ភ្នំពេញៈ កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បង្កើត​ឡើង​ក្នុង​គោលបំណង​អបអរ​ភាពយន្ត​ខ្លីៗ​ទាំង​អស់ពី​ជុំវិញ​ពិភពលោក និង​ដើម្បី​ស្វាគមន៍​រដូវកាល​ថ្មី គឺ​បើក​ឱកាស​ទទួល​រឿង​ប្រកួត​ពី​សមិទ្ធករ​រឿង​ខ្លី ខណៈ​មហោស្រព​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវសមិទ្ធករ​ឲ្យ​បង្ហាញ​ទេពកោសល្យ​ខ្លួន​ទៅ​ពិភពលោក​។ កម្មវិធី​មហោស្រព​លើក​ទី​ ៨ ​នេះ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ភាពយន្ត​ឈូករ័ត្ន​ (Sunflower Film Alliance-SFA)​។

ខណៈ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៩ ចាប់ផ្តើម​ទទួល​ស្នាដៃ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ទាំង​ស្នាដៃ​របស់​ផលិតករ​ខ្មែរ និង​បរទេស តាំងពី​ដើម​ខែ​មីនា​មក​នោះ​ហាក់​ដូចជា​នៅ​ពុំទាន់​មាន​ភាពផុសផុល​ខ្លាំង​ពី​សំណាក់​ផលិតករ​បញ្ជូន​ស្នាដៃ​ចូលរួម​នៅ​ឡើយ​ទេ តែ​ក៏​ជា​រឿង​ដែល​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​ផលិតករ​ផ្នែក​ភាពយន្ត​ឯកសារ​ដែរ​ព្រោះ​ថា​​កម្មវិធី​ឆ្នាំ​នេះ​ក៏​ទទួល​យក​ស្នាដៃ​ភាពយន្ត​ឯកសារ​មក​ប្រកួត​ផង​ដែរ​។

លោក គាំ វុត្ថា ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង ខណៈ​ពេល​ធ្វើ​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្លី​ដែល​បាន​ជាប់​រង្វាន់​កាលពី​ឆ្នាំ​ ២០១៨ នៅ​មហោស្រព​ភាពយន្ត​បេតិកភណ្ឌ​នៅ​ក្នុង​ក្រុង​សៀមរាប​កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​ ២០១៩ ថា​៖ «​ដោយសារ​ចង់​ពញ្ញាក់​អារម្មណ៍​មហាជន​ខ្មែរ និង​ផលិតករ​ដែល​មាន​បំណង​ផ្ញើ​ស្នាដៃ​វីដេអូ​ខ្លួន​មក​ចូលរួម​មាន​ចំនួន​ច្រើន​កើនឡើង​។

ទិដ្ឋភាព​នៃ​ការរៀបចំ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៨​។ រូបថត សហការី

ម្យ៉ាង​ទៀត​ចង់​បញ្ជ្រាប​ព័ត៌មាន​ឲ្យ​កាន់តែ​ច្បាស់​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​មាន​លក្ខណៈ​យ៉ាងណា​ខ្លះ​យើង​បាន​រៀបចំ​កម្មវិធី​បញ្ចាំង​ខ្សែភាពយន្ត​ខ្លី​ចំនួន ៦ ​រឿង​ដែល​ទទួល​បាន​រង្វាន់ និង​ជា​ស្នាដៃ​ល្អ​កាលពី​ឆ្នាំ​មុន​មក​បញ្ចាំង​ឲ្យ​មហាជន​ទស្សនា និង​ស្វែងយល់​ពី​កម្មវិធី​បន្ថែម​ដែរ​»​។

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៩ នេះ​បាន​ចាប់ផ្តើម​ដំណើរការ​បើក​យុទ្ធនាការ​ទទួល​ភាពយន្ត​ខ្នាត​ខ្លី​ជា​វណ្ណកម្ម​របស់​ផលិតករ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​សម្រាប់​ចូលរួម​ជា​បណ្តើរៗ​ហើយ​គឺ​ចាប់​តាំងពី​ដើម​ខែ​មីនា និង​ឈប់​ទទួល​នៅ​ត្រឹម​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០១៩ ខាង​មុខ​ហើយ CSFF នឹង​ជ្រើសរើស​រឿង​ខ្លី​ដែល​លេចធ្លោ​នៅក្នុង​ពាក់កណ្តាល​ខែ​កក្កដា​នេះ​ដែរ ខណៈ​ជយលាភី​នឹង​ត្រូវ​បែងចែក​ជា ៤ ប្រភេទ​គឺ​ទី​ ១ ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា​ទី​ ២ ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា​ទី​ ៣ រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុង​ស្រុក និង​ទី​ ៤ រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ​។

លោក គាំ វុត្ថា បញ្ជាក់​ប្រាប់​ពី​ចំនួន​ត្រួសៗ​នៃ​ការទទួល​ស្នាដៃ​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​នានា​ទាំង​ខ្មែរ និង​បរទេស និង​បង្ហើប​ឲ្យ​ដឹង​ពី​ដំណឹង​ល្អ​ថ្មី​មួយ​សម្រាប់​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែរ​ថា​៖ «​គិត​ត្រឹម​ខែ​នេះ យើង​ទើប​ទទួល​បាន​រឿង​ដែល​គេ​បញ្ជូន​មក​ទាំង​ខ្មែរ និង​បរទេស​មាន​ចំនួន​តែ​ប្រមាណ ៥៦-៥៧ រឿង​តែ​ប៉ុណ្ណោះ ខណៈ​ភាពយន្ត​ខ្លី​របស់​ខ្មែរ​មាន ៤ រឿង​។ តែ​បើ​តាម​ទម្លាប់​នោះ​គឺ​នៅក្នុង​ខែ​មិថុនា​នេះ យើង​នឹង​ទទួល​បាន​ស្នាដៃ​ដែល​បញ្ជូន​មក​ច្រើន ហើយ​ឆ្នាំ​នេះ​យើង​ក៏​បាន​ទទួល​យក​ស្នាដៃ​ភាពយន្ត​ឯកសារ​នៅក្នុង​កម្មវិធី​ផងដែរ​»​។

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​ត្រូវ​លោក ​គាំ វុត្ថា បន្ថែម​ឲ្យ​ដឹង​ថា​នឹង​មាន​ការប្រគល់​នូវ​រង្វាន់​ជយលាភី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ចំណាត់ថ្នាក់​ពី​លេខ ១ លេខ ២ និង​លេខ ៣ វិញ​ហើយ​សម្រាប់​វណ្ណកម្ម​ភាពយន្ត​ខ្មែរ ខណៈ​វណ្ណកម្ម​បរទេស​គឺ​មាន ១ រង្វាន់​តែប៉ុណ្ណោះ​។ ចំពោះ​កម្មវិធី​ផ្លូវការ​ចុងក្រោយ​នៃ​មហោស្រព​ភាពយន្ត​ខ្លី​​ចតុមុខ​ឆ្នាំ​ ២០១៩ នេះ​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ៥ រហូត​ទៅ​ដល់​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​មុខ​៕