ភ្នំពេញៈ មហាស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ៩ ដែល​ជា​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏ធំ​ប្រចាំ​ឆ្នាំ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៩ ដល់​ថ្ងៃទី​ ១៤ ខែ​មីនា ឆ្នាំ​ ២០១៩ ចុង​សប្តាហ៍​នេះ​។

បើ​តាម​លោក ស៊ុន ខេមរា បុគ្គលិក​ទំនាក់ទំនង​ព័ត៌មាន​នៃ​ក្រុម​រៀបចំ​​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ-កម្ពុជា​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ៩ នឹង​ធ្វើការ​បង្ហាញ​នូវ​ខ្សែភាពយន្ត​រហូត​ដល់​ទៅ​ជាង ១៣០ ចំណងជើង និង​មកពី ៣៧ ប្រទេស​ទូទាំង​ពិភពលោក​ក្នុង​នោះ​រួមមាន​ទាំង​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ឯកសារ និង​ភាពយន្ត​គំនូរជីវចល​។

ចាប់ពី​ថ្ងៃ​ទី​ ៩ ដល់​ថ្ងៃទី​ ១៤ ខែ​មីនា​នេះ​មហោស្រព​ភាពយន្ត​របស់​យើង​នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំនួន​ ១៥០ លើក​នៅ​តាម​រោងភាពយន្ត​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​នោះ​រួមមាន រោងភាពយន្ត​លេជេន រោងភាពយន្ត​ម៉េជ័រស៊ីណេផ្លិច រោងភាពយន្ត​ប្រែមស៊ីណេផ្លិច មជ្ឈមណ្ឌល​បុប្ផាណា សាលមហោស្រព​ចតុមុខ និង​សណ្ឋាគារ​រ៉ូសវូដ​»​។

លោក ស៊ុន ខេមរា បន្ត​ឲ្យ​ដឹង​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ​មហោស្រព​របស់​យើង​តែងតែ​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត​ដែល​ផលិត និង​និយាយ​អំពី​ប្រទេស​កម្ពុជា​។ ក្នុងនោះ​ក៏​មាន​ខ្សែភាពយន្ត​មួយ​ចំនួន​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​បង្អស់​លើ​ទឹកដី​ប្រទេស​កម្ពុជា​ផងដែរ​ដូចជា​ខ្សែភាពយន្ត​រឿង «​ហ្វ៊ូណន​» (​ភាពយន្ត​ជាប់​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​ទីក្រុង​អាន​ស៊ី ឆ្នាំ​២០១៨) រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» (​មហោស្រព​ភាពយន្ត​ទីក្រុង​វេនីស ជា​បេក្ខភាព​នឹង​ទទួល​ពានរង្វាន់​អូស្ការ ឆ្នាំ​ ២០១៩ តំណាង​ឲ្យ​កម្ពុជា​) រឿង «​តន្ត្រី​ជីវិត​» (​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូក្យូ​) រឿង​ «The Prey» (​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូសាន​នៅ​ឆ្នាំ ២០១៨)​។​ល​។

លោក Cedric Eloy នាយក​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា​។ សហការី​។ រូបថត សហការី

ដោយឡែក​កម្មវិធី​ពិសេស​ឆ្នាំ​នេះ​នឹង​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ ក៏ដូចជា​ខ្សែភាពយន្ត​ឯកសារ​ល្បីៗ​ដែល​និយាយ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។ កម្មវិធី​ដ៏ពិសេស​នេះ​ក៏​រួមបញ្ចូល​ការតាំងពិព័រណ៍​ស្នាដៃ​សិល្បៈ ព្រម​ទាំង​កិច្ចពិភាក្សា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅឯ​មជ្ឈមណ្ឌល​​បុប្ផា​ណា​តែ​ម្តង​»​។

កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​មាន​បំណង​ចង់ភ្ជាប់​នូវ​បណ្ដាញ​ទំនាក់ទំនង​គ្នា​រវាង ផលិតករ​ភាពយន្ត​កម្ពុជា​ដូចជា​សហគមន៍​ជនជាតិ​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ​ឯ​ក្រៅប្រទេស​ផងដែរ ដូចជា សហរដ្ឋ​អាមេរិក បារាំង កាណាដា អូទ្រីស អូស្ត្រាលី នូវែលសេឡង់​។​ល​។

បុគ្គលិក​ទំនាក់ទំនង​ព័ត៌មាន​នៃ​ក្រុម​រៀបចំ​កម្មវិធី​មហោស្រព​ភាពយន្ត​​អន្តរជាតិ​កម្ពុជា​លោក ស៊ុន ខេមរា ​បន្ថែម​ថា​៖ «​ផលិតករ​ភាពយន្ត​វ័យក្មេង​កម្ពុជា​ក៏​នឹង​បង្ហាញ​ស្នាដៃ​ថ្មីៗ​របស់​ពួកគេ​នៅលើ​ផ្ទាំង​បញ្ចាំង​ភាពយន្ត​របស់​យើង​ផង​ដែរ​តាមរយៈ​កម្មវិធី​ខ្សែភាពយន្ត​ខ្លី​របស់​កម្ពុជា​។

ដូចជា​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះ យើង​នឹង​បង្ហាញ​នូវ​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​ជាច្រើន​រួមមាន​ដូចជា​កុន​រឿង «​មួយ​លាន​ឆ្នាំ​» ដោយ​ផលិតករ សាន ដានិច (​ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​សិង្ហបុរី​) ព្រមទាំង​រឿង «​កូនប្រុស​ខែចេត្រ​» របស់ រ៉ូប៊ីន វេរេតដែល នឹង​ចាក់​បញ្ចាំង​ជា​លើកដំបូង​បង្អស់​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ឆ្នាំ​ ២០១៩ នេះ ផ្ទាល់​តែ​ម្ដង​»៕

នុង​មហោស្រព​ភាពយន្ត​ទីក្រុង​ប៊ូសាន​) រឿង «​ដី​ថ្មី​ផ្លូវ​ខូច​» ដោយ​ផលិតករ នាង កាវិច (​ត្រូវ​បាន​ជ្រើសរើស​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​សិង្ហបុរី​) ព្រមទាំង​រឿង «​កូនប្រុស​ខែចេត្រ​» របស់ រ៉ូប៊ីន វេរេតដែល នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​បង្អស់​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ឆ្នាំ​នេះ​ផ្ទាល់​តែម្ដង​»៕