The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ រៀបចំ​សា​ឡើងវិញ នៅ​ចុង​សប្តាហ៍​នេះ




មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ រៀបចំ​សា​ឡើងវិញ នៅ​ចុង​សប្តាហ៍​នេះ

Content image - Phnom Penh Post
ឈុត​ក្នុង​រឿង «Project Dream how to Build Mazinger Z 's Hanger»​។ រូបថត សហការី

មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ ២០២០ រៀបចំ​សា​ឡើងវិញ នៅ​ចុង​សប្តាហ៍​នេះ

ភ្នំពេញៈ មហោស្រព​ភាពយន្ត​ជប៉ុន​នឹង​ប្រារព្ធ​ធ្វើឡើង​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​ ២៣ និង​ ២៤ ខែមករា ឆ្នាំ​ ២០២១ នៅ​រោងកុន​ធំៗ​ចំនួន​ ២ ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មវិធី​បាន​ខកខាន​ធ្វើ​កាលពី​ចុងឆ្នាំ​ ២០២០ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​១៩​។

ភាពយន្ត​ជប៉ុន​ចំនួន ១៣ រឿង​ដែល​ត្រូវ​សម្រិតសម្រាំង​សម្រាប់​ចាក់​បញ្ចាំង​នោះ គឺ​​មាន​រឿង​បែប​មនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល​វាយប្រហារ និង​កំប្លែង ដែល​ឆ្លុះបញ្ចាំង​ពី​ជីវភាព​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន ហើយ​​នឹង​ចាក់​បញ្ចាំង​ចែកជូន​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​ឥតគិតថ្លៃ នាឱកាស​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ ២០២០ ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ខណៈ​កម្មវិធី​បាន​ប្រារព្ធ​ធ្វើ​តាំងពី​ឆ្នាំ​ ២០១៥ មក ដើម្បី​ជំរុញ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ជប៉ុន និង​កម្ពុជា​។

ដោយមាន​មូលនិធិ​ជប៉ុន​រួមសហការ​ជាមួយ​នឹង​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា-ជប៉ុន នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន ឆ្នាំ ២០២០ ដែល​ធ្វើ​នៅ​ថ្ងៃទី​ ២៣-២៤ ខែមករា ឆ្នាំ ២០២១ សាឡើងវិញ​នៅ​ភ្នំពេញ​នៅ​រោង​ភាពយន្ត Major Cineplex by Smart នៅ​ផ្សារ​ទំនើប​អ៊ីអន ២ សាល​លេខ​ ៣ និង​រោងភាពយន្ត Legend Cinema Eden Garden នៅ​សួនអេដែន រាជធានី​ភ្នំពេញ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ផ្នែក​ទំនាក់ទំនង​វប្បធម៌ និង​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹងថា ខ្សែ​ភាពយន្ត​ទាំង​ ១៣ ​រឿង​នោះ រួមមាន​រឿង «Talking The Pictures» រឿង «One Night » រឿង «AI Amok» រឿង «Norman the Snowman on a Night of Shooting Stars» រឿង «Gon,the Little Fox» រឿង «Stolen Identity» រឿង «Bento Harassment» រឿង «Not Quite Dead Yet» រឿង «Step» រឿង «Project Dream how to Build Mazinger Z 's Hanger» រឿង «Moon of a Sleepless Night» និង​រឿង «Cafe Funiculi Funicula» ដោយមាន​ចំណងជើង​រង​ជា​ភាសាខ្មែរ និង​ភាសា​អង់គ្លេស​ដែរ​។

ដើម្បី​ទទួលបាន​សំបុត្រ​ទស្សនា​ឥតគិតថ្លៃ សូម​ធ្វើតាម​ការណែនាំ​ដូចជា អ្នក​មក​មុន​ទទួល​បាន​សំបុត្រ​មុន សំបុត្រ​មួយ​សន្លឹក​អាច​ចូលរួមបាន ១ នាក់ សំបុត្រ​នឹង​ចែកជូន​នៅ​បញ្ជរ​មហោស្រព រាល់​ ៣០ នាទី មុន​រឿង​បញ្ចាំង​ប៉ុណ្ណោះ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ដោយ​រក្សា​គម្លាត ពាក់ម៉ាស់ និង​លាង​សម្អាត​ដៃ​នឹង​អាល់កុល​ឲ្យ​បាន​ញឹកញាប់​ផងដែរ​៕

Content image - Phnom Penh Post
ឈុតរឿង «Cafe Funiculi Funicula»​។ រូបថត សហការី

Content image - Phnom Penh Post
ឈុតរឿង «Gon,the Little Fox»​។ រូបថត សហការី

អត្ថបទគួរចាប់អារម្មណ៍