ក្រុងប៊ែរឡាំង៖ ក្រុមអ្នករៀបចំមហោស្រពភាពយន្ដក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទបានឱ្យដឹងថា ស្ថានភាពវិបត្ដិកូវីដសកលក្នុងទីក្រុងអាល្លឺម៉ង់មានភាពធូរស្បើយល្មមសម្រាប់ឱ្យពួកគេរៀបចំព្រឹត្ដិការណ៍ក្រៅអគារតាមផែនការក្នុងខែមិថុនាខាងមុខ។
ការផ្ទុះវីរុសកូរ៉ូណាបានបង្ខំឱ្យព្រឹត្ដិការណ៍ភាពយន្ដកំពូលមួយនៅអឺរ៉ុប Berlinale ផ្អាកដំណើរការកាលពីខែកុម្ភៈ និងត្រូវបានបែងចែកជា ២ ផ្នែក។
មហោស្រពនេះត្រូវបានរៀបចំតាមអនឡាញសម្រាប់ក្រុមអ្នកវិភាគ និងអតិថិជនមកពីក្រុមហ៊ុនឧស្សាហកម្មកម្សាន្ដក្នុងខែមីនា ហើយបច្ចុប្បន្នមានការរៀបចំមហោស្រពក្រៅអគារសម្រាប់សាធារណជនពីថ្ងៃទី ៩ ដល់ទី ២០ ខែមិថុនា។
សេចក្ដីថ្លែងការណ៍បានបង្ហាញថា៖ «Berlinale អាចឱ្យមហាជនចូលរួមរីករាយកម្មវិធីភាពយន្ដនៅក្រៅអគារនៅតាមទីតាំងចំនួន ១៦ ក្នុងព្រឹត្ដិការណ៍ Summer Special»។
របាយការណ៍បានបន្ដថាការធ្លាក់ចុះនៃអត្រាឆ្លងក្នុងទីក្រុងប៊ែរឡាំងក៏ដូចជាភ្លើងខៀវពីការិយាល័យរដ្ឋាភិបាលនាំឱ្យមានការសម្រេចចិត្ដរៀបចំព្រឹត្ដិការណ៍ធំនេះ។
ក្រុមអ្នករៀបចំបានឱ្យដឹងថា៖ «មហាជននឹងទទួលបាននូវបទពិសោធពិសេស និងសម្រិតសម្រាំងបំផុត ដែលជួនកាលយើងប្រាកដជានឹកនាកម្មវិធីនេះ»។
ព្រឹត្ដិការណ៍ពិសេសក្នុងខែមិថុនាខាងមុខត្រូវបានរៀបចំឡើង ដើម្បីផ្ដល់នូវអារម្មណ៍ធ្លាប់ចូលរោងកុន និងចូលរួមចំណែកក្នុងការស្ដាសកម្មភាពវប្បធម៌នានាឡើងវិញ។
កម្មវិធីនឹងត្រូវបានរៀបចំឱ្យការដាក់បញ្ចាំងភាពយន្ដជាច្រើននៅតាមអនឡាញក្នុងខែមីនារួមទាំងម្ចាស់ជយលាភីពានរង្វាន់ខ្លាឃ្មុំមាស និងប្រាក់ ដែលនឹងផ្ដល់នៅក្នុងកម្មវិធីធំនាថ្ងៃទី ១៣ ខែមិថុនា។
ការដាក់បញ្ចាំងភាពយន្ដក្រៅអគារកំពុងដំណើរការនៅទូទាំងទីក្រុងក៏ដូចជាបរិវេណបង្កើតថ្មីនៅដែនកោះសារមន្ទីរប្រវត្ដិសាស្ដ្រក្រុងប៊ែរឡាំងនឹងត្រូវបានប្រើជាទីតាំងបញ្ចាំងភាពយន្ដដោយគោរពទៅតាមវិធានការអនាម័យសុខាភិបាល។
ការលក់សំបុត្រនឹងចាប់ផ្ដើមនៅថ្ងៃទី ២៧ ខែឧសភា។
ព្រឹត្ដិការណ៍បច្ចុប្បន្ន Berlinale ប្រារឰឡើងឆ្នាំលើកទី ៧១ បានផ្ដល់ពានរង្វាន់ខ្លាឃ្មុំមាសកំពូលក្នុងខែមីនាដល់បទនិពន្ធរិះគន់សង្គម «Bad Luck Banging ឬ Loony Porn» របស់ផលិតកររ៉ូម៉ានី លោក ដាឌូជុដ៕ AFP/HR