ភ្នំពេញ៖ រាល់​សា្នដៃ​ភាពយន្ត​ខ្លី​របស់​សមិទ្ធករ​វ័យ​ក្មេង​នៅ​តែ​​បន្ត​ទទួល​យក​​មក​ចូល​រួម​​ប្រកួត​​ក្នុង​កម្មវិធី​​មហោស្រព​ភាពយន្ត​ខ្លី​ចតុ​​​មុខ​លើក​​​​ទី ៩ ដដែល បើ​​ទោះ​ជា​នៅ​ពេល​នេះ​​​មាន​ការ​រំខាន​ និង​កំពុង​តែ​បង្ក​​ពី​​ជំងឺ​កូវីដ ១៩ យ៉ាងណា​ក្តី​ ខណៈ​​មហោស្រព​​​​នៅ​តែ​រាប់​បញ្ចូល​នូវ​​​ភាពយន្ត​​ខ្លី​​កម្ពុជា ដើម្បី​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​អ្នក​ផលិត​ក្មេងៗ ឲ្យ​មាន​ឱកាស​​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន ដែល​នឹង​​បន្ត​រហូត​​​ទៅ​ដល់​​​ចុង​​​ខែ​​​​​ឧសភា ឆ្នាំ ​២០២០​ ខាង​មុខ​នេះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អ្នក​រៀបចំ​កម្មវិធី​​មហោស្រព​ភាពយន្ត​ខ្លី​​​ចតុមុខ​នៅ​តាម​គេហទំព័រ​ផ្លូវ​ការ​​ខ្លួន​នោះ​​បាន​​ឲ្យ​ដឹង​ថា​​៖ ​​«​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​(CSFF)​ ​នៅ​តែ​ទទួល​​ប្រកួត​ស្នាដៃ​រឿង​ខ្លី​ រហូត​ដល់​​ចុង​ខែ​​ឧសភា ឆ្នាំ ​២០២០ ​ទោះបី​​ជា​ជំងឺ​​កូវីដ ១៩ ​កំពុង​រីក​រាល​ដាល​ក្តី ហើយ​​គណៈកម្មការ​មហោស្រព​យើង នៅ​​បន្ត​ទទួល​យក​​រឿង​មក​ប្រកួត​សម្រាប់​​ឆ្នាំ ​២០២០​ ជា​ធម្មតា​​​​តាម​ការ​គ្រោង​ទុក​​​ដដែល​។​ ក៏​ប៉ុន្តែ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ មិន​អាច​រៀបចំ​កម្មវិធី​​ស្វែង​យល់​កុន​ខ្លី​ចតុមុខ​​បាន​ទេ​​នៅ​ក្នុង​​ស្ថានភាព​នេះ​»។​

ប្រភព​ដដែល​​​បន្ត​ថា​៖ «មហោ​ស្រព​​ភាពយន្ត​​ខ្លី​ចតុមុខ​ (CSFF)​ ត្រូវ​បាន​​​ចាប់​បដិសន្ធិ​ឡើង ​ដើម្បី​អបអរ​ទៅ​ដល់​​ភាពយន្ត​​​ខ្លី​​​មក​ពី​ជុំវិញ​​​ពិភព​​លោក​ ​និង​ស្វាគមន៍​រដូវកាល​ថ្មី​ការ​បើក​ប្រកាស​​​ទទួល​យក​រឿង​ប្រកួត​ដល់​សមិទ្ធករ​រឿង​ខ្លី​ ចាប់​​តាំង​ពី​ដើម​​​ខែ មីនា​ ​ឆ្នាំ ​២០២០ ​មក​ និង​បន្ត​ដល់​ថ្ងៃ​ទី​ ​៣១ ​ខែ ​ឧសភា​ ឆ្នាំ ​២០២០ ខាង​​មុខ​​​ ហើយ​មហោស្រព​ឆ្នាំ​នេះ​​រៀប​ចំ​​​​ដោយ​អង្គការ​ភាពយន្ត​​ឈូក​រ័ត្ន​​ ឬ ​Sunflower Film Organization [SFO]​)​​។ ​មហោស្រព​​ភាពយន្ត​​​​ខ្លី​ចតុមុខ​ ​នឹង​ជ្រើសរើស​ភាពយន្ត​ខ្លី ​ដែល​លេច​ធ្លោ​នៅ​​ពាក់​កណ្តាល​​ខែ​កក្កដា ឆ្នាំ ​២០២០ ​ខាង​មុខ​។

ការ​បិទ​កម្ម​វិធី​មហោស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ​លើក​ទី​ ៨ កាល​ពី​ឆ្នាំ​ ២០១៩​​​ កន្លង​មក​។ រូបថត សហ​ការី

ចំពោះ​​ជយលាភី​នឹង​ត្រូវ​បែង​ចែក​យ៉ាង​​ហោច​ជា​ ៤ ​ប្រភេទ​នៃ​រង្វាន់​ដែរ​​ ​គឺ​​ប្រភេទ​ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា​​ ប្រភេទ​​​​ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា​ រង្វាន់​​ទស្សនិកជន​ដល់​ភាពយន្ត​​​​ខ្លី​​ក្នុង​ស្រុក និង​រង្វាន់​ទស្សនិកជន​​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ»។​

ចំពោះ​​កម្មវិធី​មហោស្រព​ធំ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ ​២០២០ ​ខាង​មុខ បន្ទាប់​ពី​កម្មវិធី​មាន​ប្រយោជន៍​ជា​បន្ត​បន្ទាប់​រួម​មាន​ដូចជា «ការ​យល់​​ដឹង​ពី​កុន​ចតុមុខ ​Chaktomuk Film Insight​»​ កម្មវិធី​ «ជំរំ​ភាពយន្ត​​ឈូក​​រ័ត្ន Sunflower​Film​ Camp​» ដែល​ជា​​យុទ្ធនាការ​ផ្សព្វផ្សាយ​​​​​នៅ​តាម​សាលារៀន​ និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​​។

លោក ស៊ុំ ស៊ីថែន ដែល​ជា​ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុ​មុខ​លើក​​ទី ​៩ ឆ្នាំ ២០២០ នេះ​ បាន​ថ្លែង​​ដែរ​ថា​៖​ ​«​ឆ្នាំ ​២០២០ ​គឺ​ជា​ឆ្នាំ​ ដែល​យើង​ចង់​បន្ត​​​លើក​ទឹក​ចិត្ត​យុវជន​កម្ពុជា​ឲ្យ​បាន​ចូលរួម​ចែក​រំលែក​នូវ​​រឿង​រ៉ាវ​ជីវិត​​តាមរយៈ​​​ស្នាដៃ​ភាពយន្ត​ខ្លីៗ​ របស់​ពួក​គេ​តែ​ម្តង​»​ ខណៈ​ប្រធាន​មហោស្រព​ឆ្នាំ​ទី ​៩ រូប​​នេះ​ក៏​​បាន​​បន្ត​ទៀត​ដែរ​ថា៖ ​«​ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​យើង​​​បង្កើត​​ពាក្យ​ស្លោក​មួយ​ថា​ «ប្រាប់​រឿង​របស់​អ្នក​ឲ្យ​យើង​ដឹង​ផង-Bring Along Your Story»​ សម្រាប់​កម្មវិធី​​មហោស្រព​​​ឆ្នាំ ២០២០ ​នេះ»។

អ្វី​​គួរឲ្យ​កត់​សម្គាល់​ និង​មាន​សារៈសំខាន់​ដល់​​យុវ​សមិទ្ធករ​ ​ជា​ពិសេស​​នោះ​គឺ​សម្រាប់​ជយលាភី​​ក្នុង​កម្មវិធី​មហោស្រព​ ដោយ​ស្នាដៃ​ពួកគេ​នឹង​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​​កម្មវិធី​មហោស្រព​ជា​ដៃគូ​​ក្រៅ​ស្រុក​​ដែរ​ ដូច​ជា​កម្មវិធី​ Busan Arthouse International Film Festival និង Asia for Peace Film Festival ​ជា​ដើម។​ សម្រាប់​សមិទ្ធ​ករ​វ័យ​ក្មេងៗ​​ដែល​​​​ចង់​ចូលរួម​​ក៏​ដូចជា​ផ្សារ​ភ្ជាប់​​រឿង​​របស់​អ្នក​​ជាមួយ​ទស្សនិក​ជន​ឲ្យ​បាន​​​ច្រើន​អាច​ផ្ញើ​រឿង​ខ្លីរ​​បស់​អ្នក​មក​យើង​​​តាម​ https://filmfreeway.com/CSFF ឬ​តាម http://csff.co/submission/៕​