៅ​ពី​នេះ​ក៏​ជា​ឱកាស​សម្រាប់​សិល្បករ​ទាំងអស់​ដែល​ចូលរួម​អាច​ផ្លាស់ប្តូរ​នូវ​បទពិសោធ​គ្នា​ទៅវិញ​ទៅមក​បាន​តាមរយៈ​តន្ត្រី ព្រម​ទាំង​បង្កើត​ឱកាស​ទៅ​ឲ្យ​ពួកគាត់​អាច​សម្តែង​រួមគ្នា​បាន​ទៀត​ផង​»​។

កម្មវិធី «​បុណ្យ​រួម​» នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ៣ ដល់ ទី ៨ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ នៅ​ក្រុង​សៀមរាប ខណៈ​ពេល​ ៣ ​ថ្ងៃ ​ដំបូង​ជា​កម្មវិធី​ផ្លាស់ប្តូរ​​នូវ​បទពិសោធ​គ្នា​ទៅវិញ​ទៅមក​​រវាង​តន្ត្រីករ ហើយ​ពី​ថ្ងៃទី​ ៥ ដល់​ទី​ ៨ ជា​កម្មវិធី​សម្រាប់​សាធារណជន​ចូលរួម​ជាមួយ​សិល្បករ​នៅក្នុង​វេទិកា​សិក្ខាសាលា​ពិភាក្សាគ្នា និង​ការប្រគំ​តន្ត្រី​ផ្សេងៗ​៕