ភ្នំពេញៈ ខណៈ​ដែល​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​នា​ឆ្នាំ ២០១៩ បាន​ចាប់ផ្តើម​ទទួល​នូវ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ទាំង​ស្នាដៃ​របស់​ផលិតករ​ខ្មែរ និង​បរទេស​ជា​បណ្តើរៗ​តាំងពី​ដើម​ខែ​មីនា​មក​នោះ​ហាក់​ដូចជា​នៅ​ពុំទាន់​មាន​ភាព​ផុសផុល​ខ្លាំង​ពី​សំណាក់​ផលិតករ​បញ្ជូន​ស្នាដៃ​ខ្លួន​ចូលរួម​នៅ​ឡើយ​ទេ​។

នេះ​បើ​តាម​ការបង្ហើប​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ ខណៈ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​ផលិតករ​ផ្នែក​ភាពយន្ត​ឯកសារ​ព្រោះ​កម្មវិធី​ក៏​ទទួល​យក​ស្នាដៃ​ភាពយន្ត​ឯកសារ​ផង​ដែរ​។

លោក គាំ វុត្ថា ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង ខណៈ​ពេល​ធ្វើ​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្លី​ដែល​បាន​ជាប់​រង្វាន់​កាលពី​ឆ្នាំ​ ២០១៨ នៅ​មហោស្រព​ភាពយន្ត​បេតិកភណ្ឌ​នៅ​ក្នុង​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​ ២ ខែ​ឧសភា ឆ្នាំ​ ២០១៩ ថា​៖ «​ដោយសារ​ចង់​ពញ្ញាក់​អារម្មណ៍​មហាជន​ខ្មែរ និង​ផលិតករ​ដែល​មាន​បំណង​ផ្ញើ​ស្នាដៃ​វីដេអូ ខ្លួន​មក​ចូលរួម​មាន​ចំនួន​ច្រើន​កើនឡើង​។

ម្យ៉ាងទៀត​ក៏​ចង់​បញ្ជ្រាប​ព័ត៌មាន​ឲ្យ​កាន់តែ​ច្បាស់​ថា កម្មវិធី​មហាស្រព​ភាពយន្ត​ខ្លី​ចតុមុខ យើង​មាន​លក្ខណៈ​យ៉ាងណា​ខ្លះ​នោះ​ក៏​បាន​រៀបចំ​កម្មវិធី​បញ្ចាំង ខ្សែភាពយន្ត​ខ្លី​ចំនួន ៦ ​រឿង​ដែល​ទទួល​បាន​រង្វាន់ និង​មាន​ស្នាដៃ​ល្អ​កាលពី​ឆ្នាំ​មុន (២០១៨) មក​ចាក់​បញ្ចាំង​ឲ្យ​មហាជន​បាន​ទស្សនា និង​ស្វែងយល់​ពី​កម្មវិធី​បន្ថែម​ផង​ដែរ​»​។

ឈុត​មួយ​នៃ​កុន​រឿង​ «​ដងរែក​» ដែល​ទទួល​ចំណាត់ថ្នាក់​ឆ្នាំ​ ២០១៨​។ រូបថត CSFF

ខណៈ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​បាន​ចាប់ផ្តើម​ដំណើរ​ការបើក​នូវ​យុទ្ធនាការ​ទទួល​ភាពយន្ត​ខ្នាត​ខ្លី​ជា​វណ្ណកម្ម​របស់​ផលិតករ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​សម្រាប់​ចូលរួម​ជា​បណ្តើរៗ​ហើយ​គឺ​ចាប់​តាំង​ពី​ដើម​ខែ​មីនា និង​ឈប់​ទទួល​នៅ​ត្រឹម​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០១៩ ​ខាងមុខ​។

លោក គាំ វុត្ថា បញ្ជាក់​ប្រាប់​ពី​ចំនួន​ត្រួសៗ​នៃ​ការទទួល​ស្នាដៃ​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​នានា​ទាំង​ខ្មែរ និង​បរទេស និង​បង្ហើប​ឲ្យ​ដឹង​ពី​ដំណឹង​ល្អ​ថ្មី​មួយ​សម្រាប់​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែរ​ថា​៖ «​បើ​គិត​នៅ​ត្រឹម​ខែ​នេះ [​ឧសភា​] យើង​ទើប​ទទួល​បាន​រឿង​ដែល​គេ​បញ្ជូន​មក​ទាំង​ខ្មែរ និង​បរទេស​មាន​ចំនួន​ប្រមាណ​ជា​ ៥៦-៥៧ រឿង តែ​ប៉ុណ្ណោះ ខណៈ​ភាពយន្ត​ខ្លី​របស់​ខ្មែរ​មាន ៤ ​រឿង​។ តែបើ​តាម​ទម្លាប់​នោះ​គឺ​នៅ​ខែក្រោយ [​មិថុនា​] យើង​នឹង​ទទួល​បាន​ស្នាដៃ​ដែល​បញ្ចូន​មក​ច្រើន ហើយ​ឆ្នាំ​នេះ​យើង​ក៏​បាន​ទទួល​យក​ស្នាដៃ​ភាពយន្ត​ឯកសារ​ក្នុង​កម្មវិធី​ផង​ដែរ​»​។

សូម​រំឭក​ដែរ​ថា ភាពយន្ត​ខ្លី​ឆ្នើម​កាលពី​ឆ្នាំ​ ២០១៨ មាន​ចំណងជើង​ថា «​ខ្យល់​ខែ​កុម្ភៈ​» ដែល​ដឹកនាំ​រឿង​ដោយ​លោក មុន្នី កណ្ណដារង្គ ដោយ​រឿង​នេះ​និយាយ​ពី​បុរស​រត់​តុ​កាហ្វេ​ម្នាក់​ដែល​ខំប្រឹង​ថែរក្សា​សម្ព័ន្ធភាព​ពី​ចម្ងាយ​របស់​គាត់​ជាមួយ​នឹង​មិត្ត​នារី​គាត់​ដែល​រៀន​នៅឯ​បរទេស​។

ដោយឡែក​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ប្រចាំ​ឆ្នាំ ២០១៩ នេះ​ត្រូវ​លោក គាំ វុត្ថា បន្ថែម​ឲ្យ​ដឹងថា​នឹង​មាន​ការប្រគល់​នូវ​រង្វាន់​ជយលាភី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ចំណាត់ថ្នាក់​ពី​លេខ ១ លេខ ២ និង​លេខ ៣ វិញ​ហើយ​សម្រាប់​វណ្ណកម្ម​ភាពយន្ត​ខ្មែរ ខណៈ​វណ្ណកម្ម​បរទេស​មាន​តែ ១ រង្វាន់​ប៉ុណ្ណោះ​។ ចំពោះ​កម្មវិធី​ផ្លូវការ​ចុងក្រោយ​នៃ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៩ នេះ​នឹង​ធ្វើ​នៅ​ថ្ងៃទី ៥ រហូត​ដល់ទី​ ៨ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​មុខ​៕